ខេត្តរតនគិរី ៖ យុវជនម្នាក់ កំពុងអង្គុយផឹកស្រាជុំមិត្តភក្តិ នៅក្រោមផ្ទះ ឮអ្នកជិតខាងម្នាក់ ស្រែកហៅឱ្យមកជួយចាប់សត្វក្របី របស់ខ្លួន ដែលកំពុងផ្អើល ក៏នាំគ្នាក្រោកទៅជួយចាប់ ស្រាប់តែត្រូវសត្វក្របីវ័ធ ធ្លាយពោះ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅឯប្រទេសវៀតណាម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវើនសៃ។

យុវជនរងគ្រោះដែលត្រូវក្របីវ័យធ្លាយពោះ មានឈ្មោះ រស់ កាឡង់ ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិដើមភាគតិច មុខរបរកសិករ មានលំនៅ ភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវើនសៃ។
លោកហ៊ាន ប៊ុនទន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះប៉ង បានបញ្ជាក់ប្រាប់ថា ករណីខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមុនកើតហេតុ ជនរងគ្រោះឈ្មោះ រស់ កាឡង់ និងមិត្តភក្តិផ្សេងទៀត កំពុងអង្គុយផឹកស្រានៅក្រោមផ្ទះ លុះបន្តិចក្រោយមក ស្រាប់តែមានម្ចាស់ក្របី បានហៅឱ្យជួយចាប់សត្វក្របី របស់ខ្លួន ដែលកំពុងផ្អើល ចាប់មិនបាន។ ឮបែបនេះ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាចេញទៅជួយចាប់សត្វក្របី ស្រាប់តែត្រូវក្របីវ័ធ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់តែម្តង។
លោកនាយប៉ុស្តិ៍ បានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះដែលមានសភាពរងរបួសធ្លាយពោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេលបង្អែកកាចូន និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែដោយស្ថានភាពធ្ងន់ពេក ទើបក្រុមគ្រួសារសម្រេចបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម៕