Wednesday, July 16, 2025
Homeព័ត៌មានជាតិក្រុមសម រង្ស៉ី ដឹកនាំបាតុកម្មនៅកូរ៉េ ថ្ងៃ២៧កក្កដា ប្រឆាំងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត

ក្រុមសម រង្ស៉ី ដឹកនាំបាតុកម្មនៅកូរ៉េ ថ្ងៃ២៧កក្កដា ប្រឆាំងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ដែលជាក្រុមគាំទ្រលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង និងបច្ចប្បន្នជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានប្រកាសដឹកនាំបាតុកម្មប្រឆាំងនឹងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយគប់គិតជាមួយបរទេស ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាឯកច្ឆន្ទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ហើយព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែ  នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានឲ្យដឹងតាមបណ្ដាញសង្គមថា មហាបាតុកម្មប្រឆាំងនឹងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត នឹងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅកណ្តាលទីក្រុងសេអ៊ូល ចាប់ពីម៉ោង១០ព្រឹក ។

លោកអ៊ុំ សំអាន បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា “ប្រសិនបើពលរដ្ឋខ្មែរ ត្រូវបានដកសញ្ជាតិពីកំណើត ពួកគេនឹងក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ហើយជនអន្តោប្រវេសន៍វៀតណាម នឹងក្លាយជាជនអន្តោប្រវេសន៍ស្របច្បាប់ ជំនួសវិញ។ រដ្ឋាភិបាល កំពុងរៀបចំផែនការសម្រាប់ធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹក របស់ជនជាតិវៀតណាម មកលើដីគោក និងផ្តល់ដីសម្បទានសង្គមកិច្ច ឲ្យពួកគេ នៅខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប។ សូមបងប្អូនចូលរួមធ្វើមហាបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ឲ្យបានច្រើនកុះករ!“ ។

ជាមួយគ្នានេះដែរ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលជាកូនធម៌លោកសម រង្ស៊ី បានថ្លែងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា លោកប្រកាសគាំទ្រមហាបាតុកម្មប្រឆាំងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ដែលធ្វើឡើងតាមការចង់របស់សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ដូច្នេះលោកសូមអំពាវនាវដល់បងប្អូនសមាជិក-សមាជិកាបណ្តាញយុវជនកម្ពុជាសកល ប្រចាំកូរ៉េខាងត្បូង និងបងប្អូនយុវជនខ្មែរ ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ។

លោកសុភ័ណ្ឌ ឡារី ថ្លែងថា “សូមគោរពនិងជម្រាបសួរបងប្អូនពលករខ្មែរ យុវជនខ្មែរ ពលរដ្ឋខ្មែរដែលកំពុងតែរស់នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង! ក្នុងនាមខ្ញុំ សុភ័ណ្ឌ ឡារី ជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ទូទាំងពិភពលោក ថ្ងៃនេះខ្ញុំសុំរួមចំណែក និងអំពាវនាវទៅដល់បងប្អូនសមាជិក សមាជិកាបណ្ដាញយុវជនកម្ពុជាសកល ដែលប្រចាំនៅប្រទេសកូរ៉េខាងត្បូង អញ្ជើញចូលរួមជាមួយនឹងបងប្អូនពលករខ្មែរ ពលរដ្ឋខ្មែរ យុវជនខ្មែរ ឲ្យបានច្រើនកុះករ ។ នេះគឺជាឱកាសនិងជាតួនាទីរបស់យុវជនខ្មែរ ជាភារកិច្ចរបស់យុវជនខ្មែរ ក្នុងការចូលរួមសាមគ្គីភាពគ្នាជាកម្លាំង ប្រឆាំងដាច់ខាតជាមួយនឹងច្បាប់ដកសញ្ជាតិ ដែលតាមការចង់បានរបស់លោកហ៊ុន សែន ពីព្រោះបងប្អូនពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់ដែលគាត់មិនគាំទ្រនូវការកែប្រែច្បាប់រដ្ឋធម្មនុញ្ញមួយនេះ ព្រោះគាត់ដឹងថា នេះគឺជាការកែប្រែដើម្បីកាងនិងការពារអំណាចរបស់ក្រុមគ្រួសារត្រកូលហ៊ុន សែន  កែប្រែដើម្បីការចង់បាន និងការធ្វើទុក្ខបុកម្នេញមកលើអ្នកប្រជាធិបតេយ្យ ដែលលោកហ៊ុន សែន តែងតែធ្វើជារឿយៗមកលើអ្នកដែលមានគំនិតមិនស្របនឹងគាត់ ។ ដូច្នេះក្នុងនាមយើងជាយុវជននៅក្រៅប្រទេស សូមចូលរួមឲ្យបានច្រើនកុះករ នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ យើងជាពលរដ្ឋខ្មែរក្រៅប្រទេស សំឡេងរបស់យើងសំខាន់ណាស់សម្រាប់សង្រ្គោះមាតាធម្មជាតិរបស់យើងទាំងអស់គ្នា មាតានៃកម្ពុជារបស់យើងទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជា ។ យើងសំខាន់ណាស់ដែលជាកម្លាំងស្នូលការផ្លាស់ប្ដូរជាវិជ្ជមានរបបផ្ដាច់ការនៅកម្ពុជា បើសិនជាបងប្អូនខ្មែរ ទូទាំងពិភពលោក យើងចេះគាំទ្រគ្នា យើងចេះចូលរួមជាមួយគ្នា យើងចេះសហការគ្នា គ្រប់ភាគី គ្រប់ស្ថាប័ន គ្រប់អង្គការ គ្រប់គណបក្ស ដែលប្រកាន់និន្នាការលទ្ធិប្រជាធិបតេយ្យ ដែលចង់បានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា នោះយើងនឹងឃើញពន្លឺនៃក្ដីសង្ឃឹម យើងនឹងអាចផ្លាស់ប្ដូររបបផ្ដាច់ការនៅក្នុងប្រទេសកម្ពុជា ឆាប់ៗនេះជាក់ជាមិនខាន…” ។

ទោះបីយ៉ាងណា ថ្លែងនៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា សម្ដេច ក៏រង់ចាំមើលបាតុកម្មនេះដែរ តើមានលក្ខណៈទ្រង់ទ្រាយធំប៉ុនណា?…។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវយើងក៏ចង់មើល តើបាតុកម្មនៅកូរ៉េ ស្អីៗ ត្រៀមធ្វើបាតុកម្ម ហើយខ្ញុំទទួលបានឃ្លីបហើយ ខ្ញុំក៏ចូលរួមស្តាប់ក្នុងពេលដែលលោកឯងប្រជុំ Zoom កាលពីម្សិលម៉្ងៃដែរ ខ្ញុំក៏ស្តាប់ដែរ មិនមែនបានសេចក្តីថា ខាងណេះគេងោះទេ សំឡេងអ្នកឯង នៅក្នុងទូរស័ព្ទរបស់ខ្ញុំនេះ តែខ្ញុំមិនបង្ហោះទេ Zoom អ្នកឯងនោះវាទៅណារួច? ហើយចង់អ្នកឯងប្រើស្អីក៏ដោយ និយាយគ្នាឱ្យច្បាស់អ៊ីចឹង គេធ្វើដល់រដ្ឋមួយ គេមិនមែនភ្លើទេអ៊ីចឹងៗនោះ បើគេភ្លើ គេមិនអាចកាន់អំណាចរយៈពេលទៅដល់ជិតកន្លះសតវត្សហើយទេ និយាយគ្នាឱ្យច្បាស់មើល! គេមិនស្គាល់អីដែលហៅថាសិទ្ធិមនុស្ស? ហើយអ្នកដែលរស់រានមានជីវិតរាល់ថ្ងៃ ដែលនៅក្នុងប្រទេសរាល់ថ្ងៃ តើសិទ្ធិមនុស្សទៅណាបាត់អស់ទៅ បើម៉្ងៃៗដើរគ្រប់តែកន្លែង ធ្វើស្អីក៏បានៗ តើអាហ្នឹងមានសិទ្ធិទេ? វាដូចជាកម្ពុជា ហ្នឹងមិនស្គាល់ច្បាប់ជាតិ ច្បាប់អន្តរជាតិ ហើយក៏ជូនសារទៅអ្នកទាំងឡាយនៅក្រៅប្រទេស ហើយប្រទេសទាំងឡាយដែលចេញមកទិតៀនកម្ពុជា សូមមើលខ្លួនឯង តើខ្លួនឯងមានច្បាប់ដកសញ្ជាតិអត់? ទាំងអាមេរិក ទាំងបារាំង ទាំងអស់គ្លេស ទាំងស្អី ប៉ុន្មានឆ្នាំមុន ពួកអាស៊ី ដែលកើតនៅអង់គ្លេស ក៏ដកសញ្ជាតិ អាល្លឺម៉ង់ ក៏ដកសញ្ជាតិ ហើយសូម្បីតែអាល្លឺម៉ង់ នៅឆ្នាំ២០២២ អាល្លឺម៉ង់ មានគម្រោងធ្វើរដ្ឋប្រហារ ហើយក៏មានការចាប់ខ្លួនមនុស្សមួយចំនួន ក្នុងនោះក៏មានបញ្ហាការចាប់ខ្លួនក្នុងការផ្តល់ព័ត៌មានឱ្យរុស្ស៊ី ដែរ ព្រះករុណាបិតា ព្រះអង្គធ្វើត្រូវ អាសម សារី នេះ សឺង ង៉ុកថាញ់ នេះ ដាប ឈួន នេះ បើព្រះអង្គមិនធ្វើ តើទុកឱ្យគេលូកប្រមាថអ៊ីចឹង? ទោសក្បត់ជាតិណា អាហ្នឹងគឺរឿងវាអ៊ីចឹង ហើយទីចុងបំផុត រកវិធីផ្តួលរលំព្រះករុណា ទាល់តែបាន។ អ៊ីចឹងមេរៀនអតីតកាល យើងមិនអាចប្តូរអតីតកាលបានទេ តែមេរៀនអតីតកាល វាដាស់តឿនយើង ឱ្យយើងប្រុងប្រយ័ត្ន។ ឯរឿងនេះមិនមែនរឿងថ្មីសម្រាប់កម្ពុជា ឯណា…”៕                                                                                                                   កុលបុត្រ

RELATED ARTICLES