ភ្នំពេញ ៖ គណៈសង្ឃនាយក ទាំង២គណៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំព្រះសង្ឃខ្មែរ ២៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត ធ្វើពិធីធម្មយាត្រាសន្តិភាព ពីបូជនីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលបំណងទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពរវាងកម្ពុជានិងថៃ និងទាមទារឲ្យទាហានថៃ ដោះលែងទាហានកម្ពុជា ១៨នាក់ ដែលទាហានថៃ ចាប់ខ្លួន ក្រោយមានបទឈប់បាញ់នោះ។

ធម្មយាត្រាសន្តិភាពនេះ បានធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។ ក្នុងពិធីធម្មយាត្រានេះ ក៏មានការយាងនិងនិមន្តធ្វើសេចក្តីថ្លែងការណ៍ ជាភាសាខ្មែរ និងភាសាអង់គ្លេស ដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការអភិវឌ្ឈ។ ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព គណៈសង្ឃនាយកទាំងពីរគណៈ បានសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាតភាគីថៃ ដោះលែងកងទ័ពខ្មែរ ទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការបិណ្ឌបាតនេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទ ដូចគ្នា ហើយក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសកលលោកទាំងមូលផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយក បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតី របស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម មានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជំរុញលើកទឹកចិត្តដល់កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បាន១០០%។

គណៈសង្ឃនាយក ក៏បានសម្ដែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅតាមច្បាប់ជាតិនិងអន្តរជាតិ ដោយសន្តិវិធី។

គណៈសង្ឃនាយក បានកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យបានគង់វង្ស និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុកម្មការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះគណៈសង្ឃនាយក ក៏បានថ្លែងទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិក ដែលមានខ្លឹមសារថា «យើងកំពុងឈរនៅទីនេះ នៅថ្ងៃនេះ ដោយដួងចិត្តពោរពេញដោយការកោតសរសើរចំពោះតួនាទីរបស់លោកប្រធាននាធិបតី ក្នុងការនាំមកនូវបទឈប់បាញ់ នាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ។ ជម្លោះព្រំដែនដែលបានកើនឡើងយ៉ាងសោកនាដកម្ម នាពេលថ្មីៗនេះ បានបង្កទុក្ខវេទនាយ៉ាងខ្លាំង និងអស្ថិរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ការចូលរួមការទូត និងអន្តរាគមន៍ប្រកបដោយចក្ខុវិស័យរបស់លោកប្រធានាធិបតី មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយភាពតានតឹង និងការសម្រប សម្រួលឱ្យមានបទឈប់បាញ់។ ការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរ ភាពសម្រាប់កម្ពុជា និងថៃ គឺពិតជាគួរឱ្យសរសើរណាស់។ បទឈប់បាញ់ ដែលត្រូវបានសម្រេចនៅក្នុងកិច្ចចរចានាពេលថ្មីៗនេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គឺជាសក្ខីភាពមួយចំពោះភាពជាអ្នកដឹកនាំរដ្ឋដ៏វិ សេសវិសាលរបស់លោកប្រធានាធិបតី ក្នុងការដោះស្រាយជម្លោះ និងការពារសង្គ្រាមមហន្តរាយរវាងប្រជាជាតិទាំងពីរ។ វាជាក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្ររបស់យើងថា ជោគជ័យដំបូងនេះ នឹងជាមូលដ្ឋានគ្រឹះសម្រាប់ដំ ណោះស្រាយយូរអង្វែង និងទូលំទូលាយ ចំពោះជម្លោះទឹកដីដែលមានរយៈពេលយូរ។

ប្រជាជនថៃ និងកម្ពុជា សមនឹងរស់នៅដោយសុខសាន្ត និងគ្មានការភ័យខ្លាច។ សកម្មភាពរបស់លោកប្រធា នាធិបតី បានផ្តល់នូវផ្លូវឆ្ពោះទៅរកគោលដៅនោះ គឺសន្តិភាព ហើយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយសូមអរគុណចំពោះការដឹកនាំ និងការយកចិត្តទុកដាក់របស់លោកប្រធានធិបតី ចំពោះដំណោះ ស្រាយជម្លោះនៅលើពិភពលោក។
ព្រះសង្ឃកម្ពុជា ចំនួន ៧០០០០អង្គ គាំទ្រដោយស្មោះអស់ពីចិត្តចំពោះសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបានស្នើឈ្មោះលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព ដើម្បីទទួល ស្គាល់ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក ក្នុងការជំរុញសន្តិភាពពិភពលោក។

សូមលោកប្រធានាធិបតី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំ ចេញពីដួងចិត្តរបស់យើងខ្ញុំ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី និងប្រជាជននៃសហរដ្ឋអាមេរិក សម្រាប់សេចក្តីសប្បុរសរបស់លោក។ សូមព្រះពុទ្ធប្រទានពរ!»។

គួរកត់សម្គាល់ដែរថា ស្របពេលដែលគណៈសង្ឃនាយក ទាំង២គណៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំព្រះសង្ឃខ្មែរ ២៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត ធ្វើពិធីធម្មយាត្រាសន្តិ ភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចខាងលើនេះ នៅថ្ងៃដដែលនោះ ព្រះសង្ឃខ្មែរ និងពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក មកពីជាង ៣០រដ្ឋ បានចូលរួមធម្មយាត្រាដើម្បីសន្តិភាព និងថ្លែងសារ ដាក់ញត្តិនៅឯសាលាក្រុងរដ្ឋមីននីសូតា សហរដ្ឋអាមេរិក ដើម្បីអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឲ្យមានបទឈប់បាញ់ រវាងកម្ពុជា និងថៃ និងស្នើសុំឲ្យភាគីថៃ គោរពបទឈប់បាញ់ ដោះលែងជាបន្ទាន់នូវវីរកងទ័ពខ្មែរ ទាំង១៨នាក់ ដែលថៃ បានចាប់ខ្លួន ក្រោយមានបទឈប់បាញ់នោះ ដោយឥតលក្ខ ខណ្ឌផងដែរ៕ ខៀវទុំ