Wednesday, August 13, 2025
Homeសង្គម និងជីវិតព្រះសង្ឃវត្តប្រាសាទតាមាន់សែនជ័យ ប្រាប់អនុព័ន្ធយោធា ថៃទម្លាក់គ្រាប់បែកបំផ្លាញវត្ត សម្លាប់អាចារ្យ

ព្រះសង្ឃវត្តប្រាសាទតាមាន់សែនជ័យ ប្រាប់អនុព័ន្ធយោធា ថៃទម្លាក់គ្រាប់បែកបំផ្លាញវត្ត សម្លាប់អាចារ្យ

ខេត្តឧត្តរមានជ័យ ៖ ព្រះតេជគុណ ឡាយ លន ព្រះគ្រូសូត្រស្តាំវត្តប្រាសាទតាមាន់សែនជ័យ ក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តមានជ័យ បានប្រាប់អនុព័ន្ធយោធាបរទេស ដែលចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៥ ថា សង្គ្រាមសៀមឈ្លាន ពានរយៈពេល៥ថ្ងៃ (កាលពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥) កន្លងទៅ កងទ័ពសៀម បានបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីយន្តហោះ កម្ទេចវត្តរបស់ព្រះអង្គ និងបានសម្លាប់តាអាចារ្យម្នាក់។

ការលើកឡើងរបស់ព្រះអង្គ ត្រូវបានទីភ្នាក់ងារសារព័ត៌មានកម្ពុជា យកមកចុះផ្សាយ បង្ហាញពីឧក្រិដ្ឋកម្ម សង្គ្រាមរបស់ថៃ ក្នុងពេលដែលប៉ះទង្គិចប្រដាប់អាវុធជាមួយកម្ពុជា ដោយថៃ បានប្រើប្រាស់ការវាយប្រហារលើមូលដ្ឋានស៊ីវិល ក្នុងទឹកដីកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងវត្តអារាម សាលារៀន និងប្រាសាទបុរាណ បេតិកភណ្ឌពិភពលោក។

ព្រះតេជគុណ ឡាយ លន មានថេរដីកាថា “យោធាថៃ ធ្វើនេះសាហាវហួសហេតុខ្លាំងមែនទែន ដែលមិនគួរ ណាវាយប្រហារវត្តអារាម បម្រើលើវិស័យព្រះពុទ្ធសាសនា បែបនេះឡើយ…”។

ព្រះសង្ឃដដែល បន្តថា ការវាយប្រហាររបស់ថៃ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធវត្តប្រាសាទតាមាន់សែនជ័យ ត្រូវខូចខាតទាំងស្រុង ដូច្នេះព្រះអង្គអំពាវនាវដល់ពុទ្ធបរិស័ទ ជួយកសាងវត្តប្រាសាទតាមាន់សែនជ័យ ឡើងវិញផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុងនិងក្រៅប្រទេសកម្ពុជា ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូប បានចូលរួម ក្នុងនោះរួមមាន ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាង ត្បូង ឡាវ និងវៀតណាម បានចុះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងដែលត្រូវបានបំផ្លាញដោយទាហានថៃឈ្លានពានលើទឹកដីកម្ពុជា និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជា ចូល រួមអនុវត្តបទឈប់បាញ់។ 

គួរបញ្ជាក់ផងដែរថា ការវាយប្រហារពីសំណាក់កងទ័ពថៃឈ្លានពាន មកលើវត្តប្រាសាទតាមាន់សែនជ័យ កាលពីចុងខែកក្កដា បានបណ្តាលឱ្យតាអាចារ្យម្នាក់ បាត់បង់ជីវិត ហើយក្រៅពីនេះ ក្រុមយោធាថៃ នៅបានបាញ់កម្ទេចសាលាបឋមសិក្សាតាមន្តសែនជ័យ បំផ្លាញស្ថានីយចាក់ប្រេង បំផ្លាញផ្ទះប្រជាពលរដ្ឋ ជាច្រើនកន្លែង នៅក្នុងស្រុកបន្ទាយអម្ពិល ក្បែរតំបន់ប្រាសាទតាមាន់។ លើសពីនេះទៀត យោធាថៃ បានទម្លាក់គ្រាប់ បែកពីយន្តហោះ F-16 និងគ្រាប់បែកចង្កោម ល្មើសច្បាប់ មកលើទីតាំងជនស៊ីវិល យ៉ាងឃោរឃៅផងដែរ៕

RELATED ARTICLES