Wednesday, October 22, 2025
Homeសង្គម និងជីវិតលែងកូនត្រី ៤ម៉ឺនក្បាល ចូលទន្លេសេកុង

លែងកូនត្រី ៤ម៉ឺនក្បាល ចូលទន្លេសេកុង

ខេត្តស្ទឹងត្រែង ៖ មន្ត្រីបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វ មេគង្គលើ ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បាននាំយកកូនត្រីពូជ ចំនួន ៣ប្រភេទ សរុប៤ម៉ឺនក្បាល ទៅលែងក្នុងទន្លេសេកុង ក្នុងគោលបំណងពង្រឹងនិងបង្កើនធនធាន ជលផលធម្មជាតិ ក្នុងតំបន់។

ពិធីលែងកូនត្រី នៅក្រុងស្ទឹងត្រែង នេះ ត្រូវបានដឹកនាំដោយលោកសេង សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ។ សកម្មភាពនេះ ជាការដាស់ស្មារតីដល់អ្នកនេសាទទាំងអស់ ឱ្យរួមគ្នាអភិរក្ស និងបញ្ឈប់ការនេសាទខុសច្បាប់។

លោកសេង សុវណ្ណ មានប្រសាសន៍ថា កូនត្រីទាំង ៣ប្រភេទ រួមមាន ត្រីឆ្ពិន ត្រីពោ និងត្រីប្រា ជាដើម នឹងជួយបង្កើនភាពសម្បូរបែបនៃធនធានជលផល សម្រាប់រដូវបើកនេសាទ។ លោកក៏បានទទូចដល់អ្នកនេសាទ ឱ្យរួមគ្នាអភិរក្សធនធានជលផល និងចៀសវាងការប្រើប្រាស់ ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ។

លោកទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កូនត្រី ៤ម៉ឺនក្បាលនេះ គឺជាធនធានរួមសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសអ្នកនេសាទ ត្រូវតែស្រឡាញ់ធនធាននេះ និងគោរពច្បាប់ជលផល ឱ្យបានខ្ជាប់ខ្ជួន។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីបច្ចេកទេសវារីសត្វ មេគង្គលើ កំពុងខិតខំភ្ញាស់កូនត្រីពូជ ជាច្រើនប្រភេទ រួមទាំងត្រីប៉ាសេអ៊ី សម្រាប់ផ្គត់ផ្គង់ដល់ក្រុមវារីវប្ប ករក្នុងខេត្ត និងខេត្តជិតខាង ក្នុងគោលដៅកាត់បន្ថយការ ពឹងផ្អែកលើការទិញកូនត្រីពីបណ្តាខេត្តផ្សេងៗ ឬប្រ ទេសជិតខាង ដែលអាចចំណាយពេលវេលា និងថវិកាច្រើន។

ចំណែកលោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលខេត្ត បានអះអាងថា ក្រុមបច្ចេកទេសខណ្ឌជលផល ក៏ត្រៀមផ្តល់បច្ចេកទេសចិញ្ចឹមត្រី ដល់បងប្អូនផ្នែកវារីវប្បកម្ម ឱ្យបានច្រើនគ្រួសារ ដើម្បីរួមចំណែកអភិរក្សធនធានមច្ឆជាតិធម្មជាតិក្នុងទន្លេមេគង្គឱ្យកាន់តែសម្បូរបែប និងកាត់ បន្ថយការនេសាទត្រីធម្មជាតិ។

គួរបញ្ជាក់ថា កូនត្រី ដែលក្រុមការងារបានលែងទៅក្នុងទន្លេសេកុង រួមមាន ៖ ត្រីឆ្ពិន ចំនួន ៣ម៉ឺនក្បាល ត្រីប្រា ៧ពាន់ក្បាល និងត្រីពោ ៣ពាន់ក្បាល ដើម្បីជំរុញកំណើនផលស្តុកជលផលធម្មជាតិក្នុងតំបន់៕

RELATED ARTICLES