ខេត្តតាកែវ ៖ របងថ្ម ប្រវែង១៤៨ម៉ែត្រ ដែលបានសាងសង់រំលោភលើដីចំណីស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ គិតត្រឹមវេលាម៉ោង ៤និង១៦នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរប្រើកណ្តាប់ដៃដែក វាយកម្ទេចចោលទាំងស្រុង។

ការអនុវត្តនេះ ធ្វើឡើងភ្លាមៗ ក្រោយពីមានវិធានការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីឱ្យម្ចាស់សំណង់ ធ្វើការរុះរើជាបន្ទាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកវ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្តែងលើទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្ម រំលោភយកដីចំណីស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់។
ក្រោយការចុះពិនិត្យ លោកវ៉ី សំណាង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្ម ដែលមានប្រវែងជាង ១០០ម៉ែត្រ នោះជាបន្ទាន់ ដោយទុកពេល ១៤ថ្ងៃ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការសាង សង់របងនេះ បានធ្វើឡើងដោយមិនបានសុំការអនុញ្ញាតពី អាជ្ញាធរទេ គឺយោងតាមប័ណ្ណកម្មសិទ្ធិ ដែលខ្លួនមាន។

លោកអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា ការសាងសង់របងនេះ បានប៉ះពាល់ចំណីស្ទឹង ដោយកន្លែងខ្លះទុកចំណីត្រឹម ៤ម៉ែត្រកន្លែងខ្លះ ១៨ម៉ែត្រ ខណៈដែលច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង រហូតដល់ ៣០ម៉ែត្រ។ លោកក៏បានចាត់ទុកការចេញប័ណ្ណកម្មសិទ្ធិដែលមានការប៉ះពាល់នេះថា ជាកំហុសរបស់ក្រុមមន្ត្រីបច្ចេក ទេសពាក់ព័ន្ធក្នុងការកសាងប័ណ្ណ រួមមាន ៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ពីគោលការណ៍សំខាន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញប័ណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធនឹងចំណីព្រែក ស្ទឹង បឹងបួទាំងអស់។

ពាក់ព័ន្ធនឹងករណីសាងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ លោករដ្ឋមន្ត្រី បានសន្យាថា ក្រសួងធនធានទឹក នឹងចាត់បញ្ជូនមន្ត្រីមកសហការជាមួយអាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ដើម្បីរុះរើរបងដែលសាងសង់រំលោភនេះចេញ ហើយនឹងបន្តសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីធ្វើការចេញប័ណ្ណកម្មសិទ្ធិថ្មី ឱ្យបានត្រឹមត្រូវតាមច្បាប់៕