ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរ មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានខ្លឹមសារទាំងស្រុង ថា «ឆ្នាំនេះ ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ បោះ ឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជ សម្បត្តិ។ គឺថ្ងៃនេះ ហើយដែលប្រជារាស្ត្រខ្មែរ គ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចោតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំ របស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។
ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ប្រកបដោយព្រះបញ្ញាញាណ និងព្រះរាជហឫទ័យសន្តោ សដ៏ថ្លៃថ្លា សូមទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិយូរអង្វែង គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរ ជាតិ សូមធ្វើការណែនាំដូចតទៅ ៖
ក្រសួងព្រះបរមរាជវាំង ៖ រៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះ មហាក្សត្រ នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ៖ រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរបស់ខ្លួន។
រដ្ឋបាលរាជធានី ខេត្ត ៖
– រៀបចំព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានស័ក្តិសម ក្នុងក្របខ័ណ្ឌរាជធានី ខេត្ត។
– រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែង លម្អបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន សាធារណៈ សាលារៀន ឱ្យតុបតែងលម្អ បំភ្លឺភ្លើងរាណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជារាស្ត្រ ឱ្យលើកទង់ជាតិ គ្រប់ គេហដ្ឋាន ព្រមទាំងរៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែក កុមារកំព្រា ជនពិការ និងចាស់ជរា គ្មានទីពឹង។
ក្រសួងធម្មការនិងសាសនា ៖ ណែនាំមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះរាជកុសល និងព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហា ក្សត្រ បដាពាក្យស្លោកឱ្យ បានសមរម្យ។
ក្រសួងព័ត៌មាន ៖ ណែនាំឱ្យបណ្តាញឃោសនា វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មាន ធ្វើការជេលិតផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្ថព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ ណែនាំដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី ខេត្ត រៀបចំក្រុមតន្ត្រីសិល្បៈ និងចម្រៀងបុរាណ សម័យ សម្តែង និងប្រគំជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយរីករាយ នៅតាមទីសាធារណៈ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួម អបអរសាទរក្នុងទិវាដ៏នក្ខត្តឫក្សនេះ។
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ៖ ណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ធានាបានសុវត្ថិភាពល្អប្រសើរ និងចាត់តាំងឱ្យមានការអុជកាំជ្រួច នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩ៈ០០នាទីយប់ ដើម្បីអបអរសា ទរព្រះរាជពិធីបុណ្យនេះ។
ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ជួយបង្កលក្ខណៈងាយស្រួលដោះស្រាយសម្ភារៈ ថវិកា ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់បម្រើឱ្យព្រះរាជពិធីដ៏មានសារសំខាន់នេះ បានសមស្របនិងទាន់ពេលវេលា។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៖ រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភ អំណោយ ជាសម្ភារៈ ថវិកា។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមនិងជឿជាក់ថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខា ធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តនូវផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរ»៕