Monday, August 11, 2025
Homeព័ត៌មានជាតិពហិការផលិតផលសត្រូវឈ្លានពានទឹកដី អ្នកវិភាគថា គឺជាការស្រឡាញ់ជាតិ

ពហិការផលិតផលសត្រូវឈ្លានពានទឹកដី អ្នកវិភាគថា គឺជាការស្រឡាញ់ជាតិ

ភ្នំពេញ ៖ ស្របពេលដែលមជ្ឈដ្ឋានមួយចំនួន បំផុសចលនាជាតិនិយម ធ្វើពហិការទំនិញថៃ ឬឈប់ប្រើប្រាស់ផលិតផលថៃ ដែលឈ្លានពានទឹកដីកម្ពុជា នោះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម លោកបណ្ឌិត ប៉ា ចន្ទរឿន បានលើកឡើងថា ការធ្វើពហិការផលិតផលសត្រូវឈ្លានពាន គឺជាការស្រឡាញ់ជាតិ ដោយងាកមកឲ្យតម្លៃ និងគាំទ្រ ប្រើប្រាស់ផលិតផលរបស់ជាតិយើងវិញ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការធ្វើពហិការ មិនទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់សត្រូវឈ្លានពាន គឺជាការស្រឡាញ់ជាតិ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា ការប្រើប្រាស់ គាំទ្រផលិតផលជាតិយើង ការមិនលើកតម្កើងឬឲ្យតម្លៃគាំទ្រផលិតផលរបស់ជាតិដទៃដែលកំពុងតែឈ្លានពានយើង វាជារូបភាពឬសកម្មភាពសំខាន់នៃការស្រឡាញ់ជាតិ ស្នេហាជាតិ ហើយនេះជាមធ្យោបាយសំខាន់ចាំបាច់មួយដែរ ដើម្បីចូលរួមទប់ស្កាត់នូវសកម្មភាពឈ្លានពានដ៏គឃ្លើនរបស់សៀម និងជាចំណែកមួយក្នុងការងាកមកគាំទ្រផលិតផលក្នុងស្រុក របស់យើងផងដែរ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ រឿងប្រទេសដែលរស់នៅជាប់ភូមិផងរបងជាមួយហ្នឹង វាតែងតែមានទំនាក់ទំនងទាំងគ្រប់វិស័យ រួមទាំងការដោះដូរទំនិញ សេវាកម្មអីផង ។ ប៉ុន្តែនៅពេលដែលមានការផ្ទុះសង្រ្គាមឡើង ជាពិសេសដូចស្ថានភាពជាក់ស្ដែង គឺសង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ទាំងកំរោល ដោយអាងតែខ្លួនឯងជាប្រទេសអ្នកមានជាង ប្រទេសធំជាងបែបនេះ គឺក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះហ្នឹង យើងត្រូវមានវិធីដើម្បីទប់ទល់ ដើម្បីប្រយុទ្ធតបទៅវិញ ដើម្បីការពារខ្លួន ការពារជាតិរបស់ខ្លួន ហើយទ័ពជួរមុខ ក៏ប្រយុទ្ធប្រើអាវុធទៅ ហើយប្រជាពលរដ្ឋខ្លួនឯង ដែលជាអ្នកនៅជើងក្រោយនេះ ក៏ត្រូវតែធ្វើអីម្យ៉ាង ធ្វើអីដែលអាចធ្វើបានដែរ រាប់ទាំងពីការធ្វើពហិការ មិនទិញផលិតផល ឬក៏ប្រើប្រាស់សេវាកម្មរបស់សត្រូវឈ្លានយើងហ្នឹង ក៏ជាផ្នែកមួយដែលបង្ហាញពីការចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងចំពោះទង្វើឈ្លានពានហ្នឹង ហើយក៏ជាសកម្មភាពមួយដែលបង្ហាញអំពីការស្រលាញ់ជាតិ ដោយងាកទៅរកផលិតផលជាតិរបស់យើង ឬប្រើផលិតផលដែលផលិតដោយខ្មែរ ឬងាកទៅរកផលិតផលដែលផលិតបានដោយជាតិផ្សេង ដោយប្រទេសផ្សេងទៅ ចៀសពីការប្រើប្រាស់ផលិតផល ឬក៏សេវាកម្មរបស់ប្រទេសដែលកំពុងតែឈ្លានពាន និងបង្កឲ្យមានការខូចខាត ទាំងរបួសស្នាម ក៏ដូចជាធ្វើឲ្យមនុស្សបាត់បង់ជីវិត នៅពេលបច្ចុប្បន្នហ្នឹង ហើយការធ្វើពិហការ ឬក៏ការមិនចូលរួមទិញឬមិនប្រើទំនិញអី វាមិនមែនតែខ្មែរយើងទេ ប្រទេសនៅក្នុងពិភពលោក គឺគេតែងតែប្រើប្រាស់ការធ្វើពហិការនៅក្នុងវិស័យសេដ្ឋកិច្ច ក្នុងពាណិជ្ជកម្មហ្នឹង គឺជាអាវុធដ៏សំខាន់មួយដែរ ដើម្បីទប់ទល់ជាមួយនឹងសង្រ្គាម ឬក៏តតាំងជាមួយនឹងដៃគូប្រកួតរបស់ខ្លួន ឬក៏សត្រូវរបស់ខ្លួនហ្នឹង ។ យើងមើលឧទាហរណ៍ជាក់ស្ដែង អាមេរិក បានប្រើប្រាស់យន្តការធ្វើពិហការ​ មិនទិញ មិនប្រើប្រាស់សេវារបស់រុស្ស៊ី រាប់ទសវត្សរ៍មកហើយ តាំងពីសង្រ្គាមត្រជាក់មក ។ ដូច្នេះប្រជាពលរដ្ឋខ្មែរយើង ក៏គួរតែយកចិត្តទុកដាក់រឿងហ្នឹង ហើយវារឹតតែចាំបាច់ទៀត គឺនៅក្នុងស្ថានភាពដែលសង្គមយើងកំពុងតែប្រឈមមុខជាមួយនឹងការឈ្លានពាន ការងាកទៅប្រើប្រាស់ផលិតផល ទៅឲ្យតម្លៃផលិតផល សេវាកម្មក្នុងស្រុកយើង វារឹតតែសំខាន់ ពីព្រោះវាជួយទាំងអ្នកផលិតជាខ្មែររបស់យើង លុយដែលយើងចាយទៅហ្នឹង គឺវាវិល ធ្វើឲ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកហ្នឹង វាដើរដែរ ជាជាងយើងទៅទិញផលិតផលបរទេសទៅ វាហូរចេញទៅស្រុកគេ ហើយពេលដែលស្រុកគេប្រមូលបានពន្ធ គេយកពន្ធហ្នឹងទៅ និយាយភាសាសាមញ្ញ ថាបើយើងនិយាយលម្អិតបន្តិចទៅ លុយដែលយើងចាយទៅលើការទិញផលិតផលរបស់គេហ្នឹង គេអាចប្រើវាដើម្បីទៅទិញអាវុធ ឬក៏ទៅធ្វើសកម្មភាពដើម្បីមកបំពារបំពាន ឈ្លានពាន ឬក៏បង្កនូវវិនាសកម្មដល់យើង ។ ដូច្នេះការមិនបន្តប្រើទំនិញឬក៏សេវាកម្មរបស់ប្រទេសឈ្លានពានយើងហ្នឹង វាជាចំណែកមួយដែលជួយទាំងទប់ស្កាត់សង្រ្គាមពីក្រៅ ហើយលើកកម្ពស់សេដ្ឋកិច្ចពីក្នុងស្រុករបស់យើងផងដែរ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “រូបភាពស្រឡាញ់ជាតិហ្នឹង គឺតាមរយៈការឲ្យតម្លៃ ការប្រើប្រាស់ផលិតផលរបស់ជាតិយើង គាំទ្រផលិតផលជាតិយើង ការមិនទៅលើកតម្កើងឬក៏ឲ្យតម្លៃគាំទ្រផលិតផលរបស់ជាតិដទៃដែលកំពុងតែឈ្លានពានយើងហ្នឹង វាជារូបភាពឬក៏សកម្មភាពសំខាន់នៃការស្រឡាញ់ជាតិ នៃការស្នេហាជាតិ នៃការជួយជាតិហើយ នៅក្នុងទម្រង់សាមញ្ញ ដែលប្រជាពលរដ្ឋធម្មតា ហើយអ្នកនៅជួរក្រោយនេះ អាចធ្វើបាន ទ័ពយើងនៅមុខ ប្រឹងប្រយុទ្ធដោយបូជាសាច់ស្រស់ ឈាមស្រស់ យើងនៅខាងក្រោយ នៅឆ្ងាញ់ជាមួយនឹងទំនិញគេ សេវាកម្មគេអីទៀត បើជនជាតិគេហ្នឹង នៅបន្តកាប់សម្លាប់យើង បន្តគិតតែពីឈ្លានពានយើងនៅតាមព្រំដែន យ៉ាងក្ដៅគុកនោះ! ក្នុងន័យនេះ តាមពិតទៅ ការធ្វើពហិការនេះ មិនមែនជាការរើសអើងទេ ខ្ញុំមិនទៅជំរុញឲ្យប្រជាពលរដ្ឋខ្មែរយើង ជនរួមជាតិយើង ទៅប្រើប្រាស់ហិង្សា ឬក៏ការប្រមាថកាតទានទៅលើប្រជាពលរដ្ឋថៃ ឬក៏ទៅមើលងាយខ្មែរគ្នាឯងដទៃដែលកំពុងបន្តប្រើឬក៏ទិញផលិតផលថៃ ទេ អ្នកណាប្រើអីក៏ប្រើទៅ ប៉ុន្តែក្នុងនាមជាខ្មែរ ប្រសិនបើយើងមានបេះដូងជាខ្មែរ ហើយគិតថាខ្លួនឯងជាខ្មែរ ហើយស្រុកខ្មែរហ្នឹង កំពុងតែប្រឈមមុខជាមួយនឹងសង្រ្គាមទន្រ្ទានឈ្លានពានហ្នឹង បើសិនជាគិតត្រលប់ទៅវិញ គឺយើងទិញផលិតផលគេ ដូចជួយគេឲ្យមានអំណាច មានឥទ្ធិពល មានកម្លាំងកាន់តែខ្លាំង មកទន្រ្ទានឈ្លានពានយើងអ៊ីចឹងៗ បើសិនជាជាតិខ្មែរមែន តើយើងគួរបន្តទិញនិងបន្តប្រើផលិតផលឬក៏សេវាកម្មគេទៀតអត់? ហើយសម្រាប់ខ្ញុំៗក៏មិនគាំទ្រឲ្យប្រជាពលរដ្ឋយើងដែលមានស្មារតីស្នេហាជាតិ ធ្វើពហិការហ្នឹង ទៅរំខានឬទៅប្រមាថកាតទាន តិះដៀលអ្នកដទៃទៀតដែលគេនៅបន្តធ្វើ ឬក៏បន្តគាំទ្រផលិតផលរបស់ប្រទេសនោះដែរ ។ អានេះវាជាសិទ្ធិរបស់គេ ប៉ុន្តែទុកឲ្យសង្គមអ្នកវិនិច្ឆ័យទៅថា តើយើងមានបេះដូងនិងស្មារតីជាតិខ្មែរបែបណា នៅក្នុងស្ថានភាពដែលប្រទេសមួយ កំពុងតែទន្រ្ទានឈ្លានពានយើង ហើយយើងនៅបន្តគាំទ្រផលិតផលឬក៏សេវាកម្មគេទៀតនោះ?“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ជារួមមក ការធ្វើពហិការ មិនទិញផលិតផលឬក៏សេវាកម្មរបស់ប្រទេសដែលកំពុងតែឈ្លានពានយើងនេះ វាជាមធ្យោបាយសំខាន់ចាំបាច់មួយដែរ ដើម្បីចូលរួមទប់ស្កាត់នូវសកម្មភាពដ៏គឃ្លើនហ្នឹង ហើយវាក៏ជាចំណែកមួយរបស់យើងនៅក្នុងការងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលជួយជំរុញដំណើរការសេដ្ឋកិច្ចនៅក្នុងប្រទេសយើង។ ហើយទី២ តាមពិតទៅ នៅក្នុងស្ថានភាពវឹកវរបែបនេះ ស្ថានភាពសង្រ្គាមបែបនេះ យើងក៏គួរប្រយ័ត្នចំពោះការទិញនិងប្រើប្រាស់ផលិតផល ឬក៏សេវាកម្មពីប្រទេសដែលកំពុងតែមានសង្រ្គាមស៊ីសាច់ហុតឈាមជាមួយយើងផងដែរ ពីព្រោះបើយើងនិយាយពីមុំសន្តិសុខ សុវត្ថិភាព បើសិនជាយើងអត់គិត គឺគេហ៊ានបញ្ជូនទាហានមកសម្លាប់ប្រជាពលរដ្ឋយើង មកប្រយុទ្ធជាមួយយើង រឿងអីគេមិនហ៊ានធ្វើអំពើអីទៀត តាមរយៈផលិតផលឬក៏សេវាកម្មដែលគេមាន ។ យើងមិនទៅចោទគេទេ ប៉ុន្តែគំនិតការពារខ្លួនឯងជាមុនហ្នឹង ត្រូវតែមាន អាហ្នឹងទើបយើងបានសុខ។ នៅក្នុងកាលៈទេសៈនេះ ខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនយើងដែលមានចំណេះជំនាញ មានសមត្ថភាព លទ្ធភាពនៅក្នុងការផលិតទំនិញផ្ទាល់ខ្លួនហ្នឹង ជាពិសេសគឺក្រុមឧកញ៉ា អ្នកមានធនធានហ្នឹង គួរតែសម្លឹងមើល បង្កើតសិប្បកម្ម បង្កើតក្រុមហ៊ុនផលិតទំនិញ សម្ភារប្រើប្រាស់ដែលអាចទៅជំនួសផលិតផលដែលនាំចូលមកពីក្រៅស្រុកបាន វាជួយ ទី១ ទាំងរឿងគិតគូរពីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋយើង កែច្នៃធនធាននៅក្នុងស្រុកដែលយើងមាន។ ទី២ ក៏វាជាឱកាសនៅក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋយើង ហើយរួមទាំងការឆ្លើយតបទៅនឹងតម្រូវការការងាររបស់ពលករយើងដែលបានត្រលប់មកពីស្រុកថៃ វិញផងដែរ ។ ដូច្នេះនេះវាជាសកម្មភាពដែលគាំទ្រគ្នាបន្ត បើយើងពហិការ មិនទិញទំនិញគេ ហើយយើងផលិតខ្លួនឯងបាន យើងជួយគ្នាទៅវិញទៅមក ហើយជួយបានច្រើនគ្នាទៀត“ ។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាធ្វើចលនាពហិការ មិនប្រើប្រាស់ឬគាំទ្ររាល់ផលិតផលនិងទំនិញដែលមានប្រភពមកពីប្រទេសថៃ ក្រោយទាហានថៃ បានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ជាមួយការប្រើអាវុធធុនធ្ងន់ និងអាវុធដែលច្បាប់អន្តរជាតិហាមឃាត់មួយចំនួនទៀត យ៉ាងសាហាវឃោឃៅព្រៃផ្សៃ។ ទោះបីកម្ពុជា និងថៃ បានបិទច្រកព្រំដែនគោកជាមួយគ្នាក៏ដោយ តែគេសង្កេតឃើញទំនិញថៃ ដែលមិនស្ថិតនៅក្នុងបញ្ជីហាមឃាត់ នៅតែត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា តាមផ្លូវទឹក និងតាមប្រទេសឡាវ។

សម្រាប់ជនរួមជាតិដែលធ្វើពហិការទំនិញឬប្រើប្រាស់ផលិតផល សេវាកម្មរបស់ថៃ បានលើកឡើងតាមបណ្ដាញសង្គម នូវហេតុផលស្រដៀងគ្នាថា នេះជាការបង្ហាញពីស្មារតីជាតិនិយមមួយ និងជាឆន្ទៈរបស់ពួកគាត់ ក្រោយឃើញការឈ្លានពានរបស់ថៃ លើកម្ពុជា  ហើយវាក៏ជាសារមួយដាស់តឿនដល់ក្រុមអ្នកនយោបាយថៃ ដែលបានរំលោភបំពានដែនអធិបតេយ្យកម្ពុជា ផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត ២ពាន់២រយលានដុល្លារ កើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជា​ នាំចេញទៅថៃ មានទំហំប្រមាណ ៤៤៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជា មានទំហំជាង ១ពាន់៧រយលានដុល្លារឯណោះ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕ កុលបុត្រ

RELATED ARTICLES