Thursday, August 7, 2025
Homeសង្គម និងជីវិតកូនក្រមុំតូច កូនស្លាប់៧ថ្ងៃ ម៉ែស្លាប់តាម

កូនក្រមុំតូច កូនស្លាប់៧ថ្ងៃ ម៉ែស្លាប់តាម

ភ្នំពេញ ៖ ជារឿងដ៏សោកសង្រេងមួយ សម្រាប់ក្រុមគ្រួសារ ពិសេសស្វាមីរបស់កូនក្រមុំតូច ដែលត្រូវជួបទុក្ខផ្ទួនៗ ក្រោយពេលកូនក្រមុំតូច សម្រាលកូនមក កូនស្លាប់ បាន៧ថ្ងៃ កូនក្រមុំតូចជាម្តាយ ក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

នាងយ៉ិន ស្រីចា ហៅសុខជា ដែលមហាជនស្គាល់ថា ជាកូនក្រមុំតូច កម្ពស់១ម៉ែត្រ២តឹក បានទទួលមរណភាព កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោយសម្រាលកូន (កូនស្លាប់) បានរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។ សពកូនក្រមុំតូច កំពុងតម្កល់ធ្វើបុណ្យ នៅវត្តទឹកថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កូនក្រមុំតូច ដែលទើបនឹងមានផ្ទៃពោះជាង ៥ខែ និងមានគម្រោងថា នឹងវះកាត់សម្រាល នៅ ពេលកូនក្នុងផ្ទៃ ឈានចូលវ័យ៧ខែនោះ បានសម្រាលមុនកំណត់ ប៉ុន្តែជាអកុសល ទារកបានបាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចំណែកកូនក្រមុំតូចជាម្តាយ ត្រូវសង្គ្រោះបន្ទាន់ រហូតដល់មានអាការធូរស្បើយឡើងវិញបន្តិច ប៉ុន្តែនៅបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដដែល ។ រហូតមកដល់វេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ អាការជំងឺរបស់កូនក្រមុំតូច ចាប់ផ្តើមធ្វើទុក្ខខ្លាំង និងត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ ជាថ្មីម្តងទៀត ប៉ុន្តែទោះបីក្រុមគ្រូទ្យេជំនាញព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពយ៉ាងណា ក៏កូនក្រមុំតូច មិនអាចតស៊ូបាន រហូតដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃដដែល កូនក្រមុំតូច ក៏បានលាចាកលោក។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកស្រីស៊ូ សោភា អគ្គនាយិកាផ្សារធម្មជាតិ២៤ ដែលជាមេកោយ និងជាអ្នកផ្តល់ការងារឱ្យកូនក្រមុំតូច បានចូនដំណឹងអំពីមរណភាពរបស់កូនក្រមុំតូច ថា “ជូនដំណឹងដ៏ក្រៀមក្រំ កូនក្រមុំតូច បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៦ ខែសីហានេះ ក្រោយពីនាងបានតស៊ូជាមួយស្ថានភាពជំងឺដ៏ធ្ងន់ និងបើទោះបីជាគ្រុមគ្រូពេទ្យ បានព្យាយាមអស់ពីលទ្ធភាពក៏ដោយ។ ក្នុងស្ថានភាពប្រទេសជាតិមានការឈ្លានពានពីប្រទេសជិតខាង ទើបស្ថានភាពជំងឺរបស់នាង មុននេះ មិនសូវត្រូវបានបញ្ចេញ។ ដំណឹងនេះក៏ជាការជូនដំណឹងទៅកាន់សាច់ញាតិ មិត្តភក្តិ បងប្អូនសព បានជ្រាបផងដែរ…”។

ចំណែកម្ចាស់ផលិតផល S&K ដែលជាមេកោយ និងជាអ្នកផ្តល់ការងារឱ្យកូនក្រមុំតូច ផងដែរបានក៏បានជូនដំណឹងដែរថា “ជូនដំណឹងដល់បងប្អូន ញាតិមិត្ត រូបកាយកូនក្រមុំតូច ឥឡូវនេះ តម្កល់និងត្រៀមបូជា នៅវត្តទឹកថ្លា សូមបងប្អូន ញាតិមិត្តក្រមុំតូច ដែលមានសទ្ធាជ្រះថ្លាអាចមកចូលរួមកម្មវិធីបុណ្យ ទាំងអស់គ្នា ទីតាំងនៅវត្តទឹកថ្លា…”។

លោកណាវ ដារ៉ា ជាប្តីរបស់កូនក្រមុំតូច បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “អូនញញឹមស្អាតខ្លាំងណាស់អូន បងទទួលយកមិនបានទេ ប្រពន្ធសម្លាញ់របស់បង អូនទៅលឿនពេកហើយ ប្រពន្ធសម្លាញ់របស់បង អូនគឺជាកម្លាំងកាយចិត្តរបស់បង រាល់ថ្ងៃនេះ គ្រប់យ៉ាងដើម្បីអូន ទោះហត់លំបាកយ៉ាងណា ក៏បងមិនដែលត្អូញត្អែរសម្រាប់អូនទេ…”។

ដោយឡែក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្តីរបស់កូនក្រមុំតូច បានបង្ហោះរូបភាពនិងវីដេអូ បង្ហាញពីសកម្មភាពបីសពកូនដែលមិនទាន់បានស្គាល់ពន្លឺថ្ងៃ បែរជាស្លាប់ ខ្ចប់ក្នុងកញ្ចប់ខ្មៅមួយ ជាមួយសំណេរថា “កូនប្រុសរបស់ប៉ា ដារ៉ា កំសត់ កូនលះបង់ជីវិតកូន ដើម្បីបានជួយម្តាយរបស់កូន ឱ្យរស់ ត្រឡប់មកជួបប៉ាវិញ កូនពិតជាក្លាហាន លះបង់ជីវិតខ្លួនឯង ដើម្បីការពារម្តាយ កូនធ្វើបានល្អណាស់កូនប្រុស ប៉ាសូមឱ្យកូនទៅឱ្យបានសុខណា កើតជាតិណាៗ កុំឱ្យកម្សត់ដូចជាតិនេះទៀតណា…”។

គួររំលឹកថា នាងយ៉ិន ស្រីចា ហៅសុខជា ដែលមានមាឌតូចល្អិត កម្ពស់១ម៉ែត្រ២តឹក ខាងលើនេះ បានរៀបការជាមួយប្តី ឈ្មោះណាវ ដារ៉ា អាយុ២៦ឆ្នាំ មុខរបរកសិករ និងដើរស៊ីឈ្នួលលើកស្រូវឱ្យគេ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុង ភូមិព្រែកជីក ឃុំសោក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមវត្តមានញាតិមិត្តទាំងសងខាង រួមនិងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង៤០តុ៕

RELATED ARTICLES