Thursday, October 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកបុកគេស្លាប់ យកកាណូតលាក់ ប្តឹងបាត់កាណូត ជាប់គុក

បើកបុកគេស្លាប់ យកកាណូតលាក់ ប្តឹងបាត់កាណូត ជាប់គុក

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានបើកកាណូតបុកមនុស្សស្លាប់ បែកគំនិតយកកាណូតទៅលាក់ទុក រួចរត់ទៅប្តឹងសមត្ថកិច្ចថា ខ្លួនបានបាត់កាណូត ១គ្រឿង តែទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងការពិតថាជាជនល្មើសដែលបានបើកកាណូត បុកក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ បណ្តាលឱ្យស្លាប់ ក៏ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ និងត្រូវបានតុលាការ សម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ជនសង្ស័យ មានឈ្មោះហែម សៀងហៃ អាយុ៣១ឆ្នាំ មុខរបរជាជាងធ្វើម៉ាស៊ីននិងទូក រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនចរាចរណ៍ផ្លូវទឹក បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនបង្កហេតុ ដែលដើរតួជាជនរងគ្រោះ ថាបានបាត់កាណូត ១គ្រឿង សមត្ថកិច្ចនគរបាលជំនាញ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកភស្តុតាងដាក់បន្ទុកទៅលើជនសង្ស័យដែលបានបើកកាណូតលឿន បង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ ដែលព្យាយាមបង្វែរសាច់រឿង ភូតកុហកសមត្ថកិច្ច ពីករណីបុកមនុស្សស្លាប់ ទៅជារឿងចោរកម្មវិញ។ ក្នុងប្រតិបត្តិការស្វែងរកភស្តុតាង ដើម្បីដាក់បន្ទុកលើជនសង្ស័យនេះ  សមត្ថកិច្ចជំនាញ ប្រើរយៈ ពេល ៥ថ្ងៃ  ក្នុងការប្រមូលភស្តុតាង ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រូបគេពិតជាបានបើកកាណូត បង្កគ្រោះថ្នាក់ ទៅបុកកាណូតជនរងគ្រោះ ឈ្មោះខោល សុវណ្ណរាជ អាយុ១៤ឆ្នាំ រស់នៅភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង បណ្តាលឲ្យស្លាបចក្រម៉ាស៊ីនកាណូត កាប់ទៅលើជនរងគ្រោះ សុសខ្លួន ធ្លាក់ទឹកស្លាប់ប្រាកដមែន។

ក្រោយបង្កហេតុ រូបគេបានយកកាណូតរបស់ខ្លួន ទៅផ្ញើអ្នកស្គាល់ម្នាក់ទៀត រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយបានមកប្តឹងនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង ថាមានចោរលួចកាណូតរបស់ខ្លួន។  មិនត្រឹមតែប៉ុណ្ណឹង រូបគេបានឱ្យមិត្តភក្តិបង្ហោះរូបភាពកាណូត នៅក្នុងបណ្តាញ សង្គម ថាកាណូតនេះ បានបាត់ បើបងប្អូនបានឃើញ ជួយប្រាប់ផង ដែលជាការបំភាន់ព័ត៌មាន។

ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ទីបំផុតជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ  និងត្រូវបានតុលាការសម្រេចឃុំខ្លួនរួចរាល់ហើយ៕

RELATED ARTICLES