Thursday, October 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្កាយ១ ដកកាំភ្លើងវ៉ៃស្រីបែកក្បាល តុលាការសម្រេចឃុំខ្លួន

ផ្កាយ១ ដកកាំភ្លើងវ៉ៃស្រីបែកក្បាល តុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ លោកប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងអតីតផ្កាយ១ គឺឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើនារីម្នាក់ បណ្តាលឱ្យមានរបួសស្នាម តំ ណាងអយ្យការបានបើកការស៊ើបសួររួចរាល់ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយបញ្ចប់ការស៊ើបសួរ សំណុំរឿងខាងលើនតំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រម ស៊ើបសួរ ដើម្បីបន្តនីតិវិធី ហើយត្រូវបានចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការជំនុំជម្រះទោសលើអង្គហេតុទាំងមូល។

បើយោងទៅតាមការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានទៅ ១០លានរៀល។ ១-ដោយការគិតទុកជាមុន។ ២-ដោយប្រើអាវុធឬគំរាមកំហែងដោយអាវុធ។ ៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី (ផ្កាយ១) នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបើករថយន្តប៉ះម៉ូតូយុវតីម្នាក់ រួចបង្កហិង្សា ដកកាំភ្លើងវាយយុវតីរងគ្រោះ បណ្តាលឱ្យរយះក្បាល កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានស្នើតាម ឋានានុក្រម ដើម្បីផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ វេលាម៉ោង២០ៈ៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថ កិច្ចឱ្យ មកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កង រាជអាវុធហត្ថ។

មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សីនិងចម្លើយរបស់ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះប្រាកដមែន។

កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានករណីអំពើហិង្សាមួយបានកើតឡើងនៅចំណុចផ្លូវចូលទៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយយុវតីម្នាក់ បានខ្ចីម៉ូតូគេ ជិះទៅទិញទឹកផឹក ស្រាប់តែមានបុរសស្រវឹងស្រាម្នាក់ បើករថយន្តថយក្រោយប៉ះម៉ូតូ បណ្តាលឱ្យខូចខាត រួចបើករថយន្តគេច ទើបយុវតីរូបនោះ បានជិះម៉ូតូតាមឃាត់ឱ្យឈប់ ដើម្បីទាមទារសំណង ២ម៉ឺនរៀល យកទៅធ្វើឱ្យម៉ូតូឱ្យគេវិញ តែបុរសខាងលើ មិនព្រមឱ្យ លុះគាប់ជួនមានអ្នកស្គាល់គ្នាជិះកាត់ ទើបយុវតីខាង លើ បានហៅឱ្យជួយនិយាយ បែរជាបុរសស្រវឹង ជាអ្នកបើករថយន្តបង្កហេតុ ច្រឡោតខឹង ដកកាំភ្លើងដេញបា ញ់អ្នកសម្របសម្រួល រួចវាយក្បាលយុវតីរងគ្រោះ ចំនួន២កាំភ្លើង បណ្តាលឱ្យរយះក្បាល ហូរឈាម រួចបើក រថយន្តគេចបាត់ ១យប់ ទើបត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកសាកសួរ ដែលជនសង្ស័យជាខ្មាន់កាំភ្លើង ជាមន្ត្រីប៉េអឹម (អាវុធហត្ថ) ពាក់ផ្កាយ១ (ឧត្តមសេនីយ៍ត្រី)។

ជនបង្កហេតុជាខ្មាន់កាំភ្លើង ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឹម ឆែម ជាមន្ត្រីកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) តួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំ សែនរីករាយ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះប៉ែន សុខណា អាយុ២០ឆ្នាំ មានលំនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីយុវតីរងគ្រោះ ឈ្មោះប៉ែន សុខណា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានខ្ចីម៉ូតូអ្នក ជិតខាងម្នាក់ ជិះបំណងទៅរកទិញទឹកហូប លុះទៅដល់តូបចាប់ហួយ ១កន្លែង នាងកំពុងអង្គុយលើម៉ូតូ ទិញទឹក ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ដែលនាងមិនស្គាល់ម៉ាក គ្រាន់តែដឹងថា ពាក់ស្លាកលេខរដ្ឋ និងបើកបរដោយបុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បានថយមកប៉ះម៉ូតូរបស់នាង ធ្វើឱ្យនាងភ័យ លោតចេញពីម៉ូតូ ហើយម៉ូតូបានដួល ខូចខាតតិចតួច។

យុវតីរងគ្រោះ បានបន្តថា ក្រោយពីថយឡានប៉ះម៉ូតូនាងហើយ បុរសខាងលើ បានបើកចេញទៅធ្វើព្រងើយ ដោយមិនបានចុះមកសួរនាំនាងបន្តិចឡើយ។ ចំណែកម៉ូតូ ទោះបីជាខូចខាតតិចតួច តែមិនមែនជាម៉ូតូរបស់នាងឡើយ គឺនាងខ្ចីគេជិះ ហេតុនេះនាងខ្លាចម្ចាស់ម៉ូតូ ទាមទារ សំណង ក៏បានជិះដេញតាមឃាត់បុរសជាអ្នកបើកបររថយន្តបង្កហេតុខាងលើ ដើម្បីឱ្យដោះស្រាយជាមួយនាង។ លុះពេលដេញតាមដល់ចំណុចកើតហេតុ បុរសខាងលើ បានឈប់រថយន្ត និងបានចុះមកនិយាយជាមួយនាង ទាំងធុំក្លិនស្រាហួង។ ពេលនេះ នាងបានទាមទារសំណងត្រឹមតែ ២ម៉ឺនរៀលប៉ុណ្ណោះ ដោយប្រាប់ថា ម៉ូតូនេះ នាងខ្ចីគេជិះទេ ខ្លាចម្ចាស់គេទារសង នាងអត់មានលុយទេ តែបុរសបង្កហេតុ បានសុំទោសនាង និងបានប្រាប់ថា គាត់ក៏គ្មានលុយដែរ គាត់ជាអ្នកបើក ឡានឱ្យគេទេ។ បន្ទាប់មក បុរសនោះ បានសុំសងនាងតែ ១ម៉ឺនរៀល តែនាងមិនព្រម គាប់ជួនក៏ឃើញបងប្រុសរបស់នាងបានជិះម៉ូតូឆ្លងកាត់ នាងក៏បានហៅបងប្រុស ឱ្យឈប់ ដើម្បីជួយនិយាយជាមួយបុរសខាងលើ។

