ខេត្តបាត់ដំបង ៖ វីរកងទ័ពកម្ពុជាម្នាក់ ដែលឈរជើងការពារប្រាសាទតាមាន់ធំ កំពុងជួបទុក្ខជាទម្ងន់ ដោយ សារកូនស្រីជាទីស្រលាញ់របស់ខ្លួន បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំងវ័យក្មេង បន្សល់ទុកនូវការសោកស្ដាយពីក្រុមគ្រួសារជាពន់ពេក ហើយទន្ទឹមនឹងការសោកស្ដោយនោះ យោធិនការពារទឹកដីនេះ កំពុងតែខ្វះខាតលុយធ្វើបុណ្យសពកូន ក្នុងស្ថានភាពជីវភាពខ្វះខាត ប្រាក់ខែមិនអាចទប់នឹងការចំណាយក្នុងគ្រួសារ ។ ដូច្នេះវីរកងទ័ពរូបនេះ ស្នើសុំសប្បុរស ជនជួយឧបត្ថម្ភដល់គ្រួសារគាត់ផង ។

វីរកងទ័ពការពារប្រាសាទតាមាន់ធំ ដែលកំពុងជួបទុក្ខធំ កូនស្រីស្លាប់នេះ មានឈ្មោះដួង កុសល អាយុ៥៤ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រពន្ធនិងកូន ១០នាក់ ។ ក្នុងចំណោមកូនទាំង១០នាក់នេះ បានរៀបការ មានប្ដីប្រពន្ធ អស់៦នាក់ នៅសល់៤នាក់ ប៉ុន្តែសុទ្ធតែមានជីវភាពខ្វះខាត រៀនសូត្រមិនបានខ្ពង់ខ្ពស់ គ្មានមុខរបរការងារធំដុំ ។ ក្នុងនោះកូនស្រីដែលស្លាប់ មានឈ្មោះ កុសល ស្រីណុច អាយុ១៨ឆ្នាំ ជាកូនទី៨ នៅលីវ ឈប់រៀនត្រឹមថ្នាក់ទី៥ និងកាលមិនទាន់ស្លាប់ ធ្វើការជាបុគ្គលិកឲ្យក្រុមហ៊ុនចិន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពបងស្រីរបស់យុវតី កុសល ស្រីណុច បានឲ្យដឹងថា ស្រីណុច បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។ ស្រ្តីជាបង រំលឹកថា ប្អូនស្រីរបស់ខ្លួន ក្រោយឈប់រៀនត្រឹមថ្នាក់ទី៥ ក៏បានចេញទៅរកការងារធ្វើជាបុគ្គលិកចិន នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែបានប្រាក់ខែមិនច្រើនទេ បានត្រឹមតែទប់ចំណាយវាយខ្លួនឯង និងផ្ញើមកជួយបងប្អូនដែលរស់នៅជាមួយឪពុកមា (ពូ) ដែលជាកំលោះចាស់ មានមុខរបរជាងសំណង់់ នៅឯស្រុកកំណើត ឯឪពុកនិងម្ដាយរស់នៅតែក្នុងបន្ទាយ ។ លុះចូលមកដល់អំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ស្របពេលបញ្ហានៅព្រំដែន ខាងថៃ បាញ់ផ្សែងពុល និងមានប្រជាពលភៀសសឹកច្រើននោះ ថៅកែចិន នៅកន្លែងការងារ ក៏ផ្អាកការងារ ទើបនាងជាបង ប្រាប់តាមទូរស័ព្ទហៅប្អូនត្រលប់មកផ្ទះវិញសិនមក បើមិនទាន់មានការងារធ្វើ ឬរកការងារថ្មី មិនទាន់បានធ្វើ ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ប្អូនស្រីបានជិះតាក់ស៊ី ត្រលប់មកផ្ទះវិញ តែមកដល់ចំណុចកើតហេតុ រថយន្តតាក់ស៊ី ដែលមានគ្នាជិះ ៣នាក់ រាប់ទាំងប្អូនស្រីនាង ជិះនៅក្នុងកាប៊ីន ទន្ទឹមតៃកុង បានបុកគ្នាជាមួយកង់បី (PassApp) បណ្ដាលឲ្យរថយន្តតាក់ស៊ី ក្រឡាប់ធ្លាក់ប្រឡាយ ហើយប្អូនស្រីរបស់ខ្លួន បានបាក់កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង នៅវេលាម៉ោង១កន្លះ ថ្ងៃដដែលនោះ ។
