ខេត្តមណ្ឌលគិរី ៖ មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរី បានស្នើរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែនជម្រកនានាក្នុងខេត្ត ត្រូវចូលរួមទប់ស្កាត់ការបរបាញ់ និងដាក់អន្ទក់សត្វព្រៃ ដើម្បីធានាបាននូវនិរន្តរភាពធន ធានធម្មជាតិ ខណៈថ្មីៗនេះ ក្រុមការងារទើបបង្ក្រាបបានសំណាកសាច់សត្វទន្សោងព្រៃ និងវត្ថុតាំងមួយចំនួន នៅស្រុកកោះញែក ។

លោកហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកឈាវ ងីឈាន់ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចល័តនៃមន្ទីរបរិស្ថានខេត្ត និងមានសហការជាមួយស្នាក់ការត្រពាំងត្រាច កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងអាជ្ញាធរភូមិ-ឃុំស្រែហ៊ុយ ដឹកនាំដោយលោកស៊ុយ វាត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកកោះញែក បានចុះឆែកឆេរលំនៅឋានឈ្មោះឈើន តាលាវ ភេទប្រុស ស្ថិតនៅត្រង់ចំណុចនិយាមការ 723978,1446408 ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រកឃើញវត្ថុតាងល្មើស រួមមាន ១-សាច់ ទន្សោង ចំនួន៣១គីឡូក្រាម។ ២-ជញ្ជីងថ្លឹងសាច់ ចំនួន៣។ ៣-អន្ទាក់ខ្សែគោ ចំនួន១ខ្សែ។ ៤-អន្ទាក់ខ្សែកាប ចំនួន៦០ខ្សែ។ ៥-រណារយន្ត ចំនួន១គ្រឿង។ ៦-ទូរស័ព្ទដៃ ម៉ាក Vivo ចំនួន១គ្រឿង។

ក្នុងប្រតិបត្តិការនោះ ឈ្មោះឈើន តាលាវ ដែលត្រូវជាម្ចាស់ផ្ទះខាងលើ បានរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាងទាំងអស់ខាងលើ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

លោកហាក់ វិបុល ក្នុងនាមជាមន្ត្រីជំនាញបរិស្ថាន បានទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិត ផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមក ចូលរួមការពារនិងថែរក្សាធនធានធម្មជាតិរបស់កម្ពុ ជា ឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។ សកម្មភាពទាំងនេះ នឹងជួយការពារទាំង សុខភាព សុខមាលភាពរបស់មនុស្ស និងសត្វ ជីវចម្រុះ ព្រមទាំងបរិស្ថានទាំងអស់ ដែលនៅជុំវិញយើង ក៏ដូច ជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុ ស្សជាតិ យើងត្រូវរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ៕


