Tuesday, October 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញឱសថនិងគ្រឿងសម្អាង ៨មុខ គ្មានចុះបញ្ជិកា

រកឃើញឱសថនិងគ្រឿងសម្អាង ៨មុខ គ្មានចុះបញ្ជិកា

ខេត្តកំពង់ចាម ៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “អ្នកគ្រូពេទ្យរួចណៃ ភូមិថ្មី”។

សេចក្តីប្រកាសរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “អ្នកគ្រូ ពេទ្យរួចណៃ ភូមិថ្មី” ដែលបានផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសម្អាងគ្មានចុះបញ្ជិកាត្រឹមត្រូវ ដែលម្ចាស់គណនី មានឈ្មោះមុយ រួចណៃ ជាគិលានុបដ្ឋាក និងជាម្ចាស់បន្ទប់ថែទាំជំងឺឈ្មោះ មុយ រួចណៃ មានទីតាំងស្ថិតនៅភូមិទី៣៥ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ឆ្លើយតបនឹងករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយរដ្ឋបាលស្រុកចម្ការលើ បានចាត់តាំងក្រុមការងារបច្ចេកទេស ចុះទៅដល់ទីតាំងផ្ទាល់ និងបានរកឃើញផលិតផលឱសថ និងគ្រឿង សម្អាងគ្មានចុះបញ្ជិកា ដែលមានដូចខាងក្រោម ៖

១. ផលិតផលឱសថក្រុមហ៊ុន គណ មាន៤មុខ ៖

– Fertility female support 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

– Fertility friendly lubricant 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

– PH Balanced 250ml/BTL (ផលិតនៅសហរដ្ឋអាមេរិក)

– Male Fertility 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

២. ផលិតផលឱសថក្រុមហ៊ុន SP មាន ៤មុខ ៖

– SP Fertility care 30Cap/FL (ផលិតនៅប្រទេសជប៉ុន)

– SP Origin 30Tab/FL (ផលិតនៅប្រទេសជប៉ុន)

– SP Advance Wash 120ml/BTL (ផលិតនៅប្រទេសជប៉ុន)

– SP Skin Moisture Serum 50ml/BTL (ផលិតនៅប្រទេសជប៉ុន)

ផលិតផលឱសថ និងគ្រឿងសម្អាងខាងលើ ត្រូវបានដកហូតរួចហើយ។ ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយរដ្ឋបាលស្រុកចម្ការលើ ធ្វើការបិទបន្ទប់ថែទាំជំងឺឈ្មោះមុយ រួច ណៃ ដែលមានទីតាំងស្ថិតនៅភូមិទី៣៥ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលបំពានលើច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តា បញ្ឈប់ការផ្សព្វ ផ្សាយ ការលក់ និងការប្រើ ប្រាស់ផលិតផលឱសថ និងគ្រឿងសម្អាងខាងលើ ព្រមទាំងផលិតផលឱសថគ្មានការចុះបញ្ជិកាគ្រប់ប្រភេទ ដែលនាំឱ្យមានការខាតបង់ប្រាក់កាស និងអាចប៉ះពាល់ដល់សុខភាព៕

RELATED ARTICLES