ភ្នំពេញ ៖ ផ្ទះឈើប្រក់ស័ង្កសី ចំនួន ១២ខ្នង ជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំង ស្រុង ផ្អើលពលរដ្ឋនិងសមត្ថកិច្ច ចុះអន្តរាគមន៍។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នាស្ទុះរត់ចេញមកមើល បានប្រទះឃើញផ្សែងខ្មៅលាយអណ្តាតភ្លើង ឆេះផ្ទះ យ៉ាងសន្ធោសន្ធៅទៅហើយ ។ ខណៈនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគម៍ភ្លាមៗ ។

អគ្គិភ័យ នេះ បានឆាបឆេះផ្ទះប្រក់ស័ង្កសី ចំនួន ១២ខ្នង អស់ទាំងស្រុង ហើយសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងរថយន្តជំនួយពីទីក្រុងនរា បាញ់ទឹកពន្លត់ រហូតរលត់ទាំងស្រុង ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូង សង្ស័យឆ្លងចរន្តអគ្គិសនី ៕