Wednesday, September 10, 2025
Homeទេសចរណ៍រូបនៅព្រលានយន្តហោះកម្ពុជា-ថៃ បង្ហាញសន្ដានសភាវៈល្អ-អាក្រក់

រូបនៅព្រលានយន្តហោះកម្ពុជា-ថៃ បង្ហាញសន្ដានសភាវៈល្អ-អាក្រក់

ភ្នំពេញ ៖ បណ្ឌិត បញ្ញវន្តកម្ពុជា បានលើកឡើងអំពីរូបចម្លាក់នៅព្រលានយន្តហោះអន្តរជាតិតេជោ ព្រលានយន្តហោះថ្មី របស់កម្ពុជា ដែលមានតម្កល់ព្រះពុទ្ធប្បដិមា កម្ពស់៩ម៉ែត្រ និងរូបចម្លាក់យក្ស នៅព្រលានយន្តហោះសុវណ្ណភូមិ របស់ថៃ ថាតាមរយៈរូបចម្លាក់ទាំង២នេះ បាន បង្ហាញនូវសន្ដានសភាវៈខុសគ្នា គឺរូបព្រះពុទ្ធរបស់កម្ពុជា បង្ហាញនូវសន្ដានសភាវៈល្អ តំណាងភាពសុខស្ងប់ ឲ្យសន្តិភាព ការសន្ដោសប្រោសប្រណីចំពោះមនុស្សសត្វ ឯរូបយក្ស (អសុរ) បង្ហាញនូវសន្ដានសភាវៈអាក្រក់ កោងកាច សាហាវឃោរឃៅ ។

លោកបណ្ឌិត ម៉ៅ ចន្ទតារា ជាអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រមួយរូប បានបង្ហោះព្រះពុទ្ធប្បដិមា ដែលតម្កល់នៅក្នុងព្រលានយន្តហោះអន្តរជាតិ តេជោ នៃព្រះរាជាណាចក្រកម្ពុជា និងរូបយក្ស ដែលតម្កល់នៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ របស់ប្រទេសថៃ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរថា “ រវាងជាតិសាសន៍ពីរ ក្បែរគ្នា រូបនៅក្នុងព្រលានយន្តហោះដូចគ្នា តែអ្នកដំណើរតាមអាកាស អាចស្គាល់សន្ដានចិត្តមនុស្សច្បាស់បំផុត តាមរយៈការមើលរូបទាំងពីរ ព្រះពុទ្ធ (កម្ពុជា) និងអសុរៈ (ថៃ)“ ។

 ជាមួយគ្នានោះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ថា រូបយក្ស គឺតំណាងឲ្យសភាវៈអាក្រក់ តំណាងឲ្យមនុស្សកាចឃោរឃៅ ព្រោះធម្មជាតិរបស់យក្ស ស៊ីមនុស្ស ស៊ីសត្វ ជាអាហារ ដូចមាននៅក្នុងអក្សរសិល្ប៍ សាសនា និងរឿងពេ្រង ។ រីឯតួអង្គព្រះពុទ្ធ គឺតំណាងឲ្យសភាវៈល្អ មានន័យថា ជាអ្នកដែលមានសេចក្ដីស្រលាញ់ សេចក្ដីមេត្តា ការសន្ដោស មានកុសលភាព ចិត្តសង្រ្គោះ ប្រោសមនុស្សមិនរើសមុខ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ យើងមិនដឹងថា ភាគីថៃ ដែលគេប្រើរូបយក្ស (អសុរៈ) ដាក់នៅព្រលានយន្តហោះរបស់គេ ជាពិសេសយើងឃើញព្រលានយន្តហោះសុវណ្ណភូមិ ហ្នឹង មិនដឹងថា តើអត្ថន័យនៅពីក្រោយ ឬក៏គោលបំណងរបស់ភាគីថៃ ហ្នឹង គេមានយ៉ាងម៉េចទេ ប៉ុន្តែបើខាងភាគីកម្ពុជា យើងបានឮអ្នកធ្វើអត្ថាធិប្បាយ និយាយខ្លះៗអំពីអត្ថន័យនៅពីក្រោយហ្នឹង ។ ប៉ុន្តែរឿងដែលសំខាន់ ប្រសិនបើយើងមិនបានឮអ្នកផ្ដើមគំនិតសាងសង់ហ្នឹង អ្នកផ្ដើមគំនិតឲ្យដាក់រូបហ្នឹង ហើយយើងគិតទៅលើរូបជាក់ស្ដែង ប្រាកដណាស់ថា រូបយក្ស គឺតំណាងឲ្យសភាវៈអាក្រក់ តំណាងឲ្យមនុស្សកាចឃោរឃៅ ព្រោះធម្ម ជាតិរបស់យក្ស គឺយើងដឹងហើយថា កាចឃោរឃៅ សាហាវ ស៊ីមនុស្ស ស៊ីសត្វ ជាអាហារអីជាដើម វានៅក្នុងអក្សរសិល្ប៍ នៅក្នុងសាសនា នៅក្នុងរឿងពេ្រង គឺតំណាងឲ្យសភាវៈអាក្រក់។ ចំពោះតួអង្គព្រះពុទ្ធ វិញ គឺតំ ណាងឲ្យសភាវៈល្អ មានន័យថា ជាអ្នកដែលមានសេចក្ដីស្រលាញ់ មានសេចក្ដីមេត្តា មានការសន្ដោស មាន កុសលភាព មានចិត្តសង្រ្គោះ ប្រោសមនុស្សមិនរើសមុខជាដើម“ ។

