ភ្នំពេញ ៖ បុរសជាជនបរទេស ១ក្រុម បានបើករថយន្តលេង នៅក្នុងបរិវេណមុខមហោស្រពកោះពេជ្រ ក្នុងល្បឿនយ៉ាងលឿន លុះដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ដែលចតស្ងៀមម បណ្តាលឱ្យរងការខូចខាត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណមុខមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិបង់ ក្លាដែស មួយក្រុម បានបើកបរនិងជិះរថយន្ត ១គ្រឿង ម៉ាក Lexus GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-1569 នៅក្នុងបរិវេណទីវាលមុខមហោស្រពកោះពេជ្រ លុះអ្នកបើកបរបើកលឿនបួងចង្កូតមិនទាន់ ជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-5136 ដែលចតស្ងៀម នៅក្បែរនោះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ យ៉ាងធ្ងន់។ ចំណែករថយន្ត Lexus GS-300 វិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងបែកកង់ តែមិនគ្រោះថ្នាក់ដល់មនុស្សណានោះទេ។

ក្រោយកើតហេតុ ភាគីទាំងពីរទាំងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយភាគីរថយន្ត Lexus GS-300 បានសងសំណងទៅខាងភាគីរថយន្ត TOYOTA ALPHARD ចំនួន៣៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