Thursday, November 13, 2025
Homeតារាខ្មែរឱក សុគ្ធកញ្ញា ខួបកំណើតកូនប្រុស ទទួលពរបានកូនស្រី

ឱក សុគ្ធកញ្ញា ខួបកំណើតកូនប្រុស ទទួលពរបានកូនស្រី

ភ្នំពេញ ៖ ឱក សុគន្ធកញ្ញា និងស្វាមី លោកអ៊ឹង សុខលី បានធ្វើពិធីជប់លៀងខួបកំណើត គម្រប់៦ឆ្នាំ ឲ្យកូនប្រុសទី១ អ៊ឹង បញ្ញាបុត្រ ហៅឆលី កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពិធីនោះ មានតែភ្ញៀវជិតដិតប៉ុណ្ណោះ ត្រូវបានហៅឲ្យចូលរួម ព្រោះនាងធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

ឱក សុគន្ធកញ្ញា ថ្លែងជូនពរខួបកូនច្បងរបស់ខ្លួនថា ឲ្យកូនមានសុខភាពល្អ  ប្រាជ្ញាឈ្លាសវៃ  ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ប្រឹងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតល្អ ។ ចំណែកស្វាមីនាង លោកអ៊ឹង សុខលី ជូនពរកូនប្រុស ឲ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ប្រកបដោយគុណធម៌ ចេះគោរពចាស់ទុំ  និងប្រឹងរៀនសូត្រឲ្យបានពូកែ ។

ឱក សុគន្ធកញ្ញា បានរៀបការថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស និងជាប្អូនអ្នកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែទូរទស្សន៍ និងផលិតកម្មហង្សមាស ដោយចំណងស្នេហា ជាង៦ឆ្នាំនេះទទួលបានចំណងដៃកូនពីរនាក់ គឺកូនទី១ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆលី អាយុ៦ឆ្នាំ និងកូនទី២ ឈ្មោះ Presley អាយុជាង១ឆ្នាំ ។

នៅថ្ងៃខួបកូនទី១ Fan ឱក សុគន្ធកញ្ញា នៅលើបណ្ដាញសង្គម បានជូនពរឲ្យនាងបានកូនទី៣ ជាកូនស្រី ព្រោះតែគេដឹងថា នាងកំពុងរៀបគម្រោងយកកូនស្រីថែម មួយទៀត ដោយសារការពិត នាងចង់បានកូនស្រី តាំងពីកំណើតកូនទី១ តែពេលដឹងថា បានប្រុស ទើបក្រោយមកនាងថា ឲ្យតែបានកូន ប្រុសក៏បាន ស្រីក៏បាន នាងពេញចិត្តទាំងអស់ ។ ប៉ុន្ដែតាមព័ត៌មាន អំឡុងពេលមុនពពោះកូនទី៣នេះ រឿងដែលសុគន្ធកញ្ញា ត្រូវធ្វើចាំបាច់ នាពេលបច្ចុប្បន្ន គឺការសម្រកទម្ងន់ ជាបន្ទាន់ ព្រោះតែនាងនៅចង់ប្រជែងនិងរក្សាទីផ្សារសិល្បៈ ឲ្យបានល្អ។

គួរបញ្ជាក់ថា មុនជប់លៀងខួបកំណើតកូនប្រុស ឱក សុគន្ធកញ្ញា និងប្ដី បានប្រារព្ធខួបកំណើត នៅខែកញ្ញា ដូចគ្នា ហើយមានការកត់សម្គាល់ថា ចំណងស្នេហាជិត៧ឆ្នាំនេះ អ្នកទាំងពីរ មិនដែលមានបញ្ហារកាំរកូសក្នុងគ្រួសារទេ ទើបត្រូវបានចាត់ទុកថា កញ្ញា ជោគជ័យទាំងអាជីពចម្រៀង និងស្នេហា ។ សុគន្ធកញ្ញា និងស្វាមី ក៏តែងតែរឹតចំណងស្នេហា ឲ្យកាន់តែរឹងមាំ តាមរយៈការដឹកដៃគ្នាទៅលេងនៅបរទេស ជាបន្ដបន្ទាប់ ពិសេសគឺប្រទេសអូស្រា្ដលីដែលម្ដាយនិងប្អូនប្រុសនាង កំពុងតែរស់នៅទីនោះ។

ក្រឡេកមើលអាជីពចម្រៀងវិញ ទោះជាសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែហង្សមាស ដែលគេអាចនិយាយបានថា ចង់ចេញបទថ្មីពេលណាក៏បាន ប៉ុន្ដែនាងមិនមានសូវមានបទល្បីៗដូចមុនរៀបការឡើយ ប៉ុន្ដែនៅតែអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ តាមរយៈការធ្វើជាទូតពាណិជ្ជសញ្ញា ឲ្យក្រុមហ៊ុនធំៗជាបន្ដ បន្ទាប់ ។ អតីតតារាហង្សមាស លោក នូ ស៊ឹប ប្រាប់អ្នកយកព័ត៌មានយើងថា សមត្ថភាពដូចឱក សុគន្ធកញ្ញា កុំថាឡើយកូន២ ទោះជាកូន៤ឬ៥នាក់ នាងនៅតែល្បី ឲ្យតែធ្វើបទត្រូវ និងរក្សាររូបរាងឲ្យសមជាតារា ។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានកូនពីរនាក់ហើយ នៅបន្ដអាជីពសិល្បៈ មានដូចជា អ្នកនាងម៉េង កែវពេជ្ជតា, សួស វីសា និងចាន់ កែវនិមល ជាដើម ។ ចំពោះសុគន្ធកញ្ញា នៅឆ្នាំ២០២៥ នេះ នាងត្រូវបានចាត់ទុកថា «អត់គូប្រជែង» ព្រោះពេជ្រ សោភា  និងសុគន្ធ និសា បានដើរចេញពីហង្សមាស អស់ទៅហើយ ហេតុនេះហើយបានជាធ្វើឲ្យសុគន្ធកញ្ញា «ជិះសេះលែងដៃ» ៕

RELATED ARTICLES