ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនជាកម្លាំងសមត្ថកិច្ច បានស្ទាក់ឃាត់ម៉ូតូអ្នកដំណើរតាមផ្លូវ នៅពេលយប់ រួចដកកាំភ្លើងខ្លី ភ្ជង់ប្លន់ម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះ៣ថ្ងៃក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងផ្ទះសំណាក់ ១កន្លែង នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ លុះមកដល់វេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់ អប្សរា តាមផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ថៃ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ នៅចំណុចផ្ទះសំណាក់អប្សរា ផ្លូវបេតុង ភូមិដំ ណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ក្លែងបន្លំជាសមត្ថកិច្ច ប្លន់ម៉ូតូ) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២និង២០នាទី នៅចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យខាងលើ បានតាំងខ្លួនជាសមត្ថកិច្ច និងបានស្ទាក់ឃាត់ម៉ូតូ ១គ្រឿង របស់ជនរងគ្រោះម្នាក់ រួចប្រាប់ឱ្យជនរងគ្រោះដឹកខ្លួនទៅម្តុំផ្លូវ៦០ម៉ែត្រ បន្ទាប់មកបានដកកាំភ្លើងភ្ជង់ ប្លន់ម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់តែម្តង។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ម៉ាក YAMAHA FZ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2227 និងកាំភ្លើងហ្គាស់កែច្នៃ ម៉ាក Glock បាញ់គ្រាប់កាំកង់ (កាន់ ធ្វើសកម្មភាព)។
ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