ភ្នំពេញ ៖ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

លោកបណ្ឌិត ងី មានហេង បានបន្តថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម (ឈឺ) មានចំនួនសរុប ២៣៥០នាក់ និងករណីស្លាប់ ចំនួន៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងមូលដ្ឋានរាជធានី ភ្នំពេញ ករណីជំងឺគ្រុនឈាម មានចំនួនសរុប ១៥៦៣នាក់ និងករណីស្លាប់ចំនួន ១នាក់។ លោកបន្តថា ដើម្បីការពារកុំឱ្យមានករណីជំងឺគ្រុនឈាម កើនឡើង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តសារគន្លឹះសំខាន់ៗ ដោយយើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លា អស់ពីសហគមន៍។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សព្វថ្ងៃមន្ត្រីសុខាភិបាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្នុងរាជធានីភ្នំពេញ បានសហការជាមួយភាគីពាក់ព័ន្ធក្នុងបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត និងចុះផ្សព្វផ្សាយសារ អប់រំសុខភាព ដើម្បីកំចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុនឈាម នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។

សូមរំលឹកឡើងវិញថា ក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនិងពង្រឹងការបង្ការជំងឺគ្រុនឈាម ឱ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ ពេលវេលាទាំងកម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍ កាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឈាង រ៉ា រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញ បង្កើនការតាមដាននិងឆ្លើយ តបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយ ការណ៍ករណីសង្ស័យ ពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័ស ពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជា ចុះអប់រំសុខភាព ការចុះកម្ចាត់ជម្រកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូស នៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។

បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជា ពលរដ្ឋពីវិធីសាស្ត្រការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ។ ប្រសិនបើមានសមាជិកគ្រួសារអ្នកមានសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី២ថ្ងៃ និងមានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួន ត្រូវទៅទទួលការព្យាបាលជាបន្ទាន់ នៅមន្ទីរពេទ្យដែលជិតបំផុត៕
