Tuesday, October 14, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ជប់លៀងខួបប្ដី ៣១ឆ្នាំ

ទេព បូព្រឹក្ស ជប់លៀងខួបប្ដី ៣១ឆ្នាំ

ភ្នំពេញ ៖ ទេព បូព្រឹក្ស បានជប់លៀងខួបកំណើតស្វាមី ងួន ចាន់ដេវីត គម្រប់អាយុ៣១ឆ្នាំ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥​ ខណៈដែលនៅថ្ងៃពិសេសរបស់ខ្លួន ដេវីត បានលេងម៉ូដសក់ថ្មីពណ៌ស្វាយ  និងទទួលបានកាដូទូរស័ព្ទ iphone 17 ពណ៌ទឹកក្រូច ដល់ទៅ ២គ្រឿង។ យ៉ាងណា ភ្ញៀវដែលដេវីត ហៅចូលរួម គឺមានតែអ្នកជិតដិតបំផុតប៉ុណ្ណោះ ខណៈដែលស្រីនិច្ច បង្ហាញអារម្មណ៍រីករាយ នៅពេលដែលប្ដីច្រៀងបទ «កំភេមតែងខ្លួន » និងបទ «ទៅលេងអារញ្ញ» ឲ្យនាងរាំយ៉ាងសប្បាយជាមួយភ្ញៀវ។

ងួន ចាន់ដេវីត ថ្លែងថា «អរគុណបងប្អូនដែលស្រលាញ់រាប់អាន ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់។ ឆ្នាំនេះតទៅ និងឆ្នាំក្រោយៗ បើមានកម្មវិធី សូមឲ្យមុខដដែលៗ ព្រោះអត់ចង់ឈប់រាប់អាន ចង់រាប់អានបន្ថែម អត់ចង់ដូរ មុខថ្មីច្រើន»។

 សូមបញ្ជាក់ថា ទេព បូព្រឹក្ស ក្រោយរៀបការជាមួយ ជី ដេវីត ជាង៤ខែនេះ នាងមិនសូវបុកចេញបទចម្រៀងថ្មីៗទេ ប៉ុន្ដែការចេញបទថ្មីនៅពេលណា ឬល្បីថែមទៀតឬថយ គឺស្ថិតនៅលើកណ្ដាប់ដៃប្ដីនាង លោកដេវីត ជាអ្នកកំណត់ ព្រោះលោកជាអ្នកនិពន្ធទំនុកច្រៀង និងMelody រួមទាំងធ្វើភ្លេង ឲ្យនាងច្រៀងតែម្ដង ។ ចំណែកនៅលើឆាកតន្រ្ដី បូព្រឹក្ស ច្រើនតែច្រៀងជាមួយប្ដី ជាងច្រៀងទោល ហើយពេលនេះ រឿងដែលសំខាន់ គឺនាងព្យាយាមសម្រកគីឡូ ឲ្យដូចមុនពេលមានកូនវិញ ។ សម្រាប់ជី ដេវីត នៅលើឆាក លោកចាត់ទុកប្រពន្ធ ដូចជាកូនសិស្ស ព្រោះលោកបង្វឹកនាងឲ្យច្រៀងរ៉េប ដូចខ្លួនដែរ ហេតុនេះនៅពេលឡើងឆាកតន្រ្ដីFan ថា ប្ដីប្រពន្ធតារា ១គូនេះ គឺលុយមូល។

គូស្នេហ៍ទេព បូព្រឹក្ស-ងួន ចាន់ដេវីត ត្រូវបានចាត់ទុកថា ពួកគេសមគ្នាខ្លាំង ទាំងការលេងខ្លួន ដូចជាសម្លៀក បំពាក់ម៉ាកប្រេន  គ្រឿងអលង្ការ និងចាក់សាក់ជាដើម ។ នៅពេលដែលបច្ចុប្បន្នទីផ្សារបទចម្រៀងរ៉េប កំពុងតែផុសផុល ធ្វើឲ្យស្រីនិច្ច និងដេវីត កាន់តែត្រូវប៉ាន់ ដែលអាចរកប្រាក់ចំណូលពីសិល្បៈ បានច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ នាំឲ្យពួកគេមានលទ្ធភាពរស់នៅផ្ទះវីឡា និងជិះរថយន្ដ Lamborghini យ៉ាងហ៊ឺហា។ យ៉ាងណា គេនៅមិនទាន់ឃើញស្រីនិច្ច ត្រៀមពពោះកូនទី២ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតទេ បន្ទាប់ពីកូនប្រុសទី១ មានអាយុជាង២ឆ្នាំ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ទេព បូព្រឹក្ស នឹងនៅមានគេចាប់អារម្មណ៍ បើច្រៀងដៃគូជាមួយប្ដី ព្រោះដេវីត បន្ដឈរជាតារាចម្រៀងរ៉េប លំដាប់ជួរមុខម្នាក់ នាពេលបច្ចុប្បន្ន ហេតុនេះចង់មិនចង់ ខាង Sponsors ត្រូវការដេវីត គឺត្រូវតែភ្ជាប់ជាមួយបូព្រឹក្ស ដែរជាមិនខាន ។ ប៉ុន្ដែការល្បីថែមទៀតរបស់ស្រីនិច្ច ហាក់ពិបាកទៅរួច ព្រោះតារាជាច្រើនដួងមកហើយ ឲ្យតែមានប្ដីនិងកូន ពួកគេប្រឈមទីផ្សារសិល្បៈ នៅទ្រឹង ឬធ្លាក់ចុះខ្លាំង។ ប៉ុន្តែបើតារានោះរក្សាបាននូវរូបសម្រស់ មិនឲ្យបែកសាច់ខ្លាំង ឬឡើងគីឡូជ្រុលនោះ នៅតែមានហាងឆេងដូច ជា ពេជ្រ សូលីកា និងសារ៉ាយ សក្ខណា ជាដើម ។ សម្រាប់ស្រីនិច្ច ក្រោយពីក្លាយជាភរិយាស្របច្បាប់របស់ដេវីត គេជឿថា ប្ដីប្រពន្ធតារា ១គូនេះ នឹងធ្វើកម្មវិធីផ្ទាល់ខ្លួនជាបន្ដបន្ទាប់ជាមិនខាន ដើម្បីបង្ហាញឲ្យគ្រប់គ្នាឃើញថា អ្នកទាំងពីរ ជោគជ័យទាំងការងារសិល្បៈ និងស្នេហា ។          

មជ្ឈដ្ឋានមហាជន រង់ចាំមើលថា ទេព បូព្រឹក្ស នឹងអាចក្លាយទៅជាតារាចម្រៀងរ៉េប ល្បីដូចប្ដីឬទេ នាពេលខាងមុខនេះ? ក្រោយនាងធ្វើឲ្យលោកដេវីត រំភើប តាមរយៈការចាយលុយធំ ធ្វើខួបកំណើតឆ្នាំនេះ ៕

RELATED ARTICLES