Thursday, August 14, 2025
Homeព័ត៌មានជាតិនិស្សិតខ្មែរ ៨០០នាក់ វិលមកពីថៃ

និស្សិតខ្មែរ ៨០០នាក់ វិលមកពីថៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះ ស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំ បានឱ្យដឹងថា និស្សិតខ្មែរ ដែលកំ ពុងសិក្សាក្នុងប្រទេសថៃ ទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍ មានសរុបចំនួន១៨៧១នាក់ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជា វិញដែរ។

គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មាននិស្សិតចំនួន៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន ១៧៩នាក់ និងលើកទី២ មានចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៥៥នាក់ បរិញ្ញាបត្រ ៥៧៩នាក់ បរិញ្ញាបត្ររង និងផ្សេងៗ២នាក់ទៀត)។

ក្រសួងអប់រំ បញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិត ឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅតាមជំនាញដែលសាមីខ្លួនស្នើសុំ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទង គ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរនិងពិគ្រោះយោបល់។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលខាងលើ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិ ស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យរឹងមាំជានិរន្តរ៍។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់សម្តេចហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅក្នុងប្រទេស។

គូរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា សម្តេចហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋ និងនិស្សិត ដែលកំពុងរស់នៅនិងសិកសានៅប្រទេសថៃ  ឱ្យត្រឡប់មកកម្ពុជា វិញ ក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ សម្តេច ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលត្រឡប់មកពីថៃ ផងដែរ៕

RELATED ARTICLES