Wednesday, July 23, 2025
Homeតារាខ្មែរគង់ សុជាតិ វិលពីជប៉ុន អត់ដំណឹងកូនភ្លោះ

គង់ សុជាតិ វិលពីជប៉ុន អត់ដំណឹងកូនភ្លោះ

ភ្នំពេញ ៖ គង់ សុជាតិ បានចំណាយពេលដល់ទៅពេញ ១សប្ដាហ៍ នៅប្រទេសជប៉ុន ជាមួយស្វាមី លោកជា វិបុល និងកូនស្រី សាល់ភាព ពិនាលី និង ជា សុជាតិនារី ហៅដូរី ដោយទើបវិលចូលស្រុកវិញ កាលពីពេលថ្មីៗនេះ ។ ក្រៅពីលម្ហែអារម្មណ៍ពីកាហត់នឿយពេញមួយឆ្នាំ ក្នុងអាជីពពិធីការិនី សុជាតិ ចង់រឹតចំណងស្នេហា នាងជាមួយស្វាមី ឲ្យកាន់តែរឹងមាំ ពិសេសចង់សម្រេចផែនការយកកូនភ្លោះប្រុស តាមបំណងស្វាមី ឲ្យខាងតែបាន បន្ទាប់ពីប្រើពេលអស់ ៨ឆ្នាំទៅហើយ ពោលគឺតាំងពីឆ្នាំ២០១៧ លទ្ធផលបរាជ័យ ។

ប្រភពបានឲ្យដឹងថា អ្នកនាងសុជាតិ ចង់ផ្លាស់ប្ដូរបរិយាកាសនៅបរទេស ដើម្បីឲ្យទទួលបានលទ្ធផលល្អ រឿងយកកូន ។ មតិខ្លះលើកឡើងថា គង់ សុជាតិ អាយុ៤៩ឆ្នាំ គឺពិបាកយកកូនថែម ដែលបញ្ហានេះ អ្នកនាងផ្ទាល់ ក៏ធ្លាប់ទទួលស្គាល់ដែរថា ទាល់តែមានការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ឲ្យច្បាស់លាស់ជាមុនសិន ទើបបានផល។ ប៉ុន្ដែអ្នកនាងមិនដែលបង្ហាញក្ដីអស់សង្ឃឹមរឿងយកកូនម្ដងពីរនោះទេ ព្រោះសុខភាពនាង នៅតែល្អ ហេតុនេះ ទោះជាពេលនេះអ្នកនាងមានចៅទៅហើយក្ដី ប៉ុន្ដែមិនមានន័យថា មិនអាចយកកូនថែមទៀតនោះទេ ។

ទាក់ទងដំណើរកម្សាន្ដនៅជប៉ុន ទាំងគង់ សុជាតិ និងលោកជា វិបុល បង្ហាញក្ដីរីករាយដូចគ្នា និងថា ទោះជារវល់យ៉ាងណា ក៏នៅតែឆ្លៀតសាកថ្មជីវិត។ ប៉ុន្ដែអ្នកយកព័ត៌មាន មិនអាចទាក់ទងសុជាតិ សួរនាំបន្ថែមថា បន្ទាប់ពីប្រទេសជប៉ុន តើនឹងគ្រោងនាំប្ដីក្មេង ទៅដើរលេងនៅប្រទេសណាទៀត ព្រោះក្នុងជំនួបកន្លងមក ពិធី ការិនីជើងចាស់រូបនេះ ប្រាប់ថា លែងផ្តល់សម្ភាសន៍ហើយ មិនមែនអ្នកនាងស្អប់អ្នកកាសែតទេ ប៉ុន្ដែមកពីនាងយល់ថា ខ្លួនចាស់ហើយ ។

យ៉ាងណា ទាក់ទងរឿងយកកូនភ្លោះនេះ មិនមែនតែ គង់ សុជាតិ នោះទេ ដែលខកចិត្តព្រោះមិនបានដូច បំណងនោះ ប៉ុន្ដែប្រភពថា ហ៊ិន ច័ន្ទនីរ័ត្ន, លី ម៉ារីណា និងនៅ សុនិតា ជាដើម ពួកគេសុទ្ធតែចង់បានកូនភ្លោះដូចគ្នា តែលទ្ធផល ខ្លះបានម្ដងមួយ ខ្លះទៀតអត់តែម្ដង ។ ចំពោះសុជាតិ ទោះជាពេលនេះ មានវ័យជ្រេបន្ដិច មែន ប៉ុន្ដែនៅរក្សាសម្រស់បានក្មេងជាងវ័យដដែល ហើយអ្នកនាងធ្លាប់សារភាពថា បានប្រើផលិតផលពន្យារអាយុ ឲ្យក្មេងជាងវ័យ ។ អ្នកនាងធ្លាប់និយាយដែរថា បើមិនបានកូនភ្លោះ ក៏ប្ដីមិនខឹងដែរ ព្រោះនាងមានកូនជាមួយស្វាមីមុន ២នាក់(ស្រី១ ប្រុស១) និងកូនស្រី ជាមួយលោកវិបុល ម្នាក់ទៀត សរុបទាំងអស់ ៣នាក់ ហើយប្ដីស្រលាញ់កូនដើម ដូចកូនបង្កើតដែរ ហេតុនេះបើមិនបានកូនថែម ក៏អត់បញ្ហាដែរ ។          

គង់ សុជាតិ បានចាប់ដៃលោកជា វិបុល រយៈពេល ១២ឆ្នាំហើយ ដែលពេលនេះ អ្នកនាងនិងប្ដី ធ្វើជាពិធីករ (MC) នៅហង្សមាស ទាំងពីរនាក់តែម្ដង ។ សុជាតិ និងប្ដី ត្រូវបានគេប៉ាន់ស្មានថា អាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ពីអាជីពសិល្បៈ ក្នុងមួយឆ្នាំៗ ពិសេសលុយធំ តាមបណ្ដារកម្មវិធីទាំងឡាយរបស់ Agency ។ សុជាតិ ជាសេដ្ឋិនីលាក់មុខម្នាក់ក្នុងសិល្បៈ ប៉ុន្ដែអ្នកនាងមិនដែលអួតអាងឬសម្ញែងមាសពេជ្រស្រោចខ្លួន ដូចតារាមួយចំនួន ឡើយ ៕

RELATED ARTICLES