Tuesday, October 28, 2025
Homeសង្គម និងជីវិតមិត្តភក្តិលង់ទឹក លោតទៅជួយ ស្លាប់ឱបគ្នា

មិត្តភក្តិលង់ទឹក លោតទៅជួយ ស្លាប់ឱបគ្នា

ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់ បានជិះម៉ូតូដឹកគ្នាទៅងូតទឹកលេង ស្រាប់តែក្រោយមក យុវជនម្នាក់ បានលង់ទឹក ឃើញបែបនេះ យុវជនជាមិត្តភក្តិ បានស្ទុះលោតទៅជួយ តែត្រូវមិត្តភក្តិដែលលង់ទឹកនោះ ឱបជាប់ ហែលមិនរួច ក៏លង់ស្លាប់ទាំង២នាក់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុ ចអូរខាងជើងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង។

ជនរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះសាត សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង និងទី២-ឈ្មោះផន សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិអូអង្គុំ ឃុំអមលាំង ស្រុកថ្ពង។

តាមការបំភ្លឺពីឈ្មោះចន្ថា រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាបានទៅលេងទឹកអូរ ក្នុងចម្ការអំពៅខាងជើងរោងចក្រក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ (ទីតាំងកើតហេតុ)។ ពេលទៅដល់ ជនរងគ្រោះទាំង២នាក់ បានងូតទឹកប្រឡែងគ្នាលេង ស្រាប់តែក្រោយមក ឈ្មោះ ផន សុភ័ក្រ បានធ្លាក់ចូលក្នុងអន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ ឃើញបែបនេះ ឈ្មោះសាត សុបញ្ញា បានស្ទុះលោតចុះទឹក បំណងទៅជួយ មិត្តភក្តិ តែអកុសល ពេលចុះទៅដល់ ត្រូវឈ្មោះផន សុភក្រ័ ដែលកំពុងលង់ទឹក ស្រវាចាប់ឱបជាប់ ធ្វើឱ្យឈ្មោះសាត បញ្ញា ហែលទឹកជួយមិនរួច ក៏បានលង់ទឹកស្លាប់ទាំង២នាក់តែម្តង។

ពេលឃើញបែបនេះ ខ្លួន (ចន្ថា រតនៈ) បានជិះម៉ូតូមកប្រាប់ឈ្មោះតុល ហើយហួសមករាយការណ៍សមត្ថកិច្ច ថាមានករណីលង់ទឹកអូរ នៅខាងជើងរោងចក្រ។ លុះសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ជនរងគ្រោះទាំង២នាក់ បានលិចចូលទឹកបាត់អស់ទៅហើយ ទើបនាំគ្នាចុះរាវរក រហូតប្រទះឃើញសព ក៏ស្រង់ឡើងមកលើគោក ដើម្បីរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពជនរងគ្រោះទាំង២នាក់ រួចបញ្ជាក់ថា ជនរងគ្រោះទាំងពីរ ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។

សាកសពយុវជនទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES