Thursday, October 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតអធិការរង ACU រកឃើញ ស៊ី៧៧ម៉ឺនដុល្លារ

អតីតអធិការរង ACU រកឃើញ ស៊ី៧៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា លោកអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធនឹងការទទួលសំណូកជាង ៧៧ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញ (Online Scam)។

យោងតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ នៅពេលនគរបាលជាតិ តាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ សហការជាមួយមូលដ្ឋាន បានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត រកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់ ជាច្រើននាក់ ក្នុងនោះ ជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ។ ជាគោលការណ៍ នគរបាលជាតិ ត្រូវបណ្តេញអ្នកឆបោកទាំងនោះ ចេញពីកម្ពុជា បញ្ជូនទៅប្រទេសវិញ។

ថៅកែទីតាំង Online Scams ជាជនជាតិថៃ ឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់ រត់ការឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ពីការឃុំ ឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃ វិញ ព្រមទាំងអនុញ្ញាតឱ្យបាននៅក្នុងប្រទេសកម្ពុជា បន្តធ្វើការវិញដដែល ដោយចំណាយប្រាក់ជាច្រើន។ ប៉ុន្តែការរត់ការនេះ ត្រូវបរាជ័យ ព្រោះនគរបាលជាតិ មិនអាចសម្របសម្រួលឱ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ (៦ថ្ងៃក្រោយ) ព្រមទាំងរឹបយកប្រាក់រត់ការ បាន ២០ម៉ឺនដុល្លារអាមេរិក ជូនមកតុលាការ។

ដោយសាររឿងនេះពាក់ព័ន្ធអំពើពុករលួយ តុលាការបានបញ្ជូនសំណុំរឿងនេះ មកអង្គភាពប្រឆាំងអំពើ ពុករលួយ ជាសមត្ថកិច្ចវិញ។ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់សរុបចំនួន ៧៧៤ ០០០ដុល្លារអាមេរិក (ម្នាក់ ១៨ ០០០ដុល្លារអាមេរិក) ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាមេខ្លោងក្រុមឆបោក ៤៣នាក់នោះ ដើម្បីរត់ការដោះលែងកូនចៅរបស់ខ្លួនតាមរយៈជនជាតិថៃ មួយរូបទៀត ឈ្មោះ SRIPHAN SUPARP។

នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះវ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤ ០០០ដុល្លារអាមេរិក ឱ្យទៅឈ្មោះហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះមុនី សុខដារ៉ូ ជាអ្នកគប់គិតនិងជួយលាក់បាំងការផ្ទេរប្រាក់។

ក្រោយពីមានភ័ស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យសូកប៉ាន់ ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានឈ្មោះ ៖ ១-វ៉ន វាសនា ជាអធិការរងនគរបាលស្រុកបវេល (មានខ្លួន) ២-តាំង សំណាង ជាយោធា (មានខ្លួន) ៣-ហេង សុខណា (គេចខ្លួន) ៤-មុនី សុខដារ៉ូ (គេចខ្លួន) ៥- OVARARINT RAWI ជាមេខ្លោង Online Scams ជាជនជាតិថៃ និងជាអ្នកចំណាយលុយ ៧៧៤ ០០០ដុល្លារអាមេរិក រត់ការដោះលែងកូនចៅ ៤៣នាក់ (គេចខ្លួន) និង៦- SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។

អង្គភាពប្រឆាំងអំពើពុរលួយ បានបន្តឃាត់ខ្លួនជនជាប់ចោទ ៤នាក់ទៀត ហើយឈ្មោះហេង សុខណា និងឈ្មោះមុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនបាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាអ្នកទី៣ និងទី៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៣ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងក្រុមឆបោក Online Scams ហៅ Call Center ហើយនៅសល់តែ ២រូបទៀត ដែលពុំទាន់ចាប់បាន សុទ្ធតែជាជនជាតិថៃ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីនគរបាលពីររូបនេះ ដែលក្នុងនោះ ម្នាក់ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីដោះលែងជនជាតិថៃ ជាថ្នូរលុយជាង ៧៧ម៉ឺនដុល្លារ។

ក្រោយការស៊ើបសួរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ ចោទទាំងពីរនាក់ ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ “ប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់» តាមមាត្រា៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”។

ជនជាប់ចោទទី១ ឈ្មោះវ៉ន វាសនា តួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល និងជនជាប់ចោទទី២ ឈ្មោះតាំង សំណាង ហៅ សុខ ច័ន្ទសំណាង តួនាទីជាជំនួយការអគ្គនាយករងម្នាក់ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានគប់គិតគ្នារត់ការសូកប៉ាន់ប្រាក់ ចំនួន ៧៧៤ ០០០ដុល្លារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅ និងធ្វើការខុសច្បាប់។

ទង្វើជនជាប់ចោទខាងលើ គឺមានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក ឈ្មោះវ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុផ្សំនៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

RELATED ARTICLES