Tuesday, November 11, 2025
Homeសង្គម និងជីវិតសិស្សគប់សម្បុក ឪម៉ាល់ទិចរបួស១៨នាក់

សិស្សគប់សម្បុក ឪម៉ាល់ទិចរបួស១៨នាក់

ខេត្តស្វាយរៀង ៖ សិស្សសាលា ១ក្រុម ឃើញសត្វឪម៉ាល់ ធ្វើសម្បុកនៅលើដំបូលជាន់ទី២ នៃអគារសិក្សាដែលពួកខ្លួនកំពុងរៀន នាំគ្នារើសដុំថ្មគប់លេង ធ្វើឱ្យសត្វឪម៉ាល់បែកសម្បុក ដេញទិច បណ្តាលឱ្យសិស្សសាលា ចំ នួន១៨នាក់ រងរបួស និងត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍សត្វឪម៉ាល់ទិចសិស្សនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អ្នកគ្រូ អាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឹង សំផន បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុការណ៍នេះឡើង មានសម្បុកឪម៉ាល់១ នៅលើដំបូលជាន់ទី២ នៃអគារសាលា ខណៈនោះ មានសិស្សានុសិស្សមួយចំនួន បានយកដុំថ្មគប់សម្បុកឪម៉ាល់នោះ បណ្តាលឱ្យធ្លាក់មកដី បែកសម្បុក ហើយផ្អើលសត្វឪម៉ាល់ដេញទិចសិស្សតែម្តង។

អ្នកគ្រូនាយិកា បានបន្តថា ក្រោយពីមានករណីសត្វឪម៉ាល់ដេញទិចសិស្ស បណ្តាលឱ្យរបួសលោកគ្រូ អ្នកគ្រូ បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនសិស្សដែលត្រូវឪម៉ាល់ទិច ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយ ទាប ភ្លាមៗ ដើម្បីធ្វើការសង្គ្រោះ។

អ្នកគ្រូនាយិកា បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សានុសិស្សដែលត្រូវឱ ម៉ាល់ទិច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមាតាបិតាសិស្ស មកមើលថែផងដែរ។

អ្នកគ្រូ បញ្ជាក់ថា សិស្សានុសិស្សដែលរងរបួសទាំង១៨នាក់ អ្នកខ្លះត្រូវឪម៉ាល់ទិច ១ទ្រនិច អ្នកខ្លះទៀត២ ទៅ៣ទ្រនិច ហើយក្រុមការងារ និងអ្នកជំនាញ បានយកសម្បុកឪម៉ាល់ ចេញពីសាលារៀនហើយ៕

RELATED ARTICLES