លោកបណ្ឌិតឈត ប៊ុនថង បានមានប្រសាសន៍ថា “អាហ្នឹងបើយើងមើលទៅ គឺនៅក្នុងរូបភាពផ្ទាល់ រូបចម្លាក់ផ្ទាល់ គឺវាមានន័យបែបហ្នឹង ដោយសារតែយើងដឹងហើយថា តួអង្គព្រះពុទ្ធ គឺតំណាងឲ្យសាសនាព្រះពុទ្ធ ហើយនៅក្នុងសាសនាព្រះពុទ្ធ ហ្នឹងមានរឿងល្អៗជាច្រើន ដែលពិភពលោកឥឡូវនេះ គេកំពុងតែងាកមកចាប់អារម្មណ៍ស្វែងយល់អំពីព្រះពុទ្ធសាសនា ដោយសារតែយើងឃើញទស្សនវិជ្ជាល្អៗ ដូចជាពៀររម្ងាប់ដោយ ការមិនចងពៀរ ប្រោសសត្វទាំងអស់មិនរើសមុខ អីជាដើម ហើយសន្តិភាព ដែលជាគ្រឹះសំខាន់នៅក្នុងព្រះពុទ្ធសាសនា អីជាដើម ។ អ៊ីចឹងបង្ហាញឲ្យច្បាស់ថា ព្រះពុទ្ធរូប ដែលបានដាក់តម្កល់នៅក្នុងព្រលានយន្តហោះថ្មី របស់កម្ពុជា នេះ គឺឆ្លុះបញ្ចាំងឲ្យវប្បធម៌របស់កម្ពុជា ផង ហើយនិងឆ្លុះបញ្ចាំងឲ្យអ្នកផ្ដួចផ្ដើមគំនិតហ្នឹងផងថា កម្ពុជា មិនចង់បានសង្រ្គាម មិនចង់មានជម្លោះ ឬក៏ប្រទូសរ៉ាយ ឬក៏មិនចង់ឈ្លានពានប្រទេសជិតខាងណាមួយ ឬក៏អាចថា យកអ្នកដទៃទាំងអស់នៅលើពិភពលោក ជាមិត្តរបស់ខ្លួន អីជាដើម វាអាចមានន័យច្រើន បើសិន ជាយើងទាញមកបកស្រាយ។ ប៉ុន្តែគ្រាន់តែឃើញពុទ្ធរូប មួយហ្នឹង វាមានន័យគ្រប់គ្រាន់ហើយ។ សម្រាប់រូបយក្ស យើងឃើញហើយថា តំណាងឲ្យសភាវៈអាក្រក់ ទោះបីជាអ្នកដទៃហ្នឹងធ្វើល្អ ឬធ្វើអាក្រក់ក៏ដោយ យក្សមិនខ្វល់ទេ កាលណាតែឃ្លានចង់ស៊ី គឺស៊ីហើយ អាហ្នឹងបើយើងមើលសភាវៈហ្នឹង តែគ្រាន់តែថា ជាក់ស្ដែង គំនិតនៅពីក្រោយយ៉ាងណានោះ យើងមិនដឹងទេ ទាល់តែទៅសួរភាគីម្ខាងៗ ជាពិសេសគឺអ្នកផ្ដួចផ្ដើមគំនិត អ្នកសម្រេចចិត្តឲ្យដាក់រូបនោះ ទើបដឹង។ ប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះ គឺវាវិភាគទៅលើរូបចម្លាក់ផ្ទាល់តែម្ដង វាអាចមានន័យបែបហ្នឹង” ។

 គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលជាអាកាសយានដ្ឋានថ្មី លំដាប់ F4 របស់កម្ពុជា ដែលបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានតម្កល់ ព្រះពុទ្ធប្បដិមា ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ ។

 បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ការតាំង បង្ហាញព្រះពុទ្ធប្បដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ព្រលានយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។ លើសពីនោះទៀត ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅក្នុងរាល់រចនាបទ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរ សុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ។ ជាពិសេស ដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គ ដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា ៕ កុលបុត្រ 

RELATED ARTICLES