ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនល្មើសជនជាតិចិន ២នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ជាង២គីឡូក្រាម ស្ថិតនៅមុខក្លឹបកម្សាន្ត 88&F8 Club ផ្លូវ៩០៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តម សេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំង គ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួល លោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូនជួញដូរនិងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅមុខក្លឹបកម្សាន្ត 88&F8 Club ផ្លូវ៩០៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ចំនួន២នាក់ ជាជនជាតិចិន និងចាប់យកគ្រឿង ញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១៩៩៤ក្រាម (១គីឡូ ៩៩៤ក្រាម) គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៣៧,៧១ក្រាម សរុបរួម សារធាតុញៀនទម្ងន់ ២ ៤៣១,៧១ក្រាម (២គីឡូ ៤៣១,៧១ក្រាម)។បច្ចុប្បន្នជនល្មើសនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