Wednesday, October 8, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌ ជួសជុលព្រះវិហារវត្ត១០០ឆ្នាំ វត្តកំពង់ត្រឡាចលើ

ក្រសួងវប្បធម៌ ជួសជុលព្រះវិហារវត្ត១០០ឆ្នាំ វត្តកំពង់ត្រឡាចលើ

ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងឱកាសអញ្ជើញពិនិត្យការជួសជុលដំបូលព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រ ឡាចលើ និងជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មាការអាចារ្យវត្តកំពង់ត្រឡាចលើ ស្ថិតនៅក្នុងភូមិ អ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តាំផ្ញើដល់លោកតាលោកយាយ គណៈ កម្មាការ អាចារ្យ វត្តសូមចូលរួមថែរក្សាព្រះវិហារវត្ត ឱ្យបានគង់វង្សយូរអអ្វែង តទៅមុខទៀត ព្រោះថាជាមរតក វប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមចូលរួ លោកបណ្ឌិត ហ៊ី វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំង លោក លោកស្រី និងក្រុមការងារជំនាញក្រសួងជាច្រើនរូបទៀត។

លោកស្រីបណ្ឌិត រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការងារជួសជុលវត្តកំពង់ត្រឡាចលើ បានបញ្ចប់ដោយជោគជ័យ ក្រោយពីមានការចូលរួមដ៏ប៉ិនប្រសប់របស់ក្រុមការងារជំនាញរបស់ក្រសួង និងសហគមន៍ជាដៃគូ។ មិនត្រឹមតែការជួសជុលសំណង់ឱ្យមានរូបរាងដូចដើមនោះទេ ប៉ុន្តែវាជាការរស់ឡើងវិញនៃវិញ្ញាណនិងតម្លៃវប្បធម៌ ដែលបន្តឱ្យជំនាន់ក្រោយបានឃើញ និងបានយល់ដឹងពីប្រវត្តិសាស្ត្រ។ អ្វីដែលនៅសេសសល់គឺអនុស្សាវរីយ៍នៃការព្យាយាមការទ្រាំទ្រ និងស្នាមញញឹម នៃសេចក្តីរីករាយដែលកើតចេញពីការ ងារ រួមគ្នានិងមានទំនួលខុសត្រូវថែរក្សាអភិរក្សបេតិកភណ្ឌ ដ៏សំខាន់នេះ ។ ភារកិច្ចរបស់អ្នកជំនាន់ក្រោយគឺថែរក្សា ស្គាល់តម្លៃ និងបន្តការអភិរក្សឱ្យបានរឹងមាំ។ ដោយឡែកការងារជួសជុល មិនមែនបញ្ចប់ត្រឹមប៉ុណ្ណេះទេ ប៉ុន្តែវាជាការចាប់ផ្តើមថ្មីសម្រាប់អនាគត ព្រោះភារកិច្ចនៅមាន ច្រើនទៀត ដូចជាត្រូវធ្វើការអភិរក្សគំនូរបុរាណ ដែលមាននៅលើជញ្ជាំងព្រះវិហារ និងការជួសជុលសាលាធម្មសភាដែលមានកាលៈលក្ខណៈ លេចធ្លោផ្នែកស្ថាបត្យកម្ម ដែលទាមទារការចូលរួមពីយើងទាំងអស់គ្នា ដែលជាអ្នកមានភារកិច្ច បន្តវេនក្នុងការថែរក្សានិងការការពារស្នាដៃ ដែលបានបន្សល់ទុកដោយដូនតារបស់យើង។

បើតាមការបញ្ជាក់របស់លោកប៊ុនថន សុខាណារិទ្ឋិ ប្រធានមន្ទីរ និងវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឱ្យថា ដំបូលព្រះវិហារ វត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការជួសជុលដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ នាពេលនេះ គឺជាគោលនយោបាយរបស់ក្រសួង ក្នុងការថែរក្សាអភិរក្សវប្បធម៌ជាតិ ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវមរតកដូនតាដ៍មានតម្លៃរបស់យើង។

សូមរំលឹកថា វត្តកំពង់ត្រឡាចលើ ជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បី ឋិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តនេះមានឈ្មោះ មួយទៀតគឺវត្តពោធិ៍រុក្ខរាម ដែលជាទូទៅគេបានស្គាល់ព្រះវិហារចាស់មួយ ប្រកបទៅដោយគំនូរបុរាណយ៉ាងវិចិត្រ។ ឯកសារខ្លះថា វត្តកំពង់ ត្រឡាចលើ ក៏កើតឡើងនៅឆ្នាំ១៦៧២ វិហារកសាងនៅឆ្នាំ១៨៤៧ និងគំនូរនៅឆ្នាំ ១៨៥០។ ប៉ុន្តែផ្អែកលើលក្ខណៈសំណង់និងតឹកតាងខ្លះៗ ព្រះវិហារកសាងនៅក្នុងដើមសតវត្សទី២០។ ដោយឡែកបើផ្អែកតាម សិលាចារិកលើដំបូលព្រះវិហារ មានសរសេរថា (ព្រះពុទ្ឋសក្ករាជបាន ២៤៦៨ មហាសក្ករាជ១៨៤៧ ចលសក្ករាជ ១២៨៨ បច្ចុប្បន្នឆ្នាំឆ្លូវ សប្តសក្ស គ្រិស្តបារាំង ១៩២៥)។

បើតាមពាក្យគ្រិស្តបារាំង មានន័យថា ព្រះវិហារបានកសាងនៅ គ.ស១៩២៥។ តែជាអកុសលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះវិហារ នេះ ត្រូវបានដាក់ធ្វើជាឃ្លាំងស្តុក អំបិល និងរក្សាថ្នាំបុរាណ ទើបបណ្តាលឱ្យខូចខាតផ្ទាំងគំនូរបុរាណដោយអន្លើៗ៕

RELATED ARTICLES