ខេត្តកំពង់ធំ ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មគិត ទុកជាមុន បទប៉ុនប៉ងឃាតកម្មគិតទុកជាមុន បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកាន់កាប់និងប្រើ ប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដោយជនសង្ស័យជាមេខ្លោងគ្រឿងញៀន និងជនសមគំនិត ប្រឈមជាប់ ពន្ធនាគារ អស់មួយជីវិត។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បានប្រកាសថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ១០៨ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន ប៉ុនប៉ងឃាតកម្មគិតទុកជាមុន កាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលត្រូវចោទ មានចំនួន ៣នាក់ ៖ ១-ឈ្មោះយ៉ង់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ ២-ឈ្មោះថត សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ និង៣-ឈ្មោះថត ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ។ ជនត្រូវចោទខាងលើនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ៦២២ អ.ក/២០២៥ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ទៅចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្ត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភ័ស្តុតាងនានា ដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ទាំង៣នាក់ខាងលើរួមមាន ៖
១-ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេខ្លោង ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទប៉ុនប៉ងឃាត កម្មគិតទុកជាមុន កាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥។
២-ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា២៧ មាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០២៥។
៣-ឈ្មោះ យ៉ង់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់និងប្រើ nប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា២៧ មាត្រា២៩ មាត្រា២០០ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឆ្នាំ២០០៥ ប្រព្រឹត្តនៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៣និង១០នាទីរសៀល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក លើមុខ សញ្ញាឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រង់ចំណុចផ្ទះរបស់ឈ្មោះយ៉ង់ សុវណ្ណ ហៅខ្វាន់ តែត្រូវបានឈ្មោះយ៉ង់ សុវណ្ណ ហៅខ្វាន់ (ឪពុកមេខ្លោង) កាន់កាំបិតខ្វែវ មករារាំងសមត្ថកិច្ច មិនឱ្យចូលឃាត់ខ្លួនឈ្មោះ ថន ឌីណា ដែលត្រូវជាកូនរបស់ខ្លួនឡើយ។
ស្របពេលនោះ ឈ្មោះ ថន ឌីណា និងឈ្មោះ ថន សៀងហៃ បានឆ្លៀតឱកាសយកកាំភ្លើងលបបាញ់ប្រហារសមត្ថកិច្ច ពីក្រោយ បណ្តាលឱ្យលោកទឹម ចាន់នី អធិការរងនគរបាលស្រុកបារាយណ៍ រងរបួសធ្ងន់ និងបណ្តាលឱ្យលោកហួន សាវ័យ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់សមត្ថកិច្ចរួចមក ឈ្មោះ ថន សៀងហៃ បានយកម៉ូតូដឹកឈ្មោះ ថន ឌីណា រត់គេចខ្លួនទៅខេត្តត្បូងឃ្មុំ ដើម្បីយកអាវុធលាក់ទុក និងបន្តរត់គេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ ក្រោយមក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។ ចំពោះបទល្មើសខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលតុលាការត្រូវអនុវត្តច្បាប់យ៉ាងមឺងម៉ាត់បំផុត៕