Sunday, July 20, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ថតចម្រៀង ហើមជើង សង្ស័យលើសអាស៊ីដ

ខេមរៈ សិរីមន្ដ ថតចម្រៀង ហើមជើង សង្ស័យលើសអាស៊ីដ

 ភ្នំពេញ ៖ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ (ខែម ប៊ុនថៃ) បានធ្វើពិធីសែនក្រុងពលី នៅមុខប្រាសាទអង្គរវត្ត ដើម្បីថតបទ «មនសិការជាតិខ្មែរ» កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ហើយតារាកូន៣ រូបនេះ បង្ហាញជើងរបស់ខ្លួនទាំងសងខាង ឡើងហើមប៉ោង  ក្រោយស្លៀកឈុតមេទ័ព រឹតខ្លាំង និងរត់ចុះឡើង តាមបញ្ជាអ្នកដឹកនាំ MV នឹងថា លោកត្រូវតែប្រឹងធ្វើការងារឲ្យបានល្អ ។ អ្វីដែលមិននឹកស្មានដល់នោះ ទោះជាលោកប៊ុនថៃ ខំបង្ហាញពីការតស៊ូថត MV មួយនេះយ៉ាងណា ក៏នៅតែមានអ្នកសើចចំអក ពេបជ្រាយឲ្យ រហូតមានអ្នក ខ្លះសង្ស័យថា លោកហើមជើងឡើងប៉ោងបែបនេះ ដោយសាតែឡើងលើសជាតិអាស៊ីដ និងខ្លះឈឺអីប៉ុណ្ណឹង មិនស្មើលោកចាក់សាក់ផង ។

  គណនីហ្វេសប៊ុក ឈ្មោះ Morn Kettanak ខម្មិនថា «ឡើងអាស៊ីដទេដឹងឧកញ៉ា?»។ គណនីហ្វេសប៊ុក ឈ្មោះ Veasna Malish RT LN ខម្មិនថា «បងពាក់ប៉ុណ្ណឹងហើមជើងទៅហើយ ខ្ញុំឆ្ងល់ចុះដូនតាជំនាន់មុន គាត់ពាក់បែបហ្នឹងរាល់ថ្ងៃ តើទៅជាយ៉ាងណាទៅ?»។ គណនីហ្វេសប៊ុកឈ្មោះ បង និតកំពង់ស្ពឺ ខម្មិនថា «ស៊ូៗដើម្បីការងារ ដើម្បីលុយ» ។ គណនីហ្វេសប៊ុកឈ្មោះ Sorn Sokouen ខម្មិនថា «ហើយបើថតដើម្បីខ្មែរ មកត្អូញត្អែរធ្វើស្អី? បានន័យថាលោកធ្វើហើយ គ្រាន់តែចង់ល្បីទេ? ការឈឺប៉ុណ្ណឹង មិនបានស្មើលោកចាក់សាក់ផង» ។

 សូមបញ្ជាក់ថា ការចេញបទ «មនសិការជាតិខ្មែរ» របស់ខេមរៈ សិរីមន្ដ គឺចំពេលដែល ប្រជាជនខ្មែរ ធ្វើពហិ ការលើទំនិញថៃ លែងប្រើទំនិញថៃ  ឈប់មើលរឿងថៃ ព្រោះតែជនជាតិថៃជ្រុលនិយមមួយចំនួន បានរើសអើង ប្រមាថមើលងាយជនជាតិខ្មែរ ក្រោយមានវិវាទរឿងព្រំដែនតំបន់មុំបី និងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ  ប្រាសាទតាក្របី ដែលថៃ ឈ្លានពានអធិបតេយ្យកម្ពុជា។

សម្រាប់សិរីមន្ដ នេះជាបទទី៤ហើយ ដែលទាក់ទងប្រាសាទ និងទឹកដីខ្មែរ ត្រូវគេបំពាន បន្ទាប់ពីលោកធ្លាប់ចេញបទ «ព្រះវិហារ សាក្សីស្នេហ៍», «ស្ទឹងត្រែង បងអើយ», «តាមាន់ ស្នេហ៍ខ្ញុំ» និងបទចុងក្រោយ «មនសិ ការជាតិខ្មែរ» នេះ ដែលគួរតែមានការសរសើរនិងលើកទឹកចិត្តដល់លោក និងអ្នកនិពន្ធ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមមួយចំនួន បែរជាចំអកឲ្យលោកទៅវិញ ។

  ទាក់ទងរឿងលោកខេមរៈ សិរីមន្ដ ធ្វើអ្វីក៏មានគេរិះគន់លើបណ្តាញសង្គមនេះដែរលោកខេមរៈ ភារុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា រឿងនេះលោកក៏បានដឹងដែរ ប៉ុន្ដែលោកមិនបានតាមដានថា តើពួកគេប្រើអាខោនពិតឬក្លែងក្លាយ មកវាយប្រហារប្អូនប្រុសរបស់លោកឡើយ ។

 ប្រភពបានឲ្យដឹងថា ការដែលខេមរៈ សិរីមន្ដ ធ្វើអ្វីក៏នៅតែមិនត្រូវចិត្តអ្នកលេងបណ្ដាញសង្គមបែបនេះ ព្រោះ តែកន្លងមក អ្នកផ្លែផ្កាឲ្យលោកទាំងនោះ ខឹងលោកថៃ រឿងថាមិនស្គាល់ឧកញ៉ាណាកាប់បំផ្លាញព្រៃឈឺ និងចេញការពារថៅកែ ជាបន្ដបន្ទាប់ កាលពីឆ្នាំចុងឆ្នាំ២០២២ ហេតុនេះហើយ ឲ្យតែលោកចេញមក គឺមានខ្លះជេរ យកតែម្ដង បើទោះជាសកម្មភាពខ្លះ សិរីមន្ដ ធ្វើត្រូវក្ដី ។ ចំណែកអ្នកជំនាញសិល្បៈ បានលើកឡើងថា ការចេញបទថ្មីរបស់សិរីមន្ដ ចំកាលៈទេសៈបែបនេះ គឺជាការឆក់ឱកាសបំផុសពីបទចម្រៀងរបស់លោក ឲ្យមានការទាក់ទាញថែមទៀត ប្រសិនបើបទនោះ ផលិតទៅមានគុណភាព ប៉ុន្ដែបើនៅមានកម្រិត ច្បាស់ជាមានអ្នកពេបជ្រាយទៀតមិនខាន ។

  ខេមរៈ សិរីមន្ដ អាយុ៤០ឆ្នាំ អុកឡុកទីផ្សារចម្រៀង ជាងគេ នៅ Galaxy ប៉ុន្ដែនៅមិនទាន់មានភ័ស្ដុតាងបញ្ជាក់ថា សិរីមន្ដ ឈរនៅលេខ១ ឬលេខ២ នោះទេ ព្រោះព្រាប សុវត្ថិ មិនដែលប្រកាសថា លោកចង់ចូលនិវត្តន៍ពីអាជីពចម្រៀងឡើយ ។ តាមព័ត៌មានថា ថៅកែ តែងតែសម្របទៅនឹងការងារសិល្បៈទាំងឡាយ ដែលសិរីមន្ដ ចង់ធ្វើ ទាំងបទចម្រៀង និង MV តែអ្វីដែលលោកថៃ នៅតែអាចក្រឡុកទីផ្សារចម្រៀងបានតាមចិត្តចង់នោះ គឺលោកមានបងប្រុសរបស់ខ្លួន ខេមរៈ ភារុណ ដែលចាំតែអន្ដរាគមន៍ដល់លោកគ្រប់តែម្ដង ទើបតារាផ្សេងៗទៀតពិបាកទប់ទល់ ៕

RELATED ARTICLES