ក្រោយកើតហេតុ សពនារីរងគ្រោះ ត្រូវបានដឹកមកធ្វើបុណ្យនៅស្រុកកំណើត និងបានធ្វើពិធីបូជានៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៧ ។ ប៉ុន្តែនៅក្នុងពិធីបុណ្យសពនេះ រាងស្រងេះស្រងោចនិងអត្តខាត់បន្តិច ពុំសូវមានអ្នកទៅចូលរួម ហើយក្រុមគ្រួសារកំពុងតែព្រួយរឿងខ្វះលុយឲ្យថ្លៃទិញអីវ៉ាន់សព ថ្លៃបបរ និងថ្លៃមេន ជាដើម ព្រោះក្រុមគ្រួសារដែលមានឪពុកទាហានជួរមុខ ជាមេគ្រួសារ មិនមានលុយគ្រប់គ្រាន់ធ្វើបុណ្យឲ្យកូននោះទេ ព្រោះរំពឹងលើប្រាក់ខែទាហាន គ្រាន់តែយកទៅដោះស្រាយជីវភាពគ្រួសារ មិនគ្រប់ផង ។ ដូច្នេះហើយទើបបុរសជាឪពុក ដាច់ចិត្តប្រកាសរកជំនួយ ដើម្បីធ្វើបុណ្យសពកូន ឲ្យបានសមរម្យ ដោយសង្ឃឹមថា សប្យុរសជនជិតឆ្ងាយ នឹងជួយ តិចក្ដីច្រើនក្ដី តាមកម្លាំងសទ្ធា ដល់គ្រួសាររបស់គាត់ ដែលកំពុងតែជួបប្រទះ ការខ្វះខាត ។

លោកដួង កុសល បានអំពាវនាវតាមបណ្ដាញសង្គមថា “ខ្ញុំបាទឈ្មោះដួង កុសល ជាទាហានជួរមុខការពារព្រំដែន នៅប្រាសាទតាមាន់ធំ មានទុក្ខយ៉ាងក្រៀមក្រំ ដោយកូនស្រីបានទទួលមរណភាពនៅថ្ងៃទី១៤ ខែ០៨ ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ ដោយក្រុមគ្រួសារខ្ញុំបាទមានជីវភាពខ្វះខាត សូមអំពាវនាវដល់មហាជន និងសប្បុរសជន ជួយដល់ក្រុមគ្រួសារខ្ញុំផង លេខទូរស័ព្ទខ្ញុំបាទផ្ទាល់ 0974874765-069983089 “ ។
បន្ថែមលើការអំពាវនាវតាមបណ្ដាញសង្គម ខាងលើនេះ លោកដួង កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា ក្នុងនាមជាយោធាម្នាក់ លោកពិតជាមិនចង់ត្អូញត្អែរឲ្យគេដឹងថា គ្រួសារលោកមានជីវភាពខ្វះខាតទេ ព្រោះលោកជឿថា មិនចំពោះតែគ្រួសាររបស់លោកមួយទេ ចំពោះគ្រួសារទាហានជួរមុខផ្សេងទៀត ក៏ប្រហែលជាមានជីវភាពខ្វះខាតដូចជាលោកអ៊ីចឹងដែរ ។ ប៉ុន្តែដោយទ័លពេកទៅហើយ ទើបលោកដាច់ចិត្តអំពាវនាវសប្បុរសជនជួយ ព្រោះថ្លៃចំណាយធ្វើបុណ្យសពកូនស្រីនេះ ដូចជា ថ្លៃទិញអីវ៉ាន់ ជិត៣លានរៀល និងថ្លៃមេន ២លានរៀល (៥០០ដុល្លារ) ព្រមទាំងចំណាយលើអ្វីផ្សេងៗទៀត លោកសុទ្ធតែជំពាក់គេទាំងអស់ សរុបទៅ ៥លានរៀល លោកមិនទាត់បានទូទាត់សងគេ ហើយនៅថ្ងៃខួបគម្រប់ ៧ថ្ងៃ លោកគិតថា ចង់ធ្វើបុណ្យទក្ខិណានុប្បទាន អញ្ជើញភ្ញៀវមកចូលរួមឲ្យបានសមរម្យដែរ តែដោយសារគ្មានលុយ លោកនិងប្រពន្ធសម្រេចមិនធ្វើទេ គឺដល់ថ្ងៃនោះ បានត្រឹមធ្វើចង្ហាន់ទៅវត្ត និមន្តព្រះសង្ឃបង្សុកូលឧទ្ឌិសកុសលដល់ដួងវិញ្ញាណក្ខន្ធកូនស្រី ឲ្យបានទៅកាន់សុគតិភពតែប៉ុណ្ណោះ ។

