Wednesday, August 20, 2025
Homeតារាខ្មែរនី រតនា ថាសំណាងបានប្រពន្ធល្អ

នី រតនា ថាសំណាងបានប្រពន្ធល្អ

ភ្នំពេញ ៖ តារាកូន៣ លោកនី ម៉ាប់ ហៅនី រតនា ថ្មីៗនេះបានចេញមុខសរសើរប្រពន្ធពេញៗមាត់ថា ខ្លួនជាបុរសមានសំណាងម្នាក់ដែលបានភរិយាស្អាត ឆ្លាតតាមបែបធម្មជាតិ ហើយលោកក៏ឆ្ងល់ខ្លួនឯងថា មិនដឹងជាធ្វើបុណ្យប៉ុន្មានជាតិទេ ទើបបានជួបមនុស្សដូចប្រពន្ធលោក។ លោកម៉ាប់ ថាបំណងប្រាថ្នាតាំងពីតូច ពេលនេះវាបានកើតឡើងហើយ ។ ចំពោះបំណងប្រាថ្នាដែលលោករតនា ចង់សំដៅនោះ អាចជាក្ដីសុបិនដែលលោកចង់បានប្រពន្ធស្អាតនិងឆ្លាត ដូចភរិយាលោកសព្វថ្ងៃ ។ ប៉ុន្ដែលោកមិនប្រាប់ថា តើគុណសម្បត្តិសំខាន់ៗរបស់ភរិយា មានអ្វីខ្លះទៀត ក្រៅពីស្អាតនិងឆ្លាតនោះឡើយ ។

សូមបញ្ជាក់ថា នី រតនា បានចាប់ដៃជាមួយភរិយា អ្នកនាងហេង សុវណ្ណភក្ដិណា ៦ឆ្នាំមកហើយ ដែលពេលនេះមានកូន ៣នាក់ (ស្រី២ ប្រុស១)ខណៈដែលកាលពីចុងខែមករា ឆ្នាំ២០២៤ ប្រពន្ធរបស់លោក បានសម្រាលកូនភ្លោះ។ លោកម៉ាប់ ថាលោកជាបុរសសំណាងបំផុត ព្រោះបានប្រពន្ធស្អាត ហើយឆ្លាតទៀត ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមខ្លះ បែរជាថាលោករតនា សំណាងជាងនេះទៅទៀត គឺប្រពន្ធរបស់លោកជាកូនអ្នកមានទ្រព្យ ស្ដុកម្នាក់។ប្រភពថា ភរិយាលោករតនា អ្នកនាងសុវណ្ណភក្ដិណា ជាកូនស្រីរបស់អ្នកជំនួញធំម្នាក់ ដែលរៀបការរួច លោករតនា មានអ្វីៗគ្រប់យ៉ាងទាំងអស់ ។

 នី រតនា បានឈរជើងនៅហង្សមាស ១០ឆ្នាំហើយ ដែលមកដល់ពេលនេះ នៅតែគ្មានដំណឹងថាលោកចេញពីទ្រនំធំនេះទេ បើទោះជាតារាល្បីៗមួយចំនួន បានដើរចេញជាបន្ដបន្ទាប់ក្ដី ។ដោយឡែកអ្នកតាមដានបទចម្រៀងរតនា លើកឡើងថា លោកម៉ាប់ មិនសូវមានបទចម្រៀងល្បីៗដូចមុនឡើយ តាំងពីរៀបការប្រពន្ធមក។ ប៉ុន្ដែតារាចម្រៀងមកពីខេត្តកំពង់ធំរូបនេះ ជីវិតពោពេញទៅដោយសុភមង្គល ព្រោះរស់នៅផ្ទះវីឡារធំ ជិះរថ យន្ដទំនើបៗដែលផ្ទុយស្រឡះទៅនឹងជីវិតលោក មុនក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី១ ។ ប្រភពថា រតនា ចង់បានកូនបន្ថែមទៀត ពោលគឺការមានកូន ៣នាក់ មិនទាន់គ្រប់គ្រាន់ឡើយ ។

ក្រៅពីនី រតនា តារាដែលបានប្រពន្ធជាកូនអ្នកមានទ្រព្យមាន ដូចជា លោកឆាយ វីរៈយុទ្ធ និងកែវ វាសនា ជាដើម ដែលពេលនេះពួកគេរស់នៅផ្ទះវីឡាស្កឹមស្កៃ និងលេងម៉ូដរថយន្ដថ្លៃៗដូចគ្នា ។សម្រាប់លោក រតនា ទោះជាមានកូន ៣នាក់មែន ប៉ុន្ដែលោកនៅតែមានទីផ្សារចម្រៀង ទាំងការច្រៀងនៅឆាកតន្រ្ដីនៅ Studio និងតាមក្រុមហ៊ុន Agency មុនពេលមានសង្រ្គាមនៅតាមព្រំដែន ។ អ្នករៀបចំការប្រគំតន្ត្រីតាមបណ្ដាកម្មវិធីនានា បានឲ្យដឹងថា លោកម៉ាប់ អាចច្រៀងបទមរតកដើម បានយ៉ាងពីរោះ ហេតុនេះទោះជាគ្មានបទល្បីៗទៀត នៅហង្សមាស ក៏លោកនៅតែអាចរកលុយតាមកម្មវិធីនានាបានដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ប្រពន្ធរបស់លោករតនា ជាអ្នកពូកែរកស៊ីតាម Online ម្នាក់ហេតុនេះហើយបានជាតារាចម្រៀងហង្សមាស រូបនេះ ពេញចិត្តប្រពន្ធស្ដូកបែបនេះ ។

មានការកត់សម្គាល់ដែរថា នៅឆ្នាំ២០២៥ នី រតនា ទោះជាលែងសូវ មានបទល្បីៗដូចមុនមែន ប៉ុន្ដែលោកបែរជាល្បីជាតារាម្នាក់ដែលបានកូនភ្លោះ ។ សម្រាប់លោកម៉ាប់ ក្រៅពីសរសើរប្រពន្ធនៅលើបណ្ដាញសង្គមនោះ លោកក៏ធ្លាប់នាំនាងសុវណ្ណភក្ដិណា ឡើងច្រៀងលើឆាកតន្រ្ដីធំជាមួយគ្នាផងដែរ ដើម្បីបង្ហាញពីភក្ដីស្នេហ៍។ ប៉ុន្ដែលោករតនា មិនទាន់នាំប្រពន្ធថត MV ដូចលោកព្រាប សុវត្ថិ ឡើយ ៕

RELATED ARTICLES