ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាពនៃការស៊ើបអង្កេតនិងស្តាប់ចម្លើយលោកស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ។

តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកកែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណី លោកស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា។
ACU បានការស្តាប់ចម្លើយលោកស៊ាន បូរ៉ាត ចំនួន១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ) បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោកស៊ាន ប៊ូរាត និងបានជូនភរិយាលោកស៊ាន បូរ៉ាត ប្រ កាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរ ការិយាល័យធ្វើការរបស់លោកស៊ាន បូរ៉ាត។

របាយការណ៍ដដែល បានបញ្ជាក់ថា លោកអ៊ុក សំណាង (ជំនួយការលោកស៊ាន បូរ៉ាត) ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយចំនួន ១២៥កំណត់ហេតុ លោកស៊ិន សុខគា អតីតស្វាមី លោកស្រីឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូត៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។
លោកយ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល ១ថ្ងៃ ស្តាប់ចម្លើយបាន ៨កំណត់ហេតុអ្នកស្រី ធាម លីណា (ភរិយាលោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។
ក្នុងរយៈពេល ៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារលោកកែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ ១-ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ ២- ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ ៣-ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ ៤-ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ ៥-ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ ចម្លើយ ៦-អ៊ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ ៧-សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ ៨-រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ ៩-ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០-ឃុច ចំរើន ២៤កំណត់ ហេតុស្តាប់ចម្លើយ។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប៊្រីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌ ចំនួន៣ រួមមាន ៖ ១-បទឆបោកមានស្ថានទម្ងន់ទោស ២-បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និង៣-បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោក ស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ប្រធាន ក.ជ.ប.ព ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤ របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕

