ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ កំពុងអង្គុយផឹកស្រា តែម្នាក់ឯង ឃើញសត្វគីង្គក់ ១ក្បាលលោតមកជិត ក៏ចាប់បោក ពន្លាត់ស្បែក វះពោះ ឃើញសុទ្ធតែពង ក៏យកគីង្គង់នោះ អាំងទាំងពង ក្លែមស្រា លុះក្មេងៗជាអ្នក ជិតខាង បានស្រែកប្រាប់ថា “ពូកុំហូបពងគីង្គក់ ប្រយ័ត្នពុល” តែបុរសខាងលើមិនជឿ ក៏អង្គុយហូបតែម្នាក់ឯង ស្រាប់តែព្រឹកឡើង ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ក្នុងអង្រឹង សង្ស័យពុលពងគីង្គក់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
បុរសរងគ្រោះដែលដេកស្លាប់ក្នុងអង្រឹង មានឈ្មោះឃុត រតនា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។ ជនរងគ្រោះ សព្វថ្ងៃរស់នៅតែម្នាក់ឯង ហើយជាមនុស្សញៀនស្រា។
តាមការបំភ្លឺរបស់ក្មេងស្រី ឈ្មោះជុំ ច្រឹប អាយុ១០ឆ្នាំ និងក្មេងប្រុសឈ្មោះវិន សុខលីន អាយុ១០ឆ្នាំ ដែលជាអ្នករស់នៅជិតផ្ទះជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ពួកគេបានឃើញជនរងគ្រោះអង្គុយផឹកស្រាថ្នាំ ក្រោមផ្ទះ តែម្នាក់ឯង ហើយឃើញមានគីង្គក់ លោតមកជិត ក៏ចាប់គីង្គក់នោះបោកសម្លាប់ រួចពន្លាត់ស្បែក វះពោះគីង្គក់ ឃើញមានពង។ បន្ទាប់មកជនរងគ្រោះ បានយកគីង្គក់នោះទៅអាំងទាំងពងតែម្តង។

ក្មេងប្រុសស្រីទាំង២នាក់ខាងលើ បានបន្តថា បន្ទាប់ពីឃើញបែបនេះ ពួកគេបានស្រែកប្រាប់ជនរងគ្រោះថា “ពូកុំហូបពងគីង្គក់ ប្រយ័ត្នពុល” តែជនរងគ្រោះមិនជឿ មិនស្តាប់ នៅតែហូប ហើយពួកគេក៏ដើរចេញទៅ។ លុះមកដល់វេលាម៉ោង ១០យប់ ថ្ងៃដដែល ម្តាយរបស់ពួកគេបានប្រាប់ពួកគេថា ឮសំឡេងជនរងគ្រោះក្អួតខ្លាំងៗ តែម្តាយរបស់គេ មិនចាប់អារម្មណ៍ទេ ស្មានតែគាត់ស្រវឹងស្រា ហើយក្អួតធម្មតា ទើបគាត់មិនបានចេញមកមើល ហើយគាត់ក៏ដេកវិញទៅ។ ស្រាប់តែព្រឹកឡើង នៅម៉ោង ៨និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ម្តាយរបស់ពួកគេ បានក្រោកមកមើល ក៏ឃើញជនរងគ្រោះដេកក្រោមអង្រឹង ហើយម្តាយរបស់គេដើរមកមើល ទើប nដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។ ឃើញបែបនេះ ទើបពួកគេបានប្រាប់ម្តាយថា ពីម្សិលមិញ ពួកគេបានឃើញជនរងគ្រោះ ចាប់គីង្គក់អាំងហូបទាំងពង ប្រហែលពុលពងគីង្គក់ហើយ រួចម៉ែរបស់ពួកគេ បានរាយ ការណ៍ប្រាប់អាជ្ញាធរតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារហូបពងគីង្គក់ បណ្តាលឱ្យពុលស្លាប់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

