Friday, November 14, 2025
Homeសង្គម និងជីវិតកូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

កូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

ខេត្តស្វាយរៀងៈ ទារកភ្លោះ ៣នាក់ ត្រូវជាចៅៗរបស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្មួយៗរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត បានទទួលអំណោយសប្បសធម៌របស់សម្តេច ថវិកា១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។

លោកសេង ទៀង នាយករងខុទ្ទកាល័យសម្តេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អញ្ជើ​ញនាំយកអំណោយសប្បរសធម៌របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះ ៣នាក់ ស្ថិតនៅភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទារកភ្លោះទាំង៣ ដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេច នៅពេលនេះ ជាកូនទី២ ដែលមានឪពុកឈ្មោះសែម ម៉ាឆុង អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ម្តាយឈ្មោះប៊ុន វណ្ណី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទារកភ្លោះទាំង៣នាក់នេះ (ប្រុស១ ស្រី២) កើតថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលគាំពារមាតានិងទារក រាជធានីភ្នំពេញ តាមរយៈការវះកាត់ ៧ខែ។ ទារកភ្លោះទាំងបី ទទួលបាននូវការថែទាំសុខភាពពីក្រុមគ្រូពេទ្យ តាមរយៈការថែទាំក្នុងកែវរក្សាទារក។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣ លោកសេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកបានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៦ឆ្នាំ កន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់ ចំនួន៤៣១គ្រួសារ រួចហើយ បានទទួលអំណោយឧបត្ថម្ភសប្បុរសធម៌ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេច នៅពេលឆ្លងទន្លេរួច។

លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាក​បាទ​ក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានកូនភ្លោះបី ឬបួននាក់។

លោកសេង ទៀង បានបន្ថែមទៀតថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត បានជួយឧបត្ថម្ភថវិកា ចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះ ៣នាក់ និងគឺជាគ្រួសារលើកទី៧ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត។

លោកក៏បានធ្វើការណែនាំដល់មាតាបិតានិងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារក ឱ្យបានគត់មត់ ពោលគឺប្រសិនបើទារកមានអាការអ្វីខុសពីប្រក្រតី សូមយកកូនទៅកាន់មន្ទីរពេទ្យ ឬ​មណ្ឌលសុខភាពដែលនៅជិតលំនៅឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ទារក៕

RELATED ARTICLES