ភ្នំពេញ ៖ ផ្ទះល្វែងលក់អីវ៉ាន់ចាប់ហួយមួយកន្លែង ដែលគេស្គាល់ថា ម្ចាស់ផ្ទះ ត្រូវជាម្តាយរបស់អភិបាល រងខណ្ឌ ១រូប ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួន និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង០៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែងលក់អីវ៉ាន់ចាប់ហួយ ១កន្លែង ម្តុំបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីចំហៀងផ្នែកខាងក្រោយផ្ទះលក់អីវ៉ាន់ចាប់ហួយខាងលើ ហើយផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយបាញ់ពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញ។

តាមប្រភពម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់នៅផ្ទះតែឯង ហើយភ្លើងបានឆេះនៅសំយាបផ្ទះ ផ្នែកខាងក្រោយ។ ទាក់ទិននឹងអគ្គិភ័យនេះ ម្ចាស់ផ្ទះ មានការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹក អស់២ឡាន ស្មើនឹង៨ម៉ែត្រ គូប និងមានរថយន្តជំនួយពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ស្មើនឹង៦ម៉ែត្រគូប។

ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន១គ្រឿង ម៉ាស៊ីនចម្រោះទឹក ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ អគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

