ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តដឹកទំនិញ ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់ ចំនួន៣កង់ ខ្ទាតចេញពីកន្លែងដើម ចំណែករថយន្តបង្កហេតុ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6870 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោ យផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រា ប់តែបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ចំនួន៣កង់ ចំណែកឯរថយន្តបង្កហេតុ រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកបើក បរឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញ ចុះធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