និយាយដល់ចំណុចនេះ យោធិនដួង កុសល បង្ហើបថា ក្រោយបញ្ចប់ការប្រយុទ្ធរយៈពេល៥ថ្ងៃ ជាមួយកងទ័ពថៃ នៅប្រសាទតាមាន់ធំ តាមរយៈការគោរពបទឈប់បាញ់ លោកនិងយុទ្ធមិត្តផ្សេងទៀត ទទួលបានអំណោយពីរដ្ឋាភិបាលខ្លះដែរ តែមិនច្រើនទេ ហើយពេលសុំច្បាប់មកធ្វើបុណ្យឲ្យកូនស្រីស្លាប់នេះ មេបញ្ជាការរបស់លោក (កងពលលេខ៤) ក៏បានចូលបច្ច័យ ១លានរៀលដែរ តែប្រាក់ទាំងអស់នេះ មិនអាចឲ្យលោកធ្វើបុណ្យគ្រប់ទេ ទើបលោកបានត្រឹមតែធ្វើបុណ្យសព និងត្រៀមរកលុយសងថ្លៃអីវ៉ាន់ និងថ្លៃមេន ក្រោយពិធីបូជាសព ឯបុណ្យ៧ថ្ងៃ ត្រូវលុបចោល ។ ជាមួយគ្នានេះដែរ បើនិយាយពីអារម្មណ៍ពិត ក្រោយបាត់បង់កូនស្រី យោធិនដួង កុសល បញ្ជាក់ថា ក្នុងនាមជាឪពុកម្នាក់ លោកពិតជាមានការស្រណោះអាឡោះអាល័យ សោកសង្រេងចំពោះកូនខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ព្រោះទោះបីលោកមានកូនច្រើន ដល់ទៅ ១០នាក់ក៏ដោយ ក៏មិនចង់ឲ្យបាត់បង់កូនណាម្នាក់ទាំងវ័យក្មេងដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រស់ៗអ៊ីចឹងទេ ។
យ៉ាងណាក៏ដោយ លោកដួង កុសល បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការការពារជាតិមាតុភូមិរបស់ខ្លួនថា ទោះបីកំពុងមានទុក្ខក្រៀមក្រំដោយសារបាត់បង់កូនស្រី ទាំងក្នុងស្ថានភាពខ្វះខាតលុយធ្វើបុណ្យនាងបែបនេះក៏ដោយ ក៏មិនអាចទាញចិត្តរបស់លោកឲ្យអស់សង្ឃឹម លែងនឹកនាចូលរួមកាន់អាវុធប្រយុទ្ធតតាំងនឹងសត្រូវបរទេសឈ្លានពានតទៅទៀតដែរ គឺក្រោយចប់ពិធីបុណ្យសពកូន លោកនឹងវិលទៅប្រចាំការឈរជើងនៅសមរភូមិមុខ ក្នុងតំបន់ប្រសាទតាមាន់ធំ វិញហើយ ដើម្បីរួមកម្លាំងជាមួយយុទ្ធមិត្តឯទៀត ការពារទឹកដី ជាពិ សេសប្រាសាទកេរដូនតាខ្មែរយើង។ លោកបានសច្ចារួចហើយថា បើត្រូវពលីក្នុងសមរភូមិប្រយុទ្ធនេះ ក៏លោកមិនស្ដាយដែរ ធ្វើដើម្បីការពារទឹកដី ការពារប្រាសាទ ឲ្យបានគង់វង្ស កុំឲ្យសត្រូវដណ្ដើមបាន ។ ដូច្នេះបើក្នុងករណីមានការបាញ់ផ្លោងបង្កឡើងដោយទាហានថៃ មុនទៀត លោកត្រូវតែនៅសមរភូមិមុខប្រយុទ្ធទៀតហើយ គ្មានអ្វីត្រូវខ្លាចទេ ។ ម្យ៉ាងទៀត ដោយឪពុកលោក មានអតីតកាលជាទាហាន ដូច្នេះពេញមួយជីវិតនេះ លោកកាន់អាវុធជាប់រហូតមក និងបានចូលរួមសមរភូមិ អស់ជាច្រើនមកហើយ គឺតាំងពីនៅធ្វើជាទាហានអាបី និងមកធ្វើជាទាហានឈរជើងប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ តាំងពីឆ្នាំ២០១៥ ដែលគិតមកទល់ពេលនេះ អស់រយៈពេល១២ឆ្នាំហើយ ។

ជាចុងក្រោយ យោធិន ដួង កុសល ផ្ញើសារជូនជនរួមជាតិ ឲ្យបានសុខសប្បាយទាំងអស់គ្នា ហើយជាថ្មីម្ដងទៀត លោកនៅតែអំពាវនាវសប្បុរសជនជិតឆ្ងាយ មេត្តាជួយដល់ក្រុមគ្រួសារលោកនៅសមរភូមិក្រោយ ដែលកំពុងជួបប្រទះការខ្វះខាតផង ព្រោះលោកជាប់ដៃនៅសមរភូមិមុខ មិនមានពេលវេលានៅក្បែរកូនៗឲ្យបានកក់ក្ដៅ និងរកប្រាក់ចំណូលអ្វីបន្ថែម ក្រៅពីប្រាក់ខែទាហាននេះទេ ។ ជាពិសេស បើទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់សងថ្លៃចំណាយនៅក្នុងពិធីបុណ្យសពកូនស្រីទី៨ របស់លោកនេះ លោកកាន់តែមានកម្លាំងចិត្ត ប្រចាំការនៅសមរភូមិមុខ ការពារទឹកដី៕ កុលបុត្រ