ភ្នំពេញ ៖ ប៊ុត សីហា បានប្រកាសប្រាប់ Fan របស់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ថា លោករកបានទ្រនំថ្មីហើយ ព្រមទាំងអួតថា បទ «បើយើងប្រឹងប្រែង» ចម្រៀងទី១របស់លោក ចេញបើកឆាកនោះ មានន័យ និងពីរោះទៀតផង បើទោះជាផលិតកម្ម បង្ហោះលើហ្វេសប៊ុក ៥ម៉ោង មានតែ 1.9 Views ក្ដី។ យ៉ាងណា នេះជាជំហានថ្មី របស់សីហា ដែលសម្រេចចិត្តចូលផលិតកម្ម CTE Media បន្ទាប់ពីរូបគេបានបដិសេធចូល Galaxy Navatra ដល់ទៅពីរលើកមកហើយ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅប៊ុត សីហា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្ដែមិនអាចទាក់ទងបាន ដោយត្រូវបានស្រ្ដីម្នាក់ លើកនិងនិយាយថា មិនដែលស្គាល់សីហា ទៅវិញ ។ យ៉ាងណា ការដែលសីហា ឈានជើងមកដល់ផលិតកម្មថ្មីនេះ លោកហាក់ដូចជាចាប់ផ្ដើមសាជាថ្មី សឹងតែទាំងស្រុង ព្រោះផលិត កម្មនេះ ទើបកកើត និងក្រៅពីលោក មានតែតារាចម្រៀងស្រីវ័យក្មេងម្នាក់ទៀត គឺកញ្ញា CHINGEY ប៉ុណ្ណោះ ហេតុនេះការចេញបទចម្រៀងឲ្យសីហា ប្រាកដជាមិនអាចបានដិតដល់ ឬប្រើប្រាស់សមត្ថភាពតារារូបនេះឲ្យអស់ឡើយ នៅដំណាក់កាលដំបូងនេះ។ ប៉ុន្ដែនៅលើបណ្ដាញសង្គម គេឃើញសីហា បានចេញច្រៀងតាមកម្មវិធីជាច្រើន ជាបន្ដបន្ទាប់ ដូចជា នៅ Pub និងអកកេស តាមកម្មវិធីនានាតាមភូមិ ជាដើម ។ អ្នកស្និទ្ធសីហា បង្ហើបថា អតីតតារាចម្រៀងហង្សមាស រូបនេះ នៅតែមានទឹកដមសំឡេងល្អដូចមុន តែបញ្ហាត្រង់ថា រូបគេអាចល្បីឡើងវិញ ឬច្រៀងលែងទៅមុខនោះ គឺអាស្រ័យនៅលើការធ្វើបទចម្រៀងថ្មីៗនោះ ត្រូវនឹងសំឡេងសីហា ដែរឬអត់? ពិសេសអ្វីដែលសំខាន់បំផុតនោះ រូបគេផ្ដាច់គ្រឿងញៀន បានទាំងស្រុងហើយឬនៅ ?


ប៊ុត សីហា លើកពាន The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ និងត្រូវបានផលិតកម្មហង្សមាស ដេញចេញ នៅឆ្នាំ២០១៧ ទាំងមុនផុតកុងត្រា ។ ជាង ៨ឆ្នាំមកនេះ សីហា តែលតោល ម្ដងដើរតាមអ្នកដឹកនាំសម្ដែង ដោយគេសន្យាធ្វើបទថ្មីឲ្យច្រៀង ម្ដងច្រៀងនៅហាងណាមួយហើយក៏បាត់មុខទៅវិញ និងជូនកាលត្រូវប៉ូលិសចាប់ខ្លួន នៅផ្ទះសំណាក់ ជាមួយគូកន ពាក់ព័ន្ធគ្រឿងញៀនជាដើម ។ ចំណែកលោកស្រី ទី្រ ដាណា ដែលធ្លាប់តែផ្គត់ផ្គង់សីហា ឲ្យធ្វើបទចម្រៀង ចំណាយលុយអស់ជាង ១០ម៉ឺនដុល្លារ លើតារារូបនេះ ពេលនេះលោកស្រីលែងអើពើទៀតហើយ ក្រោយឃើញថា សីហា អត់កែខ្លួន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សីហា ត្រូវបានថៅកែផលិតកម្ម Galaxy Navatra ផ្ដល់ឱកាសឲ្យ ដល់ទៅពីរដង ដើម្បីឲ្យកែខ្លួន ចូល ច្រៀងនៅផលិតកម្មនេះ ជាមួយតារាល្បីៗ ប៉ុន្ដែសីហា បានបដិសេធចូល Galaxy Navatra ហើយស្រាប់តែពេលនេះ សុខចិត្តទៅជ្រកនៅផលិតកម្មថ្មីមួយដែលទើបតែចាប់ផ្ដើមសាកល្បងដំណើរការ និងមិនសូវមានអ្នកស្គាល់ទៅវិញ ។


អ្នកដែលធ្លាប់ស្គាល់ប៊ុត សីហា នៅតែព្យាយាមលើកទឹកចិត្តតារារូបនេះ ឲ្យផ្ដាច់គ្រឿងញៀន ឲ្យដាច់ភឹង ដើ ម្បីឲ្យមានពន្លឺជីវិតសាជាថ្មី ។ ប៉ុន្ដែអ្នកខ្លះបែរជាសើចចំអកឲ្យសីហា ថាសន្យាកែខ្លួន រាប់សិបដងមកហើយ តែធ្វើមិនបាន ហេតុនេះមកផលិតកម្មថ្មី បើនៅតែបែបនេះទៀត សីហា ប្រឈមនៅតែងើបមុខមិនរួចជាមិនខាន៕

