Tuesday, September 16, 2025
Homeសង្គម និងជីវិតសត្វត្រយងចង្កំកស កើន២៩ក្បាល

សត្វត្រយងចង្កំកស កើន២៩ក្បាល

ភ្នំពេញ ៖ សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើម តាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦ សានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។

យោងតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា  ក្នុងការធ្វើជំរឿនសត្វត្រយងចង្កំ គឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់តាមដានពីនិន្នការនៃការផ្លាស់ប្តូរនិងការប្រែប្រួលនៃចំនួនបក្សីដ៏កម្រនេះ ក្នុងរដូវមិនបន្តពូជ។ ទិន្នន័យនេះនឹងជួយដល់ការរៀបចំផែនការអភិរក្សប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងដែរថា តាមរយៈ របាយការណ៍ជំរឿនប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញពីសញ្ញាវិជ្ជមាន ដោយក្រុមការងារអភិរក្ស បានកត់ត្រាសត្វត្រយងចង្កំកស បានចំនួនរហូតដល់ ២៩ក្បាល។ ចំនួននេះគឺជាតួលេខខ្ពស់ បើធៀបនឹងការជំរឿនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤) ដោយក្រុមការងារកត់ត្រាចំនួនខ្ពស់បំផុត ត្រឹមតែ២៦ក្បាលប៉ុណ្ណោះ។

ទិន្នន័យនេះសបញ្ជាក់យ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាបេះដូងដែលកំពុងជួយទ្រទ្រង់និងគាំទ្រដល់ការបន្តពូជនិងការរស់នៅរបស់សត្វត្រយងចង្កំកស និងសត្វព្រៃដទៃទៀត ព្រមទាំងបង្ហាញពីសក្តានុពល និងប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងអភិរក្សផងដែរ។

គួរបញ្ជាក់ថា សត្វត្រយងចង្កំកស មានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ។

ដែនជម្រកសត្វព្រៃលំផាត់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទីជម្រកដ៏មានសុវត្ថិភាព ដល់សត្វត្រយងចង្កំកស ដែលជាបក្សីជិតផុតពូជបំផុតមួយ នៅលើពិភពលោក។

បច្ចុប្បន្ន ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា កំពុងធ្វើជំរឿនសត្វត្រយងចង្កំកស នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងឆ្នាំ២០២៥ នេះ៕

RELATED ARTICLES