Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៤ចាប់១ ញាត់ឡាន ដឹកយកទៅលក់

៤ចាប់១ ញាត់ឡាន ដឹកយកទៅលក់

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ម្នាក់ ដាក់ចូលរថយន្ត រួចដឹកយកទៅលក់នៅឯខេត្តបន្ទាយមានជ័យ តែក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការបង្ក្រាប ឃាត់ខ្លួនបានចំនួន៤នាក់ (ជាជនជាតិខ្មែរ) និងរំដោះបានជនរងគ្រោះ ជាជនជាតិចិន ម្នាក់។

ករណីចាប់មនុស្សដាក់ក្នុងរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចកន្លែងប៉ះកង់រថយន្ត ១កន្លែង ចំណុចក្បាលស្ពានគីហ្ស៊ូណា ត្រើយខាងកើត ស្ថិតក្នុងភូមិទន្លបិទ ឃុំទន្លបិទ ស្រុកត្បូងឃ្មុំ។

ក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ជាអ្នកបើកបររថយន្ត)។ ទី២-ឈ្មោះធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ ទី៣-ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្មាំ រស់នៅភូមិព្រៃកុប សង្កាត់ផ្សារអូរទស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៤-ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ Chen Noeuysin ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញបានទទួលព័ត៌មានថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ 2CF-1922 នៅត្រង់ចំណុចកន្លែងប៉ះកង់រថយន្ត ១កន្លែង ចំណុច ក្បាលស្ពានគីហ្ស៊ូណា ត្រើយខាងកើត ស្ថិតក្នុងភូមិទន្លបិទ ឃុំទន្លបិទ ស្រុកត្បូងឃ្មុំ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ និងមានការសហការពីកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោកងិន ពេជ ព្រះរា ជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់។

ប្រភពដដែល បន្តថា ក្រោយធ្វើការស្រាវជ្រាវនិងឃ្លាំមើល កម្លាំងជំនាញបានទទួលព័ត៌មានថា រថយន្ត ១គ្រឿង ខាងលើ បានដឹកជនរងគ្រោះឆ្ពោះទៅខេត្តបន្ទាយមានជ័យ។ រហូតដល់វេលាម៉ោង ១១និង១៧នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចជំនាញនៃធិការដ្ឋាននគរបាលស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ រថយន្តដែលដឹកជនរងគ្រោះបាន នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រាស នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក រួមជាមួយមនុស្ស៥នាក់ ក្នុងនោះ មានជនរងគ្រោះម្នាក់ (ឈ្មោះ Chen Noeuysin ជនជាតិចិន) និងជនសង្ស័យ ជាជនជាតិខ្មែរ ចំនួន៤នាក់ (១-ឈ្មោះ ចយ សាទី ២-ឈ្មោះធី ចិត្ត ៣-ឈ្មោះរ៉ម សិរីវ័ន្ត ៤-ឈ្មោះឆុន សុភិន)។

ជនសង្ស័យទាំង៤នាក់ រួមនិងជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ ប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES