Sunday, November 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្លោងលក់ថ្នាំញៀន ប្រចាំស្រុកសំរោងទង

វ៉ៃខ្នោះមេខ្លោងលក់ថ្នាំញៀន ប្រចាំស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញគ្រឿងញៀនយ៉ាងសកម្ម ប្រចាំស្រុកសំរោង និងថែមទាំងមានដីកាបង្គាប់ឱ្យចាប់ខ្លួនផង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ចុះស្រាវជ្រាវឃាត់ខ្លួនបាន ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១៦កញ្ចប់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ែន ឡាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនគ្រឿង ញៀន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ស្រុកសំរោងទង បានចាប់ខ្លួនឈ្មោះវ៉ែន ឡាយ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៨៣ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ចេញដោយលោកហោ ចាន់ពីសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ែន ឡាយ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងនៅជាប់ខ្លួន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១៦កញ្ចប់ (មធ្យម ១កញ្ចប់ តូច ១៥កញ្ចប់) ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES