ភ្នំពេញ ៖ ពិធីការិនីជើងចាស់ គង់ សុជាតិ បានឲ្យកូនស្រីច្បងរបស់ខ្លួន ឈ្មោះម៉ៅសាល់ភាព ណេលលី ចាប់ អាជីពជាពិធីការិនី (MC) ជាមួយស្វាមីនាង លោក ជា វិបុល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីមួយដែលនាងនិយាយជាភាសាអង់គ្លេស ខណៈលោកវិបុល និយាយខ្មែរ ។ នេះជាការត្រួសត្រាយផ្លូវឲ្យកូនស្រី បន្ដវេនពីខ្លួន ក្នុងអាជីពជាពិធីការិនី ព្រោះកូនស្រី មានវ័យពេញក្រមុំស្ដូកទៅហើយ ខណៈដែលអ្នកនាងសុជាតិ ក៏មានវ័យជ្រេ ឆ្នាំនេះមានអាយុ៤៩ឆ្នាំ ។

ប៉ុន្ដែតាមព័តមានថា ការនិយាយពិធីការិនី ជាភាសារខ្មែរ របស់កូនទី១ សុជាតិ នៅមានកម្រិតនៅឡើយ ហេតុនេះនាងមិនទាន់ឲ្យចេញធ្វើជា MC ក្នុងកម្មវិធីភាសាខ្មែរជំនួសនាងទាំងស្រុងទេ បើកម្មវិធីជាភាសាអង់គ្លេស ទើបនាងរុញកូនស្រី ឲ្យទៅចាប់ដៃជាមួយប្ដីក្មេង របស់នាងតែម្ដង ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ មិនត្រឹមតែសុជាតិ ទេដែលគាំទ្រ លើកទឹកចិត្ត និងប្រាប់ពីរបៀបរៀបចំខ្លួននិងពាក្យពេចន៍ វិធីនិយាយជាពិធីការិនី ឲ្យកូនស្រី ធ្វើជា MC នោះ ប៉ុន្ដែលោកវិបុល ក៏គាំទ្រយ៉ាងពេញទំហឹង និងបង្វឹកនាង ពីវិធីសាស្រ្ដក្នុងការនិយាយឲ្យបានល្អដែរ ព្រោះលោកស្រលាញ់និងចាត់ទុកកញ្ញាណេលលី ដូចកូនស្រីបង្កើតរបស់លោកដែរ ។

កញ្ញាម៉ៅសាល់ភាព ណេលលី កូនស្រីអ្នកនាងគង់ សុជាតិ
គួរបញ្ជាក់ថា គង់ សុជាតិ បានចាប់អាជីពជាពិធីការិនី ជាង២០ឆ្នាំមកហើយ ដែលមកដល់បច្ចុប្បន្ន នាងនៅតែត្រូវប៉ាន់ ទោះជាមានវ័យជ្រេបន្ដិចក្ដី តែនាងបន្ដធ្វើជា MC របស់ហង្សមាស និងចេញមុខតាមបណ្ដាក្រុមហ៊ុន Agency ជាញឹកញាប់ទៀតផង ដែលសឹងតែ ១០០% នាងចាប់ដៃជាមួយស្វាមី លោកជា វិបុល ច្រើនជាងដៃគូ ពិធីករប្រុសផ្សេងៗ ទើបមានអ្នកសិល្បៈខ្សឹបខ្សៀវគ្នាថា ប្ដីប្រពន្ធតារា ១គូនេះ លុយមូល ព្រោះនារដូវក្ដៅ រវល់សឹងតែគ្មានពេលដេកពួន។ ឥឡូវសុជាតិ ចង់បណ្ដុះកូនស្រីសំណព្វចិត្ត ឲ្យធ្វើការងារសិល្បៈដែលនាងស្រលា ញ់សឹងពេញមួយជីវិត ដើម្បីឲ្យកូនស្នងតំណែងនៅពេលអ្នកនាងចូលនិវត្តន៍ នាពេលខាងមុខ ព្រោះណេលលី ក៏មានដុងសិល្បៈ «ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់» នេះបន្ដទៀត ដោយសារកូនស្រីនាង ចេះនិ យាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ព្រោះនាងបានឲ្យកូនស្រីរៀនសាលាល្អៗ ភាសាបរទេស តាំងពីនៅតូច ហេតុនេះដល់វេលាដែលនាងត្រូវបញ្ចេញសមត្ថភាពរកលុយដោយខ្លួនឯងហើយ ព្រោះកូនស្រីក៏ធ្លាប់ដឹកនាំកម្មវិធីបង្ហាញម៉ូដមួយចំនួនជាលក្ខណៈអន្ដរជាតិ ដែលនិយាយភាសាអង់គ្លេស ជាប្រចាំ ពេលបំពេញការងារដែរ។

សូមបញ្ជាក់ថា គង់ សុជាតិ ក្រៅពីប្រឹងរកលុយពីអាជីព MC យ៉ាងមមាញឹក នាងក៏តែងតែនាំប្ដីនិងកូនស្រី ទៅដើរលេងនៅបរទេស ជាញឹកញាប់ផងដែរ ដើម្បីបន្ធូរអារម្មណ៍ពីការនឿយហត់ ដូចជា មុននេះ នាងទើបវិល ត្រឡប់មកពីដើរកម្សាន្ដនៅប្រទេសក្រិក (Greece) ជាដើម ។ សេដ្ឋិនីលាក់មុខរូបនេះ ក៏មានតំណែងជាជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្តិទី៦ ខណៈដែលលោក ជា វិបុល មានតួនាទីជាជំនួយការសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង។ តាមព័តមានថា សុជាតិ និងស្វាមីក្មេង ត្រៀមធ្វើពិធីជប់លៀងធំ ខួបអាពាហ៍ពិពាហ៍ គម្រប់១២ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលកាលពីចុងខែកញ្ញា អ្នកនាងបានដឹកដៃប្ដី ទៅថតឈុតអាពាហ៍ពិពាហ៍ នៅប្រាសាទបន្ទាយស្រី ខេត្តសៀមរាប រំលឹកអនុស្សាវរីយ៍ឆ្នាំ២០១៣ មុនពួកគេរៀបការ។ ទស្សនិកជនថា សុជាតិ ពេលនេះមានអ្វីៗគ្រប់យ៉ាងក្នុងដៃ ប៉ុន្ដែរឿងដែលនាងខកចិត្តនោះ គឺមិនទាន់អាចបំពេញក្ដីស្រមៃឲ្យស្វាមី យកកូនភ្លោះប្រុសបានឡើយ ក្រោយពីលោកវិបុល បានរំអុកចង់បានកូន ម្ដងពីរ ជាង៦ឆ្នាំទៅហើយ តែលទ្ធផលផល សូន្យ ។

ក្រៅពីអ្នកនាង គង់ សុជាតិ ដែលជំរុញឲ្យកូនស្រី ម៉ៅ សាល់ភាព ណេលលី ចាប់អាជីពពិធីការិនី បន្ដវេនពីខ្លួន គេឃើញពិធីការិនីជើងចាស់ អ្នកនាងយុគ ចិន្ដា ក៏កំពុងតែបង្វឹកកូនស្រី យុគ ដាពេជ្រ ហៅស្រីអម ឲ្យធ្វើជា MC ដូចនាងដែរ ៕


