Friday, November 21, 2025
Homeព័ត៌មានជាតិហ្វៃ សំអាង នាំបច្ច័យសម្តេចហ៊ុន សែន ចូលបុណ្យសពអ៊ុន សិទ្ធា ៣០លាន

ហ្វៃ សំអាង នាំបច្ច័យសម្តេចហ៊ុន សែន ចូលបុណ្យសពអ៊ុន សិទ្ធា ៣០លាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកហ្វៃ សំអាង ផលិតករភាពយន្ត និងជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកបច្ច័យចំនួន ៣០លានរៀល របស់សម្តេចហ៊ុន សែន ចូលបុណ្យសពតារាសម្តែង អ៊ុន សិទ្ធា ប្រគល់ជូនក្រុមគ្រួសារសព នៅផ្ទះលេខ1B ផ្លូវលេខ17 សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកហ្វៃ សំអាង បានឲ្យដឹងថា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា បានចូលបុណ្យសពអ៊ុន សិទ្ធា នូវបច្ច័យចំនួន ៣០ ០០០ ០០០រៀល តាមរយៈលោក  រួមជាមួយលោកស្រី ចន ច័ន្ទលក្ខិណា បានយកទៅប្រគល់ជូនដល់គ្រួសារសពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាពដោយជំងឺដំបៅក្រពះ នៅថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីល្ងាច ។

លោកហ្វៃ សំអាង ឲ្យដឹងបន្តថា ស្នាដៃសិល្បៈរបស់លោក អ៊ុន សិទ្ធា លោកមានកិត្តិយសបានសម្ដែងនៅក្នងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់ទូរទស្សន៍បាយ័ន ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» របស់សមាគមសិល្បករខ្មែរ ក្នុងអាណត្តិលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន ។ លោកធ្លាប់ជាប់លេខ១ ប្រុសស្អាត របស់ទូរទស្សន៍ CTN ឆ្នាំ២០០៦ ធ្លាប់ជាពិធីករ កម្មវិធី «អប្សរា Award» របស់ទូរទស្សន៍អប្សរា រួមនិងស្នាដៃភាពយន្ត សិល្បៈ ជាច្រើនទៀត។ ស្នាដៃភាពយន្តចុងក្រោយរបស់លោកអ៊ុន សិទ្ធា រឿង «អប្សរាមហាអង្គរ» របស់ផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាស មិនទាន់ចាក់បញ្ចាំងនៅឡើយ។

គ្រួសារលោក អ៊ុន សិទ្ធា បានសំពះគោរពថ្លែងអំណរគុណយ៉ាងអនេក ដល់សម្តេចសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ប្រទានពរជ័យដល់សម្តេច និងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា តារាសម្ដែង លោកអ៊ុន សិទ្ធា បានស្លាប់ដោយជំងឺក្រពះ ពោះវៀន ក្នុងអាយុ ៤២ឆ្នាំ កាលពីវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សពលោកអ៊ុន សិទ្ធា  ត្រូវបានតម្កល់ធ្វើបុណ្យ នៅផ្ទះបងប្រុសរបស់លោក ផ្ទះលេខ1B ផ្លូវលេខ17 សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវវដង្ហែទៅបូជានៅពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង នៅវេលាម៉ោង៩-១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕ ខៀវទុំ

RELATED ARTICLES