Tuesday, November 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុកម៉ូតូ ភ្លេចដកសោ ចោរលួចជិះ ជាប់ខ្នោះ២

ទុកម៉ូតូ ភ្លេចដកសោ ចោរលួចជិះ ជាប់ខ្នោះ២

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅរកទិញផ្កា លុះទៅដល់ ឈប់ម៉ូតូនៅមុខហាង រួចចុះទៅទិញផ្កា ភ្លេចដកកូនសោចេញពីម៉ូតូ ស្រាប់តែរំពេចនោះ មានជនសង្ស័យ២នាក់ បានប្រទះឃើញ ក៏ចូលមកលួចបញ្ឆេះម៉ូតូ ជិះរត់គេច តែត្រូវម្ចាស់ម៉ូតូដេញតាម ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចជួយប្រដេញចាប់ឃាត់ខ្លួនជន សង្ស័យបាន ជាបន្តបន្ទាប់ ចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចកន្លែងលក់ផ្កា តាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះគៀង ចៅសំ ហៅជ័យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងទី២-ឈ្មោះម៉ែន វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-0529 ជាជនរងគ្រោះឈ្មោះហួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ផ្ទះលេខ A08 ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ២-ម៉ូតូម៉ាក Today ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GG- 0993  ចំនួន១គ្រឿង (មធ្យោបាយដែលជនសង្ស័យជិះធ្វើសកម្មភាព)។ ៣-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ)។

 តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះ ឈ្មោះហួន ចន្ធី បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ ស្លាកលេខ ភ្នំពេញ 1BU-0529 ចេញផ្ទះលេខ A08 ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញដើមផ្កា និងដី នៅកន្លែងលក់ផ្កា ដែលមានចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្ទះជន រងគ្រោះ ស្ថិតនៅភូមិខាងលើ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងលក់ផ្កា បានដើរចូលទៅទិញផ្កា ដោយទុកម៉ូតូម៉ាកខាងលើ នៅមុខកន្លែងលក់ផ្កា ពុំបានដកកូនសោម៉ូតូចេញពីម៉ូតូទេ រួចជនរងគ្រោះបានដើរទៅយកលុយអាប់ ពីអ្នកលក់ផ្កា មានចម្ងាយពីម៉ូតូ ប្រហែល៧ម៉ែត្រ។ ពេលជនរងគ្រោះដើរចេញមកវិញ ស្រាប់តែមិន ឃើញម៉ូតូ ហើយក៏ឃើញជនសង្ស័យឈ្មោះគៀង ចៅសំ ហៅជ័យ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនជិះចេ ញបានចម្ងាយប្រហែល២០ម៉ែត្រ ឃើញដូចនេះជនរងគ្រោះបានស្រែកថា “ចោរ!ៗ” ហើយរត់ដេញតាមពីក្រោ យ រហូតដល់មុខផ្ទះជនរងគ្រោះ ទើបជនរងគ្រោះបានយករថយន្តដែលចតនៅមុខផ្ទះស្រាប់ បើកដេញតាមជនសង្ស័យ រហូតដល់ផ្លូវច្រមុះជ្រូកវត្តហា ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជន សង្ស័យបានផ្តួលម៉ូតូជនរងគ្រោះចោល រត់គេចខ្លួន ហើយជនរងគ្រោះ បានចុះពីរថយន្ត រត់ដេញតាមពីក្រោយ និងស្រែកថា “ចោរ!ៗ” ពេលនោះកម្លាំងសមត្ថកិច្ច ដែលជិះម៉ូតូល្បាតក្បែរកន្លែង កើតហេតុ បានជួយអន្តរា គមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។

បន្ទាប់មក នៅវេលាម៉ោង១រសៀល ថ្ងៃដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត ឈ្មោះម៉ែន វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រង់ចំណុចការ៉ាស់សាំងតេលា កែងផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូម៉ាក Today ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GG-0993  ចំនួន១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូម៉ាក Today ដឹកគ្នាមកធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-0529 របស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES