ភ្នំពេញ ៖ ស្រីស្រស់ល្អហួស ដែលធ្លាប់ចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយ នាយ កណ្ដុរ តាំងពីនាងអាយុ៦-៧ឆ្នាំ នោះ ថ្មីៗនេះអ្នកទាំងពីរបានចាប់ដៃគ្នាជាថ្មីម្ដងទៀត ច្រៀងបទកន្ទឹ្រម Cover បទ «ផ្កាក្រវាន់» ដែលមើលទៅល្អហួស ពិតជាមានកាយវិការរស់រវើក គួរឲ្យក្នក់ក្នាញ់ជាមួយទឹកសំសំនៀងនិងសម្រស់ក៏មិនធម្មតា ។

តើហេតុអ្វីបានល្អហួស ទុកចិត្តនិងជ្រើសរើសយកតែ នាយកណ្ដុរ ជាដៃគួចម្រៀងរបស់ខ្លួន?
លោកគីម សាន្ដ ដែលត្រូវជាពូ និងជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់ល្អហួស បានប្រាប់អ្នកយកព័ត៌មានយើងថា ល្អហួស ពិតជាបានធ្វើការងារសិល្បៈជាមួយ នាយ កណ្ដុរ តាំងពីតូចមែន ព្រោះជាមនុស្សស្គាល់និងរាប់អានគ្នា ប៉ុន្ដែមិនមែនជាបងប្អូនទេ ។ លោកថា មូលហេតុដែលក្មួយស្រីលោក បន្ដចាប់ដៃជាមួយលោក នាយ កណ្ដុរ ព្រោះតែបទកន្រ្ទឹម នាយកណ្ដុរ ច្រៀងបានល្អ ហើយលោកមើលឃើញថា ទាំងក្មួយស្រី និងនាយកណ្ដុរ ច្រៀងសម្ដែងបទកន្ទ្រឹម ស៊ីចង្វាក់គ្នា ។ លោកថា ឲ្យតែក្មួយច្រៀងបទកន្ទឹ្រម គឺចាប់ដៃគូ នាយ កណ្ដុរ សម្រាប់បទក្រោយៗទៀត ហើយចំពោះការច្រៀងបទ Cover បទមរតកដើម នោះគឺដោយសារតែស្រលាញ់ និងចង់អភិរក្សបទពីដើម ទើបបន្ដចេញបទពីមុនៗ ជាបន្ដបន្ទាប់ទៀត ។

ពូរបស់ល្អហួស បានឲ្យដឹងដែរថា ល្អហួស ចាប់ដៃជាមួយ នាយកណ្ដុរ តែបទកន្ទ្រឹមទេ ប៉ុន្ដែបើច្រៀងចង្វាក់ផ្សេងៗ គឺនឹងមានជម្រើសជាមួយតារាក្រៅពី នាយ កណ្ដុរ ទៅតាមពេលវេលាជាក់ស្ដែង។ លោកថា កន្លងមក ល្អហួស ក៏ធ្វើបទថ្មីៗដែរ ហើយទាំងបទថ្មី និងបទ Cover មានការគាំទ្រដូចគ្នា ។

សូមបញ្ជាក់ ជូរី ល្អហួស ដែលមានឈ្មោះដើមថា សុខ គីមហ័ង អាយុ១៦ឆ្នាំ ជាបវរកញ្ញា Miss Preteen Junior Idol World 2024 និងម្ចាស់មកុដ Miss Preteen International Cambodia 2023 ដែលក្នុងវ័យពេញក្រមុំនេះ សម្រស់របស់នាងកាន់តែទាក់ទាញខ្លាំង ទើបការងារសិល្បៈ បុកមករកនាង រហូតដកខ្លួនមិនចង់រួច ។ ថ្មីៗនេះដែរ តារាចេះច្រៀងនិងសម្ដែងតាំងពីតូចរូបនេះ បានសាកល្បងក្នុងអាជីពជាលើកដំបូង តាមរយៈការធ្វើជាតួស្រីស្នេហ៍របស់តារាជើងចាស់ លោកសាវិន ហ្វីលីព ក្នុង MV បទ «ក្អែកស្លាបហង្ស» ហើយនាងស្នើសុំកុំឲ្យ Fan ស្អប់នាងដូចក្នុង MV នោះង ។ ប្រភពបានឲ្យដឹងថា ល្អហួស គ្រោងនឹងប្រកួតបវរកញ្ញា ជាថ្មីម្ដងទៀត នៅចុងឆ្នាំ២០២៥ នេះ ដើម្បីឲ្យខ្លួនកាន់តែមានក្រេឌីតល្អ វាយលុកទីផ្សារសិល្បៈ កាន់តែខ្លាំង នាពេលខាងមុខ ខណៈដែលការធ្វើបទចម្រៀង នៅតែបន្ដតាមផែនការរបស់ខ្លួន ។

លោកគីម សាន្ដ បន្ថែមថា ជាការពិត ល្អហួស នឹងចូលរួមប្រកួតបវរកញ្ញា កម្មវិធីមួយនៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ លោកថា បច្ចុប្បន្ន ល្អហួស មមាញឹកការងារសិល្បៈច្រើន ពោលគឺគ្មានពេលសម្រាក ឡើយ ។ ប៉ុន្ដែការចេញបទចម្រៀងរបស់នាង នៅតែចេញធម្មតា ព្រោះនាងមាន Team ផលិតចម្រៀង ដែលមានរូបលោកជាអ្នកគ្រប់គ្រង ។

ល្អហួស មិនធ្លាប់មានដំណឹងមានគូស្នេហ៍ទេ ហើយទៅណាមកណា ច្រើនតែមានម្ដាយនាង តាមជាប់សឹងគ្រប់ពេល ហេតុនេះហើយធ្វើឲ្យប្រុសៗចង់ឆ្មក់ស្នេហានាង បរាជ័យ ហើយកន្លងមកមានជំទាវៗ ចង់ចូលស្តីដណ្តឹងល្អហួស ឲ្យកូនប្រុសគេដែរ តែម្តាយនាងបានបដិសេធ ដោយសារតែល្អហួស នៅក្មេងពេក ៕


