ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាលកូនទាំងយប់ ខណៈដែលប្តីមិនបាននៅក្បែរ ក៏រៀបចំអីវ៉ាន់ដាក់កន្ត្រក រួចជិះម៉ូតូសំដៅទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូនដោយខ្លួនឯង និងបានសម្រាលកូនប្រុសម្នាក់ ដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥ នៅចំណុចឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។
ស្ត្រីដែលជិះម៉ូតូទៅសម្រាលកូននៅមន្ទីរពេទ្យ ដោយខ្លួនឯង មានឈ្មោះសារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ ចំណែកទារកដែលទើបនឹងសម្រាល គឺកូនទី៦។ ស្ត្រីរូបនេះ បានសម្រាលកូនស្រី មានទម្ងន់ ៣,៥គីឡូក្រាម និងមានសុខភាពល្អ ទាំងម្តាយនិងកូន។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ត្រីមានផ្ទៃពោះម្នាក់ ឈ្មោះសារិ សូភិ បានជិះម៉ូតូទៅសម្រាលកូននៅមន្ទីរពេទ្យ ដោយខ្លួនឯង ដោយមិនមានសាច់ញាតិឬប្តី ជូនទៅទេ លុះធ្វើដំណើរទៅដល់មណ្ឌលសុខភាពថាឡាបរិវ៉ាត់ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូន ដោយសុវត្ថិ ភាព ទាំងម្តាយនិងកូន ខណៈកូនប្រុសទើបនឹងសម្រាល មានទម្ងន់រហូតដល់ ៣,៥គីឡូក្រាម។
ស្ត្រីរូបនេះ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជន តាមបណ្តាញសង្គម ព្រោះតែឃើញសកម្មភាពស្ត្រីខាងលើ បើកម៉ូតូកញ្ចាស់ ១គ្រឿង ទៅឆ្លងទន្លេដោយខ្លួនឯង ទាំងយប់ដោយពាក់ភ្លើងពិល នៅលើក្បាល ស្ទើរមិនគួរជឿ។ យ៉ាងណា ក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនប្រុសម្នាក់ បានរយៈពេលប្រមាណជាង ២ម៉ោងក្រោយមក ក៏ឃើញបុរសជាប្តី បានទៅដល់ពេទ្យ មើលថែប្រពន្ធរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុក មួយ ឈ្មោះ Pheaktra Yong បានបង្ហោះរូបភាព ១សន្លឹក បង្ហាញពីស្ត្រីមានផ្ទៃពោះម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង និងមានពាក់ពិលលើក្បាលផង ទៅសម្រាលកូនដោយខ្លួនឯង ភ្ជាប់ជាមួយសំណេរថា “ខ្ញុំទប់ទឹកភ្នែកសឹងមិនជាប់ បងស្រីម្នាក់ គាត់ចូលទិញក្រដាសភ្លោះ ១ដុំ ក្រដាសសើម ១ដុំ ទាំងយប់ ម៉ោង១ជាង ស្រាប់តែខ្ញុំសួរគាត់ បងទៅណា? គាត់ថា មកពេទ្យ ឈឺពោះសម្រាល កូន ទាំងស្ថានភាពក្បាលពាក់កែវបំភ្លឺផ្លូវ ជិះម៉ូតូអត់ភ្លើង ម៉ូតូធាក់មិនចង់ឆេះទៀត រួចក៏សួរគាត់ ប្តីបងទៅណា ម៉េចមិនជូនមក? គាត់ឆ្លើយទាំងមិនចង់ឆ្លើយថា នៅផ្ទះ មិនដឹងថា គ្រួសារបងមានបញ្ហា ឬមានរវល់អី តែយ៉ាងហោចណាស់ ថ្ងៃឆ្លងទន្លេ គួរតែប្តីមកនៅក្បែរ (សុំទោសផងបង ដែលថតរូបមិនបានសុំអនុញ្ញាត)…”៕