ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបរទេស សរុប៥៩នាក់ យកទៅសាកសួរ កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅតំបន់ China Town ក្រុងព្រះសីហនុ បន្ទាប់ពីមានផ្ទុះការតវ៉ានិងបង្កជាអំពើហិង្សាធំមួយ ដែលត្រូវបានគេរាយការណ៍ថា ផ្តើមចេញពីទំនាស់ទាក់ទងនឹងជំនឿសាសនា។

លោកខៀវ សាវ៉ុន ប្រធានមន្ទីរព័ត៌មានស្តីទីខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានឃាត់ខ្លួននៅសាលាក្រុង រួមមាន ជនជាតិប៉ាគីស្ថាន និងបង់ក្លាដែស ចំនួន៥៧នាក់ ជនជាតិចិន ចំនួន២នាក់ (ជាថៅកែ និងកូនចៅម្នាក់)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅអគារ១កន្លែង ទល់មុខឆ្នេរអូរត្រេះ ដោយដើមហេតុគឺការផ្ទុះទំនាស់ពាក្យសម្តី រវាងមេការជនជាតិចិន និងបុគ្គលិកជនជាតិប៉ាគីស្ថាន ដោយសារតែមាន ការប៉ះពាល់ដល់ជំនឿសាសនា។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ថៅកែជនជាតិចិន បានចេញមុខសម្របសម្រួល និងសុំទោសគ្នា ត្រូវរ៉ូវគ្នាមួយសាហើយ។ ប៉ុន្តែក្រោយមក ស្រាប់តែមានក្រុមជនជាតិប៉ាគីស្ថាន ១ក្រុមទៀត បាននាំគ្នាស្រែកតវ៉ា បង្ហាញការមិនសុខចិត្ត និងមិនទទួលយកការសុំទោសនោះ ដែលបណ្តាលឱ្យបញ្ហាបានរីកធំក្លាយជាអំពើហិង្សាតែម្តង។

គួរបញ្ជាក់ថា ជុំវិញករណីនេះ ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានអះអាងថា ជម្លោះដែលកើតឡើងនេះ មិនមែនជាករណីវិវាទការងារនោះទេ៕