Tuesday, November 18, 2025
Homeចរាចរណ៍រថយន្តទំនើប បុកបង្គោលប៉ាណូ ដាច់កង់ ក្រឡាប់ផ្ងារជើង

រថយន្តទំនើប បុកបង្គោលប៉ាណូ ដាច់កង់ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា LAND CRUISER មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតឡើងខឿន បន្តទៅបុកបង្គោលប៉ាណូ បណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំ ផ្ងារជើងច្រងាងខូច ខាតធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចទល់មុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅលើផ្លូវសហ ព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លាទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក LAND CRUISER មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-6989 បើកបរដោយបុរសបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានគេចម៉ូតូ ១គ្រឿង រេចង្កូតឡើងលើខឿនផ្លូវ រួចបន្តទៅបុកបង្គោលប៉ាណូ បណ្តាលឲ្យខូចខាតតិចតួច ចំ ណែករថយន្តបានដាចកង់មួយសំណុំខាងក្រោយ ក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងធ្ងន់ តែសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះ តៃកុងរថយន្ត មិនបានរត់ទៅណាទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ពិនិត្យជុំវិញទីតាំងកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញ ឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES