ញូវហ្សែឡែន ៖ គូស្នេហ៍តារាចម្រៀងរ៉េប ១គូ ទេព បូព្រឹក្ស-ងួន ចាន់ដេវីត បានដឹកដៃគ្នាហោះទៅប្រទេសញូវហ្សេឡន កាលពីពេលថ្មីៗនេះ ដែលនេះជាលើកទី១ ដែលរូបគេបានយកកូនប្រុសទាំងពីរ រួមដំណើរ។ បូព្រឹក្ស ហៅស្រីនិច្ច ថាដំណើរម្ដងនេះ ជាការងារតូចតាច ប៉ុន្ដែមិនប្រាប់ថាជាអ្វីឡើយ ។ ស្រីនិច្ច និងប្ដី មិនទាន់កំណត់ថ្ងៃវិលវិញទេ កាលពីថ្ងៃទី២៧ ខែតុលា ដោយបន្ដដើរលេងនៅតាមតំបន់ដែលពួកគេចង់ទៅ ព្រោះចាប់ពីអំឡុងខែវិច្ឆិកា ពួកគេនឹងរវល់ការងារក្នុងស្រុកច្រើន ទាក់ទង Concerts រដូវក្ដៅ ហេតុនេះគ្មានពេលចេញទៅដើរលម្ហែនៅបរទេស យូរថ្ងៃបានទេ ទើបឥឡូវត្រូវតែឆ្លៀតឲ្យហើយ ។

សូមបញ្ជាក់ថា ទេព បូព្រឹក្ស បានក្លាយជាតារារ៉េប ក្រោមការបង្វឹកបង្ហាត់ផ្ទាល់ពីប្ដីនាងលោកងួន ចាន់ដេវីត ហៅជី-ដេវីត ដែលពេលនេះ ពួកគេភាគច្រើនច្រៀងជាដៃគូជាមួយគ្នាតែម្ដង ។ អាជីពចម្រៀងរបស់បូព្រឹក្ស មួយផ្នែកនៅលើស្វាមីនាង ជាអ្នកកំណត់ ព្រោះទាំងការធ្វើភ្លេង និពន្ធទំនុកច្រៀង និង Melody គឺប្ដីនាងជាអ្នករៀបចំឲ្យទាំងអស់។ វាក៏ជារឿងកម្រមួយដែរ ដែលប្ដីប្រពន្ធ ចាប់ដៃគ្នាច្រៀងជាដៃគូលើឆាក ព្រោះកន្លងមក គេធ្លាប់តែឃើញប្ដីប្រពន្ធតារាសម្ដែងដូចគ្នា លេងរឿងជាមួយគ្នា តែពេលនេះ ស្រីនិច្ច-ដេវីត អាចធ្វើបានហើយ ដែលមានន័យថា ម្ចាស់ Sponsors ខ្លះដែលចង់បានតែដេវីត ក៏ត្រូវតែបង្ខំចិត្តយកស្រីនិច្ច ដែរ ។

មហាជនកត់សម្គាល់ថា ទេព បូព្រឹក្ស-ងួន ចាន់ដេវីត កំពូលតារាលេងសម្លៀកបំពាក់ប្រេនប្រេនដូចគ្នា ដែលពេលខ្លះគ្រាន់តែអាវពួកគេមួយ មានតម្លៃដល់ទៅអាចទិញរថយន្ដមិនសូវទំនើប បានមួយគ្រឿង ។ ចំណងស្នេហារយៈពេល ១០ឆ្នាំ និងទើបក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់ ជាង៤ខែនេះ ស្រីនិច្ច និងដេវីត តែងតែបង្ហាញសម្ភារនិយម ដូចជា រថយន្ដទំនើបម៉ាក Lamborghini ផ្ទះវីឡា និងនាឡិកាដៃ ម៉ាកល្បីៗ មិនចាញ់តារាបរ ទេសឡើយ ។ ពួកគេអាចត្រូវបានចាត់ទុកជាគូស្នេហ៍ដែលជោគជ័យទាំងស្នេហា និងអាជីពសិល្បៈចម្រៀង ព្រោះតាំងពីរៀបការរួច ការរិគន់នៅលើបណ្ដាញសង្គម រឿងយកកូនមុនរៀបការជាដើមនោះ ត្រូវបានស្ងប់ស្ងាត់អស់ ស្របពេលតាំងពីពួកគេចាប់ដៃគ្នាច្រៀងលើឆាកមក ល្បីទាំងប្ដីប្រពន្ធតែម្ដង ។ ប៉ុន្ដែមុននេះ អ្នកជំនាញសិល្បៈ លោក ឯល ប៊ុណ្ណា បានប្រាប់ «នគរធំ» ថា ចង្វាក់រ៉េប ល្បីទៅតាមសម័យកាល មិនឋិតថេរឡើយ ។

ប្រភពថា ទេព បូព្រឹក្ស អាចលេងមួយក្បាច់ទៀត ដូចឱក សុគន្ធកញ្ញា ដើម្បីឲ្យស្វាមី រឹតតែថ្នាក់ថ្នមនាងលើសដើម ក្រោយវិលពីរឹតចំណងស្នេហានៅញូវហ្សេឡែន នោះគឺការយកកូនថែម ព្រោះនាងធ្លាប់និយាយថា ក្រោយ ពពោះកូនទី១ រឿងដែលនាងនឹកស្មានមិនដល់ គឺដេវីត ថ្នាក់ថ្នមនាងលើសផ្ដើមស្នេហ៍គ្រាដំបូងទៅទៀត ។ ប៉ុន្តែមុនពពោះកូនទី២ ស្រីនិច្ច កំពុងតែព្យាយាមសម្រកទម្ងន់ ឲ្យរាងដូចមុនមានកូនទី១ វិញ ដើម្បីត្រូវប៉ាន់ទាំងឡើងឆាក និងស្ពតពាណិជ្ជកម្ម។ ទស្សនិកជនថា ប្រសិនបើបូព្រឹក្ស ពិតជាត្រូវប្ដីធ្វើឲ្យល្បីល្បាញលើសកាលពីនៅក្រមុំមែន នោះនាងនឹងក្លាយជាតារាទីមួយហើយ ដែលអាចបំបែកឯតទគ្គកម្មបាន ព្រោះភាគច្រើន តារាឲ្យតែមានប្ដី មានកូនហើយ ច្រៀងលែងទៅមុខ គឺធ្លាក់ចុះការគាំទ្រ៕


