ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ក្នុងចំណោមជនរងគ្រោះ ៤នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

តាមប្រភពឈ្មោះ ផាន់ នី ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតដោយសារសត្វឆ្កែចចកខាំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “បងថ្លៃខ្ញុំ ដែលត្រូវសត្វឆ្កែចចកខាំ នៅភូមិពោធិ៍ កាលពីថ្ងៃមុន ឥឡូវគាត់បានទទួលមរណភាពហើយ (28/10/2025) សូមឱ្យដួងវិញ្ញាណក្ខន្ធបងថ្លៃ ទៅឱ្យបានស្ងប់សុខផងចុះ”។
គួររំលឹកថា កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានវាយឆ្កែចចក ងាប់ ចំនួន៤ក្បាល គឺនៅភូមិរាមគន់ ឃុំគារ ចំនួន១ក្បាល ភូមិទួលតាថុន ឃុំជ្រៃ ចំនួន១ក្បាល ភូមិប្រឡាយស្តៅ ឃុំតាលាស់ ចំនួន១ក្បាល និងភូមិទួលព្រំ២ ឃុំកកោះ ចំនួន១ក្បាល។
បើតាមអាជ្ញាធរស្រុកមោងឫស្សី បានឱ្យដឹងថា ដើមហេតុដែលបណ្តាលឱ្យមានសត្វឆ្កែចចក បែកហ្វូង រត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមានទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំង លិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចក ទាំងនោះ គ្មានទីជម្រក ក៏រត់ចូលភូមិរបស់អ្នកស្រុក ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកមោងឫស្សី បានអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឱ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាចខាំ បង្កឱ្យគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិត។ បើបងប្អូនបានឃើញ ឬជួបប្រទះនឹងសត្វឆ្កែចចក ដែលរត់ចូលក្នុងភូមិ សូមរាយការណ៍មករដ្ឋបាលស្រុកមោងឫស្សី តាមរយៈលេខទូរស័ព្ទ ០៩២ ៤៦៨ ៩៦៨ និង០៨៨ ៦២ ២៧ ៦៦៣ ដើម្បីឱ្យរដ្ឋបាលស្រុក ចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងអន្តរាគមន៍៕