យុវតីរងគ្រោះ បានឱ្យដឹងទៀតថា លុះគ្រាន់តែឃើញនាងហៅបងប្រុស ឱ្យជួយនិយាយ ស្រាប់តែបុរសនោះខឹងសម្បា បានបក់ដៃហៅបងប្រុសនាង ឱ្យចូលមកជិតគាត់ រួចដកកាំភ្លើងភ្ជង់ក្បាល និយាយថា “អញសុំផ្ញើគ្រាប់កាំភ្លើងនៅក្បាលអ្ហែង ២គ្រាប់ផង” ធ្វើឱ្យបងប្រុសនាង ភ័យ ស្ទុះរត់គេចចេញ ស្រាប់តែខ្មាន់កាំភ្លើង បានងាកមករករឿង ចាប់បោចសក់នាង រុញផ្ទប់ដី រួចស្រែកសម្លុតនាងថា “ស្គាល់អញអត់?” ពេលនោះនាងមានការភិតភ័យយ៉ាងខ្លាំង និងគិតថា នាងច្បាស់ជាមិនរស់ទេ ក៏ព្យាយាមលើកដៃសំពះសុំទោសជនសង្ស័យ ដោយនិយាយថា នាងលែងត្រូវការសំណងហើយ តែជនសង្ស័យមិនអស់ចិត្ត បានយកកាំភ្លើងវាយក្បាលនាងចំនួន២កន្លែង (ផ្នែកខាងមុខ ចំហៀងខាងស្តាំ ១កន្លែង និងផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង១កន្លែង) បណ្តា លឱ្យរយះ ហូរឈាមស្រោចខ្លួនតែម្តង។

យុវតីរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពយកកាំភ្លើងវាយក្បាលនាងរួច ជនសង្ស័យជាខ្មាន់កាំភ្លើង បានឡើងបើករថយន្តចាកចេញទៅ ហើយភ្លាមនោះ នាងបានស្រែកហៅអ្នកក្បែរនោះ ឱ្យជួយថតរថយន្តខាងលើទុកផងដែរ។

ដោយឡែក តាមប្រភពពីយុវជនជាបងប្រុសរបស់យុវតីរងគ្រោះ ដែលអះអាងថា ត្រូវជនសង្ស័យគំរាមបាញ់ ធ្វើឱ្យភ័យស្ទើរលស់ព្រលឹងនោះ បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ ខ្លួនបានជិះកាត់កន្លែងកើតហេតុ និងត្រូវបានប្អូនស្រី (យុវតីរងគ្រោះ) ហៅឱ្យឈប់ ដើម្បីជួយ សម្របសម្រួលរឿងគ្រោះថ្នាក់ចរាចរណ៍។ លុះពេលដែលរូបគេឈប់ម៉ូតូ មិនទាន់ចុះពីលើម៉ូតូផង ត្រូវជនសង្ស័យបក់ដៃនិងស្រែកហៅថា “អាពៅ អ្ហែងមកនេះ!” លុះពេលដែលរូបគេដើរចូលទៅជិតដល់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លី មកភ្ជង់ក្បាលរបស់ខ្លួន រួច បោះសម្តីថា “អាពៅ អញសុំផ្ញើគ្រាប់កាំភ្លើងក្នុងក្បាលអ្ហែង ២គ្រាប់ផង!” ឮបែបនេះ ខ្លួនមានការភិតភ័យយ៉ាងខ្លាំង ក៏រត់គេចខ្លួនចោលម៉ូតូ។ បន្ទាប់មក ខ្លួនរត់ទៅហៅបងប្អូន សាច់ញាតិ ឱ្យមកកាន់ទីតាំងកើតហេតុ តែពេលមកដល់ ជនសង្ស័យបានបើករថយន្តរត់គេចបាត់ទៅហើយ ចំណែកប្អូនស្រីខ្លួន រងរបួសរយះក្បាល ចំនួន២កន្លែង និងប្រាប់ថាត្រូវជនសង្ស័យវាយនឹងកាំភ្លើង។

ក្រោយកើតហេតុ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលវាយនារីវ័យក្មេងខាងលើ រយះក្បាលនោះ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន មកកាន់អធិ ការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ដោយដកហូតទាំង រថយន្តម៉ាកឡង់គ្រីសឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ រដ្ឋ06 2-8688 ចំនួន១គ្រឿងផងដែរ នៅចំណុចខាងត្បូងផ្សារហេងលី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌទួលគោក ៕

RELATED ARTICLES