Saturday, September 6, 2025
Homeចរាចរណ៍ អគ្គស្នងការ ណែនាំ១០ចំណុច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

 អគ្គស្នងការ ណែនាំ១០ចំណុច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនិងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូន ប្រមាណជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូល រួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេស ភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្តង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន ៖ ទី១-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ទី២- មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត។ ទី៣-មិនត្រូវបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀន ជាដាច់ខាត។ ទី៤-មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេក ជាដាច់ខាត។ ទី៥-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ។ ទី៦-ត្រូវពាក់ខ្សែក្រវាត់ជានិច្ច (ចំពោះរថយន្ត)។ ទី៧-ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច។ ទី៨-ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច។ ទី៩-ត្រូវចេះបើកបរច្បាស់លាស់និងមានការយល់យោគអធ្យាស្រ័យគ្នា និងទី១០-ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើង ចរារចរណ៍គ្រប់ពេលវេលា ក្នុងពេលបើកបរ សូមកុំគោរពតែនៅពេលដែលមានវត្តមានកម្លាំងនគរបាល មិនត្រូវមើលទូរស័ព្ទ ដើម្បីស្វែងរកទីតាំងតាម Google Map និងកុំនិយាយទូរស័ព្ទ ពេលកំពុងបើកបរ ឱ្យសោះ ជាពិ សេសអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង ១ប៉ប្រិចភ្នែកប៉ុណ្ណោះ មិនត្រូវដណ្តើមឬប្រជែងយកឈ្នះគ្នាលើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពានក្នុងស្ថានភាពដែលអាចមាន គ្រោះថ្នាក់។

ដោយឡែក សម្រាប់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អនុសាសន៍ឱ្យសហការជាមួយក្រុមហ៊ុនផ្តល់ការបណ្តុះបណ្តាលច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍ យ៉ាងតិច ៦ខែម្តង ត្រូវសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកបើកបរអត្តសញ្ញាណយានយន្ត ប័ណ្ណបើកបរ និងបទពិសោធន៍ជំនាញ ត្រូវជំរុញឱ្យមានកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ ជាមួយក្រុមហ៊ុនជាទៀងទាត់ និងបង្កើតប្រព័ន្ធទំនាក់ទំនងនានាជាមួយក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីសហ ការដោះស្រាយលើបញ្ហាប្រឈមនានា។

លើសពីនេះ ត្រូវបន្តធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ករណីល្មើសតិចតួច អប់រំនៅនឹងកន្លែង ជាជាងផាកពិន័យ ឬអាចឃាត់ទុកមធ្យោបាយបណ្តោះអាសន្ន ជាការព្រមាន។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងវិន័យសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីនគរបាល ចរាចរណ៍ បញ្ចៀសឱ្យបានអំពីការរិះគន់វាយប្រហារផ្សេងៗ និងបង្កើនការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្អែកតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលផែនការងារចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ឆមាសទី១ ឆ្នាំ២០២៥ បានកើឡើងសរុបចំនួន ១០៦៦លើក (យប់៥៨ភាគរយ) បណ្តាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរងរបួស ១៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន បើកបរល្មើសល្បឿន ៥០ភាគរយ មិនគោរពសិទ្ធិ ២១ភាគរយ មិនប្រកាន់ស្តាំ ១១ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ ស្រវឹង ៥ភាគរយ បត់ ២ភាគរយ កត្តាយាន្ត ២ភាគរយ ងងុយ ១ ភាគរយ និងសញ្ញាចរាចរណ៍ ១ភាគរយ៕

RELATED ARTICLES